
អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានជួយសម្របសម្រួលករណីគ្រោះថ្នាក់ចរណ៍មួយកើតឡើងនៅចំណុចមុខអនុវិទ្យាល័យ និងសាលាបឋមសិក្សាស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្នុងពេលឯកឧត្តមកំពុងធ្វើដំណើរបំពេញបេសកកម្ម។ នេះបើតាមការបង្ហោះឱ្យដឹងលើទំព័រហ្វេសប៊ុកផ្ទាល់របស់ឯកឧត្តមអភិបាលខេត្ត។
«ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងពេលចុះបំពេញការងារនៅមូលដ្ឋាន ខ្ញុំបាទបានជួយសម្របសម្រួលនៅហ្នឹងកន្លែងករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅចំណុចមុខអនុវិទ្យាល័យ និងសាលាបឋមសិក្សាស្រះកែវ ក្នុងឃុំមេលំ ស្រុកបរិបូណ៌ ដែលបណ្ដាលឲ្យរបួសកុមារាម្នាក់» នេះជាសំណេរអភិបាលខេត្តលើទំព័រហ្វេសប៊ុក។
ជាមួយគ្នានឹងការចុះជួយសម្របសម្រួលករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានឲ្យរថយន្តផ្ទាល់របស់ខ្លួន ដឹកកុមាររងគ្រោះទៅកាន់មន្ទីរពេទ្យ និងបានជូនថវិកាមួយចំនួនដល់គ្រួសារកុមាររងគ្រោះ ហើយថាភាគីទាំងពីរបានឯកភាពស្រុះស្រួលគ្នាទទួលយកដំណោះស្រាយសមស្របអាចទទួលយកបានទាំងអស់គ្នា។
ភ្ជាប់នឹងការផ្ដល់ជូនព័ត៌មានខាលើនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអំពាវនាវប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ទាំងអស់គ្នា។ ឯកឧត្តមបន្ថែមថា«សូមបងប្អូនបើកបរដោយប្រុងប្រយ័ត្ន ចេះយោគយល់គ្នាទៅវិញទៅមក និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា»៕



