ភ្នំពេញ ៖ រថយន្តTUNTRAមួយគ្រឿង ខឹងជាងសំណង់ឈប់ចតម៉ូតូទុកទើសផ្លូវ មិនស្រែកប្រាប់ ឬសុីផ្លេរ កម្ចាស់ទេ បើករថយន្តបំបុកតែម្តង បណ្តាលឲ្យខ្ទេចម៉ូតូ២គ្រឿង ខ្ទាតទៅត្រូវជើងស្ត្រីពោះធំម្នាក់ក្បែរនោះ ផ្អើលអ្នកភូមិ លាន់មាត់គ្រប់គ្នា កាចម្លឹងៗ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ មានជាងសំណង់២នាក់ ជិះម៉ូតូទៅចតទុកនៅមុខច្រកផ្លូវ មួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1I-5835 និងមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IP-6032 ហើយម្ចាស់ម៉ូតូទៅធ្វើការសំណង់ជាប់នោះបាត់ ស្រាប់តែរថយន្តបង្ក ម៉ាកTUNTRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-7327 បើកដោយបុរសចិត្តភ្លើងម្នាក់ មកដល់ ឃើញម៉ូតូ២គ្រឿងចតទើសផ្លូវចូលផ្ទះ ក្តៅចិត្តឆេវ មិនខ្ចីហៅសួររកម្ចាស់ ហើយក៏មិនសុីផ្លេដែរ បើកបំបុកតែម្តង បណ្តាលឲ្យខ្ទេចទាំង២គ្រឿង ប៉ើងខ្ទាតទៅត្រូវជើងស្ត្រីពោះធំម្នាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ រីឯរថយន្តបង្កបើកចូលទៅក្នុងផ្ទះបាត់ ។

ក្រោយកើតហេតុ ពលរដ្ឋអ្នកភូមិលាន់មាត់គ្រប់គ្នា ចុះកាចអ្វីម្លឹងៗ ត្រូវបានសមត្ថកិច្ច ទាំងជំនាញចរាចរ និងព្រហ្មទណ្ឌ ចុះទៅយកម៉ូតូទាំង២គ្រឿង រថយន្តមួយគ្រឿង និងម្ចាស់អ្នកបើកផង ទៅអធិការដ្ឋានខណ្ឌកំបូល ដើម្បីសាកសួរ ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.