
«ខ្ញុំមានសេចក្តីរន្ធត់ចិត្តយ៉ាងខ្លាំងដោយបានទទួលដំណឹងថាព្រះមហាក្សត្រីយានី អេលីហ្សាប៊ែតទី២ (Elizabeth II) បានសោយទីវង្គតក្នុងព្រះជន្មាយុ ៩៦ ព្រះវស្ស»។ នេះជាសំណេរក្នុងលិខិតរំលែកមរណទុក្ខដែលសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាផ្ញើជូនឯកឧត្តម Sir Lindsay Harvey Hoyle ប្រធានរដ្ឋសភានៃចក្រភពអង់គ្លេស។
សម្ដេចពញាចក្រី បានរៀបរាប់ក្នុងលិខិតនោះទៀតថាស្ថិតក្នុងពេលវេលាដ៏ក្រៀមក្រំបំផុតនេះក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចសម្តែងនូវសមាន្តទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះឯកឧត្តមប្រធាន ក្រុមគ្រួសារ នៃសព និងប្រជាជននៃចក្រភពអង់គ្លេសទាំងមូល ចំពោះការបាត់បង់ព្រះមហា ក្សត្រីយានីជាទីស្រឡាញ់។
សម្ដេចបន្តថា«រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមកាន់មរណទុក្ខចំពោះព្រះសពព្រះ មហាក្សត្រីយានីអេលីហ្សាប៊ែតទី២ ជាមួយនឹងបងប្អូនជនរួមជាតិអង់គ្លេស។ កេរដំណែល និងការលះបង់ដ៏ធំធេងរបស់ព្រះមហាក្សត្រីយានីចំពោះប្រទេសជាតិ នឹងត្រូវ ចងចាំជានិច្ចដោយប្រជានុរាស្ត្រអង់គ្លេសគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាប្រជាជនជាច្រើននៅជុំ វិញពិភពលោកផងដែរ»។

ក្នុងសាររំលែកមរណទុក្ខនោះដែរ សម្ដេចប្រធានរដ្ឋសភាក៏បានឆ្លៀតគូសបញ្ជាក់ថាប្រទេសកម្ពុជា និងចក្រភពអង់គ្លេសបានភ្ជាប់ចំណងមិត្តភាព ជាមួយគ្នាជាយូរណាស់មកហើយ ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ខណៈដែល ប្រទេសទាំងពីរក៏បានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគ្នាលើវិស័យមួយចំនួន ទាំងក្នុងកម្រិត ទ្វេភាគី និងពហុភាគី ដើម្បីបន្តពង្រឹង និងពង្រីកនូវចំណងមិត្តភាពដែលមានស្រាប់នេះ។
បើតាមសម្ដេច ទំនាក់ទំនងនេះក៏បានបម្រើឧត្តមប្រយោជន៍ នៃប្រជាជន នៃប្រទេសទាំងពីរនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។ ជាមួយនឹងការចូលរួមមរណទុក្ខការសោយទិវង្គតព្រះមហាក្សត្រីយានី សម្ដេច ហេង សំរិន ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចក្រភពអង់គ្លេសដែល បានផ្តល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសកម្ពុជា។
ព្រះមហាក្សត្រីយានី អេលីហ្សាបេតទី២ (Queen Elizabeth II) បានយាងសោយទិវង្គតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ។ ក្រៅពីចក្រភពអង់គ្លេស ព្រះអង្គជាព្រះមហាក្សត្រិយ៍ និងជាប្រមុខរដ្ឋនៃប្រទេសសរុបចំនួន១៤៕

