កាលពីថ្ងៃច័ន្ទកន្លងទៅ តារាចម្រៀងរ៉ែបអាមេរិកត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារយ៉ាងហោចណាស់កន្លះសតវត្សរ៍ (50ឆ្នាំ) ពីបទល្មើសចាប់រំលោភជាច្រើនករណី។

តារាចម្រៀងវ័យ២៧ឆ្នាំ Kaalan Walker បានក្លាយជាអ្នកទោសកាលពីខែមេសា ពីចាប់បង្ខំរំលោភចំនួន៣ករណី ២ករណីទៀតជាប់ទោសរំលោភស្របច្បាប់ និងពីរករណីទៀតរំលោភដាក់ថ្នាំ។ នេះបើយោងតាមការរៀបរាប់ពីការិយាល័យមេធាវីរបស់ក្រុងឡូអែនជឺឡែស។

កាលពីឆ្នាំ២០១៨ Walker ត្រូវបានចាប់ខ្លួននិងដោះលែងឱ្យនៅក្រៅឃុំវិញ ប៉ុន្តែក្រោយត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីតុលាការកាត់សេចក្ដី នេះបើយោងតាមការប្រកាសរបស់ភ្នាក់ងារព័ត៌មានក្រុង។

ជនរងគ្រោះដែលរងអំពើរំលោភបំពានពីតារាចម្រៀងរ៉ែបនេះសុទ្ធតែជាតារាម៉ូដែល ពួកគេបាននិយាយថាតារាចម្រៀងរ៉ែប Walker បានទាក់ទងទៅពួកគេតាមរយៈបណ្ដាញសង្គម ដោយយកការជួយលើអាជីពការងារជាធ្នាក់ទាក់ទង។
Walker បានដាក់អន្ទាក់ជនរងគ្រោះឱ្យមកកាន់ទីតាំងរបស់ខ្លួនដោយប្រាប់ថាមានការថតបទចម្រៀង ឬក៏និយាយថាឱ្យមកជួបដើម្បីគេណែនាំឱ្យស្គាល់មនុស្សមានមុខមាត់ក្នុងសិល្បៈ។ នៅពេលគេមានឱកាសនៅតែពីរនាក់ជនរងគ្រោះ គេបានចាប់បង្ខំបៀតបៀនផ្លូវភេទ នេះបើតាមការរៀបរាប់របស់ជនរងគ្រោះប្រាប់ដល់ប៉ូលិស។

តារាចម្រៀងរ៉ែបរូបនេះ មានឈ្មោះសិល្បៈ KR គេបានប្រឡូកចូលសិល្បៈដំបូងកាលពីឆ្នាំ២០១៧ ហើយធ្លាប់បានសម្ដែងជាតួអង្គជើងកាងក្នុងភាពយន្ត «Superfly» កាលពីឆ្នាំ២០១៨។ នៅក្នុងឆ្នាំ២០១៧ លោកបានសម្ដែងភាពយន្ត «Kings» សម្ដែងរួមជាមួយនឹង Daniel Craig និង Halle Berry៕
ប្រភព៖ latimes.com

