
សាកលវិទ្យាល័យជាតិបាត់ដំបង បានសហការជាមួយសាកលវិទ្យាល័យដៃគូរួមមានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំដើម្បីរៀបចំកម្មវិធីទិវាព័ត៌មាន (FOODI INFO DAY) នៅក្នុងគម្រោងបរិញ្ញាបត្រជាន់ខ្ពស់កែច្នៃអាហារ និងនវានុវត្តន៍ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាលវិទ្យាល័យជាតិបាត់ដំបងនៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២។ លោកបណ្ឌិត និត ប៊ុនឡៃ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧត្តមសិក្សា តំណាងគ្រឹះស្ថានឧត្តមសិក្សាទាំងបួន បុគ្គលិកអប់រំ និងនិស្សិតប្រមាណជា ៧០នាក់បានចូលរួមក្នុងទិវានេះ។
ទិវានេះមានគោលបំណងចម្បង ក្នុងការផ្សព្វផ្សាយពីវឌ្ឍនភាពនៃគម្រោងបរិញ្ញាបត្រជាន់ខ្ពស់កែច្នៃអាហារ និងនវានុវត្តន៍ ការចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុភាពទាក់ទងនឹងការគ្រប់គ្រងការផលិតចំណីអាហារ ឧស្សាហកម្មកែច្នៃចំណីអាហារនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា។
លោកស្រីបណ្ឌិតសាស្រ្តាចារ្យរង រ៉ូសមីនី អូម៉ា ព្រឹទ្ធបុរសមហាវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ អាសម៉ាន់ហាស៊ីម នៃសាកលវិទ្យាល័យបច្ចេកវិទ្យាម៉ាឡេស៊ី និងជាអ្នកសម្របសម្រួលគម្រោងបានធ្វើបឋកថាគន្លឹះលើប្រធានបទ៖ «ការគ្រប់គ្រងចំណីអាហារក្រោយការរាតត្បាតជម្ងឺកូវីដ១៩ តាមរយៈការបណ្តុះបណ្តាលបរិញ្ញាបត្រជាន់ខ្ពស់កែច្នៃអាហារ និងនវានុវត្តន៍ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ»។

លោកអ៊ុល តុលា ជាប្រធានប្រតិបត្តិការក្រុមហ៊ុនអាហារម៉ីសូតា (MISOTA FOOD Company) បានធ្វើបឋកថាគន្លឹះលើប្រធានបទ៖ «ឧស្សាហកម្មអាហារនៅប្រទេសកម្ពុជា សម្រាប់ទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងការនាំចេញ»។ លោកបានចែករំលែកចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងការកែច្នៃអាហារ នវានុវត្តន៍ និងការគ្រប់គុណភាពនៃផលិតរបស់ក្រុមហ៊ុនម៉ីសូតា។
គម្រោង FOODI មានគោលបំណងសំខាន់ៗដូចជា កែលម្អគុណភាពអប់រំកម្រិតឧត្តមសិក្សានៅប្រទេសអាស៊ីទាំងបីរួមមានកម្ពុជា ម៉ាឡេស៊ី និងថៃ, កែលម្អកម្រិតសមត្ថភាព និងជំនាញកម្រិតខ្ពស់សម្រាប់ទីផ្សារការងារក្នុងប្រទេស និងក្រៅប្រទេស, បើកបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់កែច្នៃអាហារ និងនវានុវត្តន៍ នៅតាមសាកលវិទ្យាល័យដៃគូ, លើកកម្ពស់សមត្ថភាពនវានុវត្តន៍ និងអន្តរជាតូបនីយកម្មនៅក្នុងគ្រឹះស្ថានឧត្តមសិក្សាតាមរយៈការបង្កើតមជ្ឈមណ្ឌលឧត្តមភាពក្នុងការកែច្នៃអាហារ និងនវានុវត្តន៍ (FOODI)

គម្រោង FOODI នេះជាផ្នែកមួយនៃគម្រោងសហប្រតិបត្តិការដើម្បីនវានុវត្តន៍ និងការផ្លាស់ប្តូរឧត្តមានុវត្តន៍ក្នុងការកសាងសមត្ថភាពនៅកម្រិតឧត្តមសិក្សា ដោយបានទទួលហិរញ្ញប្បទានពីសហគមន៍អ៊ឺរ៉ុប ដែលមានដៃគូសរុបចំនួន១៣អង្គភាព។ ដៃគូទាំងនោះរួមមាន ប្រទេសកម្ពុជា រួមមានក្រសួងអប់រំ យុវជន និងកីឡា, សាកលវិទ្យាល័យជាតិបាត់ដំបង, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យស្វាយរៀង, និងសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ។
ដោយឡែកដៃគីក្រៅប្រទេសរួមមានសាកលវិទ្យាល័យអេជីន, រីដឡេប, និងមហាវិទ្យាល័យមេត្រូប៉ូលីតានអាថែននៃប្រទេសក្រិក, សាកលវិទ្យាល័យសិនឡេណូនៃប្រទេសអ៊ីតាលី, សាកលវិទ្យាល័យឌូប្លីននៃប្រទេសអៀកឡង់, សាកលវិទ្យាល័យបច្ចេកវិទ្យាម៉ាឡេស៊ី សាកលវិទ្យាល័យម៉ាឡាយ៉ា, សាកលវិទ្យាល័យបច្ចេកវិទ្យាម៉ារ៉ា, និងសាកលវិទ្យាល័យកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី ព្រមទាំងសាកលវិទ្យាល័យព្រីនសុងក្លា និងវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ីនៃប្រទេសថៃ៕



