
«ឥលូវនេះ មានបទល្មើសថ្មីមួយដែលលិចឡើងយ៉ាងសាហាវចុងក្រោយនៅកម្ពុជារបស់យើងនេះ។ ខ្ញុំយកឱកាសនេះដើម្បីបញ្ជាក់ថាវាមិនមែនជាបទល្មើសប្រពៃណីទេ គឺបទល្មើសមិនប្រពៃណី នោះគឺបទល្មើសឆបោកតាមប្រព័ន្ធគមនាគមន៍»។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះ នាឱកាសអញ្ជើញសម្ពោធសមិទ្ធផលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។
បើតាមសម្ដេចក្រឡាហោម បទល្មើសប្រឈមនេះក៏ពុងកើតឡើងនៅកម្ពុជា ក្នុងនោះរាជធានីភ្នំពេញ សម្ដេចទទួលបានពាក្យបណ្ដឹង១ករណី ប៉ុន្តែនៅកន្លែងផ្សេងទៀតមានច្រើនករណី ដោយសម្ដេចបន្ថែមថា«ជាពិសេសនៅកំពង់សោម។ ជនល្មើសមេក្លោងជួញដូរមនុស្សតាមប្រព័ន្ធគមនាគមន៍នេះកំពុងតែយកកម្ពុជាដើម្បីជាកន្លែងប្រព្រឹត្តបទល្មើសនោះ។ អ៊ីចឹងកម្ពុជាយើងជាកន្លែងរងគ្រោះ ពីព្រោះអ្នកប្រព្រឹត្តបទល្មើសជាមេក្លោងនោះ ៩៩.៩ភាគរយមិនមែនខ្មែរដែលនៅកម្ពុជា ហើយក៏មេខ្យល់ដែលរៀបចំបញ្ជូនមនុស្សចេញពីប្រទេសរបស់ខ្លួននោះក៏មិនមែនជាជនជាតិខ្មែរដែរ។
ជនជាតិទាំងនោះដែលសម្ដេច ស ខេង បានលើកឡើង មានដូចជា ចិន តៃវ៉ាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ ជាដើម ហើយដែលពួកមេខ្យល់ទាំងនោះសុទ្ធតែមានទំនាក់ទំនងជាមួយក្រុមមេខ្យល់នៅក្នុងប្រទេសកម្ពុជា ដើម្បីយកជនរងគ្រោះចូលមកឱ្យបម្រើការងារកន្លែងលេងល្បែងតាមប្រព័ន្ធទូរគមនាគមន៍ ឬអនអនឡាញជាដើម។ សម្ដេចបន្ថែមថា«ពេលដែលយើងសង្គ្រោះបាន គាត់ឆ្លើយថាអត់មានអ្នកណាធ្វើបាបគាត់ទេ។ អ្នកខ្លះគាត់ថាគាត់ក៏មិនបានប្ដឹង តែអ្នកដែលប្ដឹងគឺគ្រួសារគាត់ ម៉ែពុក ឬសាច់ញាតិ អ្នកខ្លះថាខ្លួនប្ដឹងមែន គេមិនបានវាយដំច្រំធាក់អ្វីទេ ប៉ុន្តែខ្ញុំមិនចង់នៅទេ ខ្ញុំចង់ចេញ»។
សម្ដេចបន្ថែមថាជនរងគ្រោះដែលថាមិនចង់នៅហើយចង់ចេញនោះ ក៏ព្រោះតែពួកគាត់ធ្វើការលើសម៉ោងឬមិនមានសិទ្ធិដើរហើរកំសាន្តកន្លែងផ្សេង ដោយថៅកែតម្រូវឱ្យតែនៅក្នុងបន្ទប់។ សម្ដេចអះអាងថានេះជាបទល្មើស«អាហ្នឹងប្រៀបមកដូចជាការបង្ខាំងមនុស្ស គ្រាន់តែបទល្មើសនោះធ្ងន់ឬស្រាលកម្រិតណាអាហ្នឹងអាស្រ័យលើតុលាការ ក៏ប៉ុន្តែនេះជាបទល្មើសមួយហើយ ជាការបិទសិទ្ធិ»។ ភ្ជាប់ទៅនឹងប្រធានបទនេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងនូវបញ្ហាប្រឈម ក្នុងនោះក៏រួមទាំងការចាត់កម្ពុជាចូលទៅក្នុងបញ្ជីប្រផេះនៃប្រព័ន្ធធនាគារអន្តរជាតិផងដែរ។
«បើកាលណាយើងមិនដោះចេញអាបញ្ជីប្រផេះ មិនខិតខំយកកម្ពុជាចេញពីបញ្ជីប្រផេះទេ វាអាចថ្ងៃណាមួយវាចូលទៅបញ្ជីខ្មៅ។ ខ្ញុំសង្ឃឹមថាវាមិនដល់ទេ តែយើងមិនត្រូវអត្តនោម័ត មិនត្រូវធ្វេសប្រហែស។ បើវាចូលបញ្ជីខ្មៅមែន ប្រព័ន្ធតាមធនាគារយើងវាចង់សេរ៉ូ(០) ព្រោះមុននឹងយើងទូទាត់បាន គេឆែកមើលចុះឡើងថាលុយហ្នឹងបមកពីណា លុយស្អាតឬមិនស្អាត លុយត្រឹមត្រូវឬមិនត្រូវ? ទម្រាំនឹងរកឃើញមិនដឹងថាចំណាយពេលវេលាអស់ប៉ុន្មាន។ នេះថាគ្រោះមហន្តរាយមួយធំសម្រាប់សេដ្ឋកិច្ចជាតិដែលចាំបាច់មានការយល់ដឹងទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាល និងវិស័យឯកជន បើចូលបញ្ជីខ្មៅហើយគឺប្រព័ន្ធធនាគាររដ្ឋ និងឯកជនជួបបញ្ហាដូចគ្នា»។
ថ្លែងអំពីមហន្តរាយដូចបានគូសបញ្ជាក់ខាងលើ សម្ដេចក្រឡាងហោម ស ខេង បានណែនាំឱ្យមន្រ្តីមានសមត្ថកិច្ចពន្លាតការងារសង្គ្រោះជនរងគ្រោះពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ សម្ដេចបន្ថែមថា«មិនមែនបានសេចក្ដីថាយើងគ្រាន់តែទៅយកជនរងគ្រោះបានហើយ យកមកសង្គ្រោះបានហើយតាមពាក្យបណ្ដឹងហ្នឹងទេ ត្រូវកសាងសំណុំរឿងអ្នកពាក់ព័ន្ធដើម្បីផ្ដន្ទាទោស»។ សម្ដេចបានអះអាងថាមិនអាចទទួលយកបានទេ ប្រសិនបើសមត្ថកិច្ចសង្គ្រោះតែជនរងគ្រោះ តែមិនចាត់ការជនល្មើស និងទីតាំងប្រព្រឹត្ត។ សម្ដេចថាករណីនេះអាចប៉ះពាល់ដល់កិត្កិយសកម្ពុជា ដ្បិតវាក៏ជាបទល្មើសមួយដែលមានអង្គការចាត់តាំងដែរ។
សូមបញ្ជក់ថាគិតត្រឹមរយៈពេលប្រមាណ២សប្ដាហ៍មកនេះ ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សប្រមាណជាង១០០ករណី ក្នុងនោះក៏មានជនរងគ្រោះនិងសាច់ញាតិប្រឹងត្រង់មកកាន់ហ្វេសប៊ុកផេកសម្ដេចក្រឡាហោម ស ខេង ដែរ។ សម្ដេចក្រឡាហោម ស ខេង បានចេញការអំពាវនាវចំនួន៣ភាសារ ទាំងភាសាខ្មែរ ចិន និងភាសាអង់គ្លេស ឱ្យសាធារណជនជាតិ និងអន្តរជាតិ ចូលរួមគាំទ្រការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា៕
