ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីបំភ្លឺ៣ទំព័រជាភាសាខ្មែរ និង៤ទំព័រជាភាសាអង់គ្លេស ដើម្បីជម្រះមន្ទិលមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជុំវិញកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។ បើតាមអ្នកនាំពាក្យក្រសួងការបរទេស ការបំភ្លឺនេះគឺជាការឆ្លើយតបរបាយការណ៍មួយចំនួនទាក់ទងនឹងករណីជនបរទេសដែលត្រូវបានលួង បោកបញ្ឆោតឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា។

ក្រសួងបានគូសបញ្ជាក់ពីការលើកឡើងអំពី«ភាពធ្ងន់ធ្ងរ» នៃបញ្ហានេះ និង «ស្ថានភាពដ៏អាក្រក់»ដែលជនរងគ្រោះទទួលរងហើយដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជាក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចដើម្បីជួយសង្គ្រោះជនរងគ្រោះក្នុងការប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលបាននិងកំពុងកើតឡើងនៅគ្រប់ទីកន្លែងក្នុងពិភពលោក។

ចំណុចទី១ គឺក្រសួងការបរទេសកម្ពុជា បានអះអាងថាស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជាមិនធ្ងន់ធ្ងរ និងអាក្រក់ដូចការលើកឡើងនោះទេ។ គឺបញ្ជាក់នេះ គឺដោយផ្អែកលើអ្នកនាំពាក្យក្រសួងមហាផ្ទៃដែលអះអាងថាមានតែ១៩ករណីប៉ុណ្ណោះ ក្នុងចំណោមពាក្យបណ្តឹងចំនួន១០៤ករណីដែលជាប់ពាក់ព័ន្ធនឹងការបង្ខាំង និងជំរិតទារប្រាក់។

ក្រសួងបានស្រង់ការចេញផ្សាយព័ត៌មានដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃបានឱ្យដឹងថាចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានបើកប្រតិបត្តិការចុះត្រួតពិនិត្យលើបណ្ដឹងចំនួន១០៤ករណី បានសង្គ្រោះមនុស្សចំនួន៩៦៨នាក់ និងបានឃាត់ខ្លួនជនសង្ស័យ៨២នាក់ ប៉ុន្តែក្នុងនោះមានតែ១៩ករណីប៉ុណ្ណោះដែលជាករណីបង្ខាំង និងជំរិតទារប្រាក់។

ចំណែកឯករណីក្រៅពីដូចបានបញ្ជាក់ខាងលើនេះ អ្នកនាំពាក្យអះអាងថាអាជ្ញាធរមានសមត្ថកិច្ចរកឃើញថាជាករណីវិវាទការងារ ទំនាស់កិច្ចសន្យា ការរឹតត្បិតសេរីភាព ផ្លាស់ប្តូរកន្លែង ធ្វើការងារផ្ទុយពីឆន្ទៈ ជំពាក់ប្រាក់ក្រុមហ៊ុន ឬគេចវេសមិនសង មិនពេញចិត្តស្ថានភាពរស់នៅ និងស្ថានភាពការងារ និងសាច់ញាតិព្រួយបារម្ភ ហើយប្ដឹងសមត្ថកិច្ចឱ្យតាមរកជាដើម។

ជុំវិញការបំភ្លឺចំណុចទី១នេះដែរ ក្រសួងការបរទេសបានស្រង់យកការលើកឡើងរបស់ប្រេសិតម៉ាឡេស៊ី ដែលអះអាងឆន្ទៈកម្ពុជាលើការងារនេះថា«អាជ្ញាធរកម្ពុជាកំពុងជួយយើងច្រើនណាស់។ ស្ថានទូតបាននិងកំពុងទាក់ទងជាមួយអាជ្ញាធរ កម្ពុជា ដើម្បីសង្គ្រោះជនជាតិម៉ាឡេស៊ីចេញពីកន្លែងដែលមានបញ្ហាទាំងនោះ។ “យើងក៏កំពុងទាក់ទងជាមួយស្ថានទូតផ្សេងទៀតដូចជាស្ថានទូតប្រទេសថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ីផងដែរ»។

ចំណែកចំណុចទី២នៃការបំភ្លឺវិញ ក្រសួងបានកត់សម្គាល់អំពីព័ត៌មានដែលចេញផ្សាយថាក្រសួងបានច្រានចោល ការចោទប្រកាន់ពាក់ព័ន្ធទៅនឹងក្រុមទុច្ចរិតជួញដូរសរីរាង្គមនុស្ស» ហើយក្នុងនោះដែរ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស បានច្រានចោលការចោទប្រកាន់នេះ » និងអះអាងថា«រហូតមកដល់ពេលនេះ មិនទាន់មានសូម្បីតែមួយករណីដែលក្រុមជួញដូរមនុស្សធ្វើការ វះកាត់យកសរីរាង្គពីជនរងគ្រោះទៅលក់។ រឿងទាំងនោះសុទ្ធតែ ជារឿងប្រឌិត »។

ចំពោះចំណុចទី៣នៃការបំភ្លឺ គឺក្រសួងការបរទេសបានទាញចំណាប់អារម្មណ៍មជ្ឈដ្ឋានជាតិ និងអន្តរជាតិឱ្យឃើញអំពីការដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សគ្រប់ទម្រង់ ក្នុងនោះរួមទាំងការស្រង់យកនូវសេចក្ដីអំពាវនាវរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

សម្ដេចក្រឡាហោម ដែលបានមានប្រសាសន៍ថាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ពលកម្មបង្ខិតបង្ខំ និងអាជីវកម្មផ្លូវភេទ ព្រម ទាំងបានបង្កើត «គណៈបញ្ជាការដឹកនាំប្រតិបត្តិការ» មានភារកិច្ចដឹកនាំ និងបញ្ហាដោយផ្ទាល់នូវ ប្រតិបត្តិការបង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះ។

សាធារណជន សហគមន៍ជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចរបស់មិត្តភ័ក អន្តរជាតិ សូមបន្តសហការផ្តល់ព័ត៌មានតាមរយៈ Facebook: Samdech Krolahom Sar Kheng, Cambodian Deputy PrimeMinister ឬលេខទូរស័ព្ទ Hotline របស់អគ្គស្នងការដ្ឋាននគរបាលជាតិ: ១១៧ និង (+៨៥៥) ៣១២០១ ២៣៤៥ ៣- ទំព័រ Facebook: អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of National Police ឬទំព័រ Facebook: អគ្គនាយកដ្ឋានអន្តោប្រវេសន៍ -Gereral Department of Immigration-GDI។

សូមបញ្ជាក់ថាកម្ពុជាត្រូវបានក្រសួងការបរទេសអាមេរិកទម្លាក់ចំណាត់ថ្នាក់ដល់លេខ៣ដែលជាចំណាត់ថ្នាក់បញ្ជាក់ថាប្រទេសមួយនេះគ្មានឆន្ទៈទាល់តែសោះក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចាត់ទុកចំណាត់ថ្នាក់នេះថាមិនឆ្លុះបញ្ចាំងពីការពិតទាំងស្រុងនោះទេ។ យ៉ាងណាក៏ដោយសម្ដេចបានអះអាងថាវាក៏ជាផ្នែកមួយដែលជួយពង្រឹងបន្ថែមលើការងារនេះរបស់អាជ្ញាធរកម្ពុជាផងដែរ។

រហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធរាយការណ៍ព័ត៌មានដូចបានលើកឡើងខាងលើនោះ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ និងសាច់ញាត់ជាង១០០ករណី ហើយមន្រ្តីមានសមត្ថកិច្ចកម្ពុជាក៏បានចាត់វិធានការណ៍សង្គ្រោះជនរងគ្រោះបានជាបន្តបន្ទាប់ផងដែរ។ យ៉ាងណាក៏ដោយ សម្ដេចបានបញ្ជាឱ្យមន្រ្តីមានសមត្ថកិច្ចពន្លាតការងារនេះឱ្យលើសពីការសង្គ្រោះជនរងគ្រោះ ទោះជាគ្មានការបង្ខាំង ឬធ្វើទារុណកម្មក៏ដោយ ដ្បិតសម្ដេចអះអាងថាតិចឬច្រើន ថៅកែឬអ្នកពាក់ព័ន្ធផ្សេងទៀតអាចចាប់ពាក់ព័ន្ធនឹងបទល្មើស រួមទាំងទីតាំងប្រព្រឹត្តដែលអាចជាកន្លែងលេងល្បែងខុសច្បាប់តាមប្រព័ន្ធទូរញមនាគមន៍៕

Share.