រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២៖ បន្ទាប់ពីទទួលបានជំនួយថវិកាចំនួនជាង ៣,៤ លានដុល្លារអាមេរិក ពីមូលនិធិ វិនិយោគលើ កុមាររបស់ចក្រភពអង់គ្លេស (CIFF) យូនីសេហ្វនឹងពង្រីកការងាររបស់ខ្លួនក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដើម្បីដោះស្រាយបញ្ហា ភាពស្គមស្គាំងធ្ងន់ធ្ងរ របស់កុមារ នៅក្នុងខេត្តចំនួនប្រាំមួយ ដែលនឹងអាចសង្គ្រោះជីវិតកុមារចំនួន ៥.២០០នាក់ បន្ថែមទៀត ក្នុងរយៈពេលបីឆ្នាំខាងមុខ។

UNICEF Cambodia/2021/Antoine Raab

ភាពស្គមស្គាំងធ្ងន់ធ្ងរជួនកាលត្រូវបានគេហៅថាបញ្ហាខ្វះអាហារូបត្ថម្ភស្រួចស្រាល់ ប៉ះពាល់ដល់កុមារកម្ពុជាមានអាយុក្រោមប្រាំឆ្នាំ ១នាក់ ក្នុងចំណោម ១០នាក់ ដោយពួកគេមានទម្ងន់ស្រាលបើធៀបនឹងកម្ពស់។ លទ្ធផលបឋម ពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១ បានបង្ហាញថា ក្នុងពេលដែលភាពក្រិសក្រិនរបស់កុមារបានធ្លាក់ចុះពី ៣៤% មក ២២% រវាងឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ ភាពស្គមស្គាំងធ្ងន់ធ្ងររបស់កុមារ នៅតែគ្មានការផ្លាស់ប្តូរ ពោលគឺស្ថិតនៅត្រឹម ១០% ដដែល។ ថវិកាថ្មីនេះនឹងផ្តល់លទ្ធភាពដល់យូនីសេហ្វដើម្បី គាំទ្រដល់ក្រសួងសុខាភិបាល ដើម្បីពង្រីក អន្តរាគមន៍ទប់ស្កាត់ និងព្យាបាល ភាពស្គមស្គាំងធ្ងន់ធ្ងរដោយ បង្កើនការផ្តល់សេវាថែទាំសុខភាពបឋមសំខាន់ៗជាក្នុង ខេត្តតាកែវ កំពង់ធំ សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង និងឧត្តរមានជ័យ។

ភាពស្គមស្គាំងធ្ងន់ធ្ងរជាទូទៅទាក់ទងនឹងស្ថានភាពសង្គមសេដ្ឋកិច្ចរបស់គ្រួសារ អសន្តិសុខស្បៀង ការផ្តល់ចំណីអាហារដល់កុមារមិនបានត្រឹមត្រូវ បញ្ហាខ្វះលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ឬបញ្ហាខ្វះអនាម័យ។
ភាពស្គមស្គាំងធ្ងន់ធ្ងរបានក្លាយជាការគំរាមកំហែងកាន់តែខ្លាំង ដោយសារផលប៉ះពាល់សង្គមសេដ្ឋកិច្ចដែលកំពុងបង្កដោយ ជំងឺកូវីដ-១៩ និងវិបត្តិនៅប្រទេសអ៊ុយក្រែន ដែលកំពុងប៉ះពាល់ដល់សន្តិសុខស្បៀងពិភពលោក និងធ្វើឲ្យតម្លៃទំនិញកើនឡើងនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ មានកុមារតិចជាង ១០ ភាគរយនៃកុមារប្រមាណ ៦០.០០០ នាក់ ដែលមានបញ្ហាស្គមស្គាំងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជាទទួលបានការព្យាបាល។

នៅក្នុងខែមីនា ឆ្នាំ២០២០ ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនប្រាំ រួមទាំងយូនីសេហ្វ បានចេញផ្សាយក្របខ័ណ្ឌសកម្មភាពសកល (GAP) ស្តីពីភាពស្គមស្គាំងធ្ងន់ធ្ងររបស់កុមារដោយមានគោលដៅពន្លឿនវឌ្ឍនភាពក្នុងការកាត់បន្ថយភាពស្គមស្គាំងកុមារនៅជុំវិញពិភពលោក។ នៅក្នុងខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខគេចំនួន២១ ដែលបានបង្កើតផែនទីបង្ហាញផ្លូវ GAP ដែល មានកំណត់នូវតម្រូវការថវិកាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផែនទីបង្ហាញផ្លូវនេះបានកំណត់ចំណុចដៅនៃការកាត់បន្ថយចំនួនកុមារដែលមានរោគសញ្ញាស្គាមស្គាំងធ្ងន់ធ្ងរពី១០% មកត្រឹម ៥% នៅត្រឹមឆ្នាំ២០២៥។

ផែនទីបង្ហាញផ្លូវនេះ បាននាំឲ្យមានកិច្ចពិភាក្សាតុមូលអន្តរវិស័យមួយ ដែលបានកំណត់ពីបញ្ហាខ្វះខាតថវិកាជាង៨លានដុល្លារអាមេរិក សម្រាប់ការកំណត់រក និងព្យាបាលបញ្ហាស្គមស្គាំងធ្ងន់ធ្ងររបស់កុមារ ។ ថវិកាថ្មីនេះគឺជា
លទ្ធផលចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងកៀរគរធនធានរបស់យូនីសេហ្វដើម្បីដោះស្រាយបញ្ហាខ្វះខាតថវិកានេះ។ ថវិកានេះនឹងចូលរួមចំណែកដល់ការបង្កើនដល់ទៅបួនដងនូវការព្យាបាលកុមារមានបញ្ហាស្គមស្គាំងធ្ងន់ធ្ងរពីចំនួន ៥.០០០ ទៅ ២០.០០០ នាក់ ក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០២៥ ផ្អែកតាមចំណុចដៅរបស់រាជរដ្ឋាភិបាល។ លើសពីនេះទៀត កុមារជាង ៩០០.០០០ នាក់ អាយុក្រោម៥ឆ្នាំ នឹងទទួលបានអត្ថប្រយោជន៍ពីការកំណត់រក
ការប្រឹក្សា និងការតាមដានការលូតលាស់ និងសេវាផ្សព្វផ្សាយ ដែល ត្រូវបានកែលម្អឲ្យមានភាពប្រសើរជាងមុនក្រោមថវិកានេះ។ ឪពុកម្តាយ និងអ្នកថែទាំជាង ៥០០.០០០ នាក់ ក៏នឹងទទួលបានអត្ថប្រយោជន៍ពីការបង្កើនចំណេះដឹងកាន់តែច្រើន និងឧបករណ៍នានាដើម្បីទប់ស្កាត់បញ្ហាខ្វះអាហារូបត្ថម្ភគ្រប់ទម្រង់។

លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ “ការពិតដ៏គួរឲ្យភ្ញាក់ផ្អើលគឺ កុមារដែលរងគ្រោះពីបញ្ហាស្គមស្គាំងធ្ងន់ធ្ងរ ទំនងជាអាចស្លាប់ដល់ទៅ ១១ ដងច្រើនជាងកុមារដែលមាន
អាហារូបត្ថម្ភគ្រប់គ្រាន់”។ កុមារដែលនៅរស់រាន មានជីវិតពីបញ្ហានេះ អាចនឹងជួបការលំបាក ក្នុងការអភិវឌ្ឍពេញមួយជីវិតរបស់ខ្លួន។ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូបានសម្រេចនូវលទ្ធផលជាច្រើន ដោយធ្វើការរួមគ្នាដើម្បី
កាត់បន្ថយបញ្ហាខ្វះអាហារូបត្ថម្ភ។ ប៉ុន្តែបច្ចុប្បន្ននេះមានកុមារម្នាក់ក្នុងចំណោម ១០នាក់ មានបញ្ហាស្គមស្គាំងធ្ងន់ធ្ងរក្នុងទម្រង់ដែលគ្រោះថ្នាក់បំផុត។ យើងត្រូវដោះស្រាយបញ្ហានេះដើម្បីឲ្យកុមារគ្រប់រូបអាចទទួលបានសិទ្ធិ
ក្នុងការលូតលាស់ និងរីកចម្រើន។ យើងសូមថ្លែងអំណរគុណជាអនេកចំពោះមូលនិធិ CIFF ដែលបានជួយយើងឲ្យខិតកាន់តែជិតទៅរកការសម្រេចបានគោលដៅនោះ។”

Share.