ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើម ទូទាំងប្រទេសលើក    ទី១៖ ការសិក្សាដោយការបង្កើតគម្រោង «បំណងប្រាថ្នា» ដែលជាការប្រកួត តាមបែបការសិក្សា ដោយការបង្កើតគម្រោងលើកដំបូងបំផុត សម្រាប់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំនៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១នេះ បានឲ្យដឹងថា ព្រឹត្តិការណ៍ «បំណងប្រាថ្នា» មានគោលដៅ លើកកម្ពស់ការរៀនរបស់សិស្ស ដោយវិធីសាស្រ្តរៀនបែបថ្មី គឺការរៀនតាមបែបសហការ ការរៀនដោយការត្រិះរិះពិចារណា ការរៀនដោយការដោះស្រាយបញ្ហា និងការរៀនដោយការបង្កើតគម្រោង។គាំទ្រដល់សិស្សក្នុងការសម្រេចបានដល់កម្រិតកំពូល នៃពុទ្ធិសម្បទា ដែលទទួលបានពីការមេរៀននីមួយៗ នៅក្នុងកម្មវិធីសិក្សាជាតិ ដោយយកទៅបង្កើតជាគម្រោង។ លើកទឹកចិត្តដល់ការចែករំលែក ការពិភាក្សា ការកែលម្អ និងការដកស្រង់បទពិសោធ ក្នុងចំណោមសិស្សានុសិស្ស នូវស្នាដៃលទ្ធផលគម្រោងដែលពួកគេបង្កើតបាន។

ក្រសួងចាត់ទុកព្រឹត្តិការណ៍ «បំណងប្រាថ្នា» ថាជាជម្រើសមួយ នៃឧត្តមានុវត្តអប់រំដោយវិធីសាស្រ្តបង្រៀនបែបថ្មី ដែលអាចលើកកម្ពស់លទ្ធផល នៃការសិក្សា របស់សិស្ស។ លើសពីនេះទៅទៀតលទ្ធផល នៃការសិក្សា និងការបង្កើតគម្រោងក្នុងព្រឹត្តិការណ៍នេះ គឺជាមាតិកាឌីជីថលដ៏សម្បូរបែប ដែលសិស្សអាចចូលរួមបង្កើត និងចែករំលែក។

បើតាមក្រសួងអប់រំ សិស្សានុសិស្សអាចចូលរួមកម្មវិធីនេះបានតាមជំហានសំខាន់ៗចំនួន០៥ រួមមាន៖

១-ការចុះឈ្មោះនៅលើវេទិកាឌីជីថល

២-ការប្រកាសរកដៃគូនិងបង្កើតក្រុម

៣-ការរៀបចំបង្កើតគម្រោង ការប្រមូលព័ត៌មាន និងការសរសេររបាយការណ៍

៤-ការពិគ្រោះយោបល់និងកែលម្អ

៥-ការផ្ញើកញ្ចប់របាយការណ៍

No photo description available.
May be an image of text
Share.