ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះជួលជួសជុលម៉ូតូ មួយកន្លែង ខូចខាតអស់ទ្រព្យសម្បត្តិខាងក្នុងផ្ទះ ក្នុងនោះមានម៉ូតូ២គ្រឿងផងដែរ បង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹក ពលរដ្ឋអ្នកភូមិ សមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ ពន្លត់ភ្លើង ដែលដើមចមមកពីម្ចាស់បូមសាំងយកទៅជួសជុលម៉ូតូ តែក្បែរចង្ក្រានហ្គាសកំពុងដាំបាយ ឆាបឆេះរាល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅផ្ទះជួលតាមផ្លូវបេតុង ជាប់សាលាសាមគ្គី ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ឈិន វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជាកំលោះចាស់ មុខរបរជួសជុលម៉ូតូ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ ៣នាក់ ម្តាយជាយុ៧៦ឆ្នាំ និងក្មួយប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិតាពៅ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ។

បើតាមពលរដ្ឋក្បែរខាងបានឲ្យដឹងថា បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះត្រូវធ្វើការជួសជុលម៉ូតូវីវ៉ាមួយគ្រឿង ចតដាក់នៅរោងសំយ៉ាបមុខផ្ទះ ហើយទៅបូមសាំងក្នុងបំណងយកទៅសម្រាប់ជួសជុលម៉ូតូនោះ ខណៈដែលកំពុងបូបសាំង ចំហាយភាយដល់ចង្ក្រានហ្គាស ដែលកំពុងដាក់ដាំបាយជាប់នោះ ទើបបង្កក្លាយជាអគ្គិភ័យ ឆាបឆេះ ក្នុងផ្ទះរហូតដល់ជាន់លើ បណ្តាលឲ្យរងខូចខាតអស់ទ្រព្យស្បត្តិក្នុងផ្ទះ ទាំងគ្រឿងបន្លាស់ម៉ូតូ ខោអាវ ម៉ូតូរបស់ជនរងគ្រោះ២គ្រឿងភ្លើងឆេះ ហុងដាគុបមូល ឆេះទាំងស្រុង ហុងដាឌ្រីម ឆេះមួយកំណាត់ និងសម្ភារៈផ្សេងៗទៀត សរុបរាប់ពាន់ដុល្លារ តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើ ត្រូវបានបងប្អូនអ្នកភូមិ យកបំពង់ពន្លត់អគ្គិភ័យជាច្រើនធុងបាញ់ពន្លត់ភ្លើង ហើយកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងរបស់ស្នងការរាជធានីភ្នំពេញ ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ៕
អត្ថបទ៖ តាតុង សែនជ័យ

