អ្នកជំងឺកូវីដចំនួន៣៧នាក់ក្នុងនោះមាន ស្រ្តី២៣នាក់នៅស្រុកស្រែអំបិលខេត្តកោះកុង បានជាសះស្បើយនិងត្រូវបានអនុញ្ញាត ឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយនៅពេលនេះ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងឱ្យដឹងនៅថ្ងៃទី៩ ខែមិថុនានេះថា អ្នកជំងឺកូវីដដែលជាសះស្បើយនោះ ភាគច្រើនជាពលរដ្ឋរស់នៅក្នុងភូមិសិលាម្នាង ភូមិផ្លោង នៅឃុំបឹងព្រាវ និងភូមិវាលជើង ភូមិខ្លុង ឃុំស្រែអំបិល។ ក្រៅពីមូលដ្ឋានស្រុកស្រែអំបិល ក៏មានអ្នកជាសះស្បើយពីកូវីដចំនួន២នាក់ផងដែរនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង កាលពីថ្ងៃ៨ មិថុនា ម្សិលមិញ។

បើតាមប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ភាពជោគជ័យលើការព្យាបាលអ្នកជំងឺ កូវីដ១៩នៅពេលនេះ ដោយសារតែក្រុមការងារបានប្រឹងប្រែងតាមដានពិនិត្យព្យាបាល ស្វែងរកអ្នកពាក់ព័ន្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍បន្ត គិតចាប់តាំងពីថ្ងៃទី២២ ខែឧសភា រហូតដល់ម៉ោងនេះ។

លោកវេជ្ជបណ្ឌិតក៏បានរំលឹកឲ្យអ្នកជំងឺកូវីដដែលជាសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញ ចាំបាច់បន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ចាប់ខ្ជួន តាមរយៈការដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រក្សាគម្លាតកុំទៅកន្លែងប្រមូលផ្តុំមានមនុស្សច្រើន ពាក់ម៉ាស់ និងលាងដៃនឹងសាប៊ូ ឬ  អាល់កុលជាដើម។

លោកថា ក្រុមការងារ ឆ្លើយតបបន្ទាន់នឹងជំងឺឆ្លងរបស់មន្ទីរសុខាភិបាលខេត្ត ស្រុក កំពុងស្រាវជ្រាវរកអ្នកប៉ះពាល់បន្តទៀត ដោយតម្រូវឱ្យធ្វើចត្តាឡីស័ក និងយកសំណាកពិនិត្យរកកូវីដ-១៩។

សព្វថ្ងៃនេះ ក្នុងខេត្តកោះកុងមានអ្នកជំងឺកូវីដដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រែអំបិលចំនួន៣៧នាក់/ស្រី ២៩នាក់/ក្មេង១០នាក់។ នៅមណ្ឌលអគារព្យាបាលវិទ្យាល័យស្រែអំបិលចំនួន៩៣នាក់/ស្រី៥២នាក់/ក្មេងចំនួន២៩នាក់ និងនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង មានចំនួន២នាក់/ស្រី១នាក់៕

អត្តបទ៖ សិទ្ធី

Share.