រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ឯកឧត្តម  ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធដែលបានជួយសង្គ្រោះពលរដ្ឋពលរដ្ឋខ្លួនពីអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោក។ ការថ្លែងអំណរគុណនេះ​បានធ្វើឡើងនៅពេលដែលឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលបានមកបំពេញទស្សនកិច្ចការងាររយៈពេលខ្លីនៅ រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

បើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយមុននេះបន្តិចរបស់ក្រសួងការបរទេសកម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងសមភាគីម៉ាឡេស៊ី បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោក។ «ឯកឧត្ដម​រដ្ឋមន្ត្រីការបរទេស ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា បានសម្ដែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ដែលបានផ្តល់ «ជំនួយជាច្រើន» និងបានបំពេញ «ការងារដ៏ល្អ» ក្នុងការជួយសង្រ្គោះជនរងគ្រោះ»។ នេះបើតាមប្រភពដដែល។

រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ីក៏បានគូសបញ្ជាក់ផងដែរថា មានជនជាតិ ម៉ាឡេស៊ីជាច្រើននាក់ដែលចូលមកកម្ពុជា ដើម្បីធ្វើជំនួញ និងធ្វើការយ៉ាងជោគជ័យ ហើយមានតែមួយចំនួនតូចប៉ុណ្ណោះដែលរងគ្រោះដោយសារការបោកប្រាស់ការងារ។ ចំណែកឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនឯកឧត្ដមរដ្ឋមន្ត្រីការបរទេស ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា ថាឧក្រិដ្ឋកម្មទាំងនេះកើតឡើងនៅគ្រប់ប្រទេស មិនថាជាប្រទេសតូច ឬធំនោះទេ។

«យើងទាំងអស់គ្នាត្រូវតែប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ ដោយគូសបញ្ជាក់ថាមធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហានេះ គឺត្រូវរួមដៃគ្នា និងមានកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានធានាចំពោះសមភាគីរបស់ឯកឧត្ដម អំពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងការធ្វើការជាមួយស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ»។ នេះជាការគូសបញ្ជាក់ពីប្រមុខការទូតកម្ពុជាដែលក្រសួងការបរទេសស្រង់មកចេញផ្សាយក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន៕

Share.