ផ្លូវមួយខ្សែក្រាលកៅស៊ូពីរជាន់ ប្រវែងជិត10គីឡូម៉ែត្រ នៅក្នុងឃុំបត់ត្រង់ តភ្ជាប់ទៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលបំផ្លាញដោយទឹកជំនន់ហូរច្រោះដាច់ជាង10កន្លែង កាលពីអំឡុងខែតុលាឆ្នាំ2020 កន្លងទៅមិនទាន់ត្រូវបានជួសជុលនៅឡើយ។ ប្រជាពលរដ្ឋសំណូមពរឲ្យមន្ត្រីជំនាញអភិវឌ្ឍន៍ជនបទ ជួសជុលឡើងវិញ ដើម្បីសម្រួលក្នុងការធ្វើដំណើរ។

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវកៅស៊ូដែលរងការខូចខាតនេះ តាមរយៈសារព័ត៌មានត្រយង បានសំណូមពរឲ្យអាជ្ញាធរ និងមន្ទីរអភិវឌ្ឍន៍ជនបទ ជួសជុលផ្លូវឡើងវិញឲ្យបានឆាប់រហ័ស។ ពលរដ្ឋអះអាងថា ផ្លូវនេះ ជាផ្លូវសំខាន់ក្នុងដឹកទំនិញ កសិករផលតភ្ចាប់ពីស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទៅកាន់ស្រុកបរវេល ខេត្តបាត់ដំបង។

លោក សៃ ឡៅ មេឃុំបត់ត្រង់ បានប្រាប់ថា ចំងាយផ្លូវកៅស៊ូប្រវែងជិត10គីឡូម៉ែត្រ ដែលរងការខូចខាតដោយទឹកជំនន់ហូរច្រោះដាច់នេះ មានច្រើនកន្លែង ដែលកន្លែងខ្លះមានប្រវែង20ម៉ែត្រ ខ្លះ30ម៉ែត្រ 50ម៉ែត្រ និងខ្លះទៀតជាង100ម៉ែត្រ ពីឃុំបត់ត្រង់ ទៅឃុំរហាត់ទឹក ប្រវែងខូចខាតសរុបជិត900ម៉ែត្រ។ លោកបានស្នើសុំឲ្យទៅស្រុកមង្គលបូរី ដើម្បីដាក់សំណើបន្តទៅខាងមន្ទីរអភិវឌ្ឍន៍រួចហើយ ដើម្បីជួយជួសជុលផ្លូវឲ្យពលរដ្ឋប្រើប្រាស់ឡើងវិញ។

លោក ជា យុទ្ធារុន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានបញ្ចាក់នៅថ្ងៃទី09 ខែមិថុនា ឆ្នាំ2021នេះថា ចំពោះផ្លូវកៅស៊ូពីរជាន់ ពីចំណុចឃុំបត់ត្រង់ ទៅឃុំរហាត់ទឹកនេះ មានប្រវែង8,900ម៉ែត្រ ហើយរងការខូចខាតដោយទឹកជំនន់ជាច្រើនកន្លែង។

ជុំវិញបញ្ហានេះ លោកថា បានធ្វើរបាយការណ៍និង ស្នើសុំទៅខាងក្រសួងរួចហើយ និងរងចាំ គម្រោងធនាគារពិភពលោក(World Bank)និង ADB ធ្លាក់មកទើបចាប់ផ្តើមធ្វើការជួសជុលផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ ឡើងវិញផងដែរ៕

អត្ថបទ៖ប៉ោយប៉ែត

Share.