គណនីមួយបានចែករំលែកវីដេអូ ហើយបានភ្ជាប់សំណេរហាក់មានចរិតញុះញង់ និងចោទប្រកាន់ឯកឧត្តម ស សុខាថា បានបបង្គាប់បញ្ជាប្រដៅឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម ហ៊ុន ម៉ានី ដែលជាកូនរបស់នាយករដ្ឋមន្រ្តី ដែលញាំងឲ្យឯកឧត្តម ស សុខា ស្នើសុំកុំចែករំលែក និងភ្ជាប់ខ្លឹមសារនោះ។ តើខ្លឹមសារនោះដូចម្ដេច?

«លោក ស សុខា កូនលោក ស ខេង ប្រដៅកូន ហ៊ុន សែនទាំងពីរ»។ នេះជាខ្លឹមសារមួយដែលបានសរសេរដោយគណនីឈ្មោះ Samdach Ratana TV។ សំណេរនេះ ត្រូវឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ និងជាកូនប្រុស សម្ដេចក្រឡាហោម ស ខេង បានឆ្លើយតបថា «ខ្ញុំមិនទោមនស្សរាល់ការបញ្ចេញមតិរបស់លោកនោះទេ។ ប៉ុន្តែខ្ញុំសុំលោកម្យ៉ាង កុំយកវិឌីអូឃ្លីបរបស់ខ្ញុំ ដែលមានខ្លឹមសារផ្សេងទៅបង្ហោះដាក់ចំណងជើងផ្សឹង ដែលបង្កប់ដោយចេតនាញុះញុង់ ឬចោទប្រកាន់ខ្ញុំថាបង្គាប់បញ្ជាប្រដែលប្រដៅបុគ្គលនេះបុគ្គលនោះ ជាពិសេសកូនសម្ដេចតេជោនាយករដ្ឋមន្រ្តី ដូចជា ឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្ដម ហ៊ុន ម៉ានី ជាដើម»។

ឯកឧត្តម ស សុខា បានរៀបរាប់នៅលើផេករបស់ខ្លួនទៀតថា «អ្វីដែលខ្ញុំមិនអាចទទួលយកបាន លោកថា ខ្ញុំក៏ចង់ធ្វើជានាយករដ្ឋមន្រ្តីដែរនោះ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំកើតមកមិនមែនដើម្បីប្រកួតប្រជែងនោះទេ។ ជាការពិតខ្ញុំនៅក្នុងគណបក្សមួយ។ យើងត្រូវគោរពសេចក្ដីសម្រេចរបស់គណបក្សក្នុងការរៀបចំចាត់ចែងរចនាសម្ព័ន្ធដឹកនាំប្រទេសនៅពេលដែលគណបក្សឈ្នះឆ្នោត។ ជាក់ស្ដែង ឯកឧត្តមហ៊ុន ម៉ាណែត ត្រូវបានគណបក្សបោះឆ្នោតជាបេក្ខជនបន្តវេននាពេលអនាគត ដែលក្នុងនោះខ្ញុំក៏ជាមនុស្សម្នាក់គាំទ្រលោកដែរ»។
ឯកឧត្តម សុខា បានរៀបរាប់ទៀតថា «ថាជាភ័ព្វសំណាងរបស់ខ្ញុំក៏ថាបាន ដែលកើតមកក្នុងត្រកូលខ្ពង់ខ្ពស់មួយ។ តែអ្វីដែលជាស្មារតីពិតប្រាកដរបស់ខ្ញុំ មិនមែនកើតមកសម្រាប់ជាការប្រកួតប្រជែងនោះទេ តែជាការចូលរួមចំណែកឲ្យអស់ពីលទ្ធភាពដើម្បីប្រយោជន៍យុវជន ប្រជាជន និងសង្គមជាតិទាំងមូល។ ពោលគឺខ្ញុំមិនធ្វើជាចំណែកនៃបញ្ហានោះទេ តែខ្ញុំប្ដេជ្ញាធ្វើជាចំណែកនៃដំណោះស្រាយសង្គមវិញ»។


«ជារួមទាំងពីរចំណុច ដែលលោកទម្លាក់កំហុសលើខ្ញុំនេះ ជាសារមួយដែលមិនអាចទទួលយកបាន និងជារឿងអយុត្តិធម៌សម្រាប់ខ្ញុំ។ ខ្ញុំនៅតែនិយាយដដែលថា នេះជាយុទ្ធសាស្ត្របំបែកបំបាក់ផ្ទៃក្នុង ដែលពុំធ្លាប់មានប្រសិទ្ធភាពម្ដងណាឡើយ។ ពួកយើងមានតែការសាមគ្គីផ្ទៃក្នុងគ្រប់ស្រទាប់ ឋាន: និងគ្រប់រូបភាព។ និយាយឲ្យអស់ទៅ យើងតែងជួបគ្នាគ្រប់មធ្យោបាយ ទាំងក្នុងក្របខ័ណ្ឌទំនាក់ទំនងរាប់អាន និងជាពិសេសកិច្ចការជាប្រយោជន៍ជាតិ ប្រកបដោយការគោរព ការយល់ចិត្តយល់ថ្លើម ក្នុងស្មារតីជិះទូកតែមួយទៅកាន់ត្រើយតែមួយ»។ ឯកឧត្តម ស សុខា បន្ថែម។
ឯកឧត្តម ស សុខាបានបន្ថែមថា «ទោះបីយើងបក្សផ្សេងគ្នា រស់នៅប្រទេសខុសគ្នា ជំហរទស្សន: និងការមើលឃើញមួយជ្រុងផ្សេងគ្នាមែន តែសូមយើងប្រកាន់ចរិតជាខ្មែរតែមួយ។ យើងគួរមានមោទនភាពដែលបានកើតជាខ្មែរ ជ្រោមជ្រែងរួបរួមគ្នា ដើម្បីកម្ពុជារុងរឿង»។
