កម្លាំងអធិការដ្ឋានននគរបាលស្រុកម៉ាឡៃសហការជាមួយកំលាំងវរសេនាតូចនគរបាលការពារព្រំដែនគោក815(ប៉ុស្តីសង្កែ) នៅព្រឹកថ្ងៃទី09 ខែមិថុនា ឆ្នាំ2021 នេះ បានឃាត់ខ្លួនមេខ្យល់01នាក់ ដែលបម្រុងនាំពលករ15នាក់ លួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ នៅចំណុចចំការអំពៅ មួយកន្លែង ក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ។

លោក វរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា ជនសង្ស័យជាមេខ្យល់ឈ្មោះ យ៉ើន ណារ៉ុង ហៅដេត ភេទប្រុស អាយុ20ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកបញ្ជាក់បន្ថែមថា តាមការបំភ្លឺរបស់ពលករទាំងនោះថា ពួកគាត់មកស្រុកម៉ាឡៃដើម្បីធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃដោយបានទាក់ទងគ្នាតាមរយៈទូរស័ព្ទ។ មេខ្យល់យកតំលៃពី 6,000បាតទៅ6,500បាត ចំណែកឯក្មេងយកតំលៃ3500បាត។ លុះពេលពួកគាត់ធ្វើដំណើរតាមតាក់ស៊ីមកដល់ស្រុកម៉ាឡៃក៏មានម៉ូតូឌុបចំនួន04គ្រឿង (មិនស្គាល់អត្តសញ្ញាណ) បានដឹកពួកគាត់មកអោយឈ្មោះយ៉ើង ណារ៉ុង ហៅដេត នាំពួកគាត់ទៅពួន នៅក្នុងចន្លោះចំការអំពៅ និងចំការពោតដើម្បីឆ្លងដែនទៅប្រទេសថៃ ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ជនសង្ស័យជាមេខ្យល់ត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ កំពុងរៀបចំសំណុំរឿងបញ្ចូនទៅជំនាញនៃស្នងការនគរបាលខេត្តចាត់ការបន្ត។ ចំណែកពលករទាំង15នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យម៉ាឡៃ តាមវិធានការសុខាភិបាល ក្នុងការការពារទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-19៕

អត្ថបទ៖ប៉ោយប៉ែត

Share.