សិល្បៈជាតិ ស្ថានីយទូរទស្សន៍ PNN បានរៀបចំព្រឹត្តិការណ៍ដ៏អធិកអធមប្រចាំឆ្នាំរបស់ខ្លួនមួយទៀត ដែលមានឈ្មោះថា PNN Showcase 2023 ដើម្បីបង្ហាញជូនពីសមិទ្ធិផលធំៗ ត្រៀមចាក់បញ្ចាំងរបស់ខ្លួនមានដូចជា៖ ភាពយន្តភាគខ្មែរ រឿងភាគបរទេស កម្មវិធីកម្សាន្ត និងកម្មវិធីព័ត៌មាន ក្រោមវត្តមាន ថ្នាក់ដឹកនាំ PNN ផលិតករ សិល្បករ-សិល្បការិនីជាតួសម្ដែង និងម្ចាស់ស្ពន់សឺ ចូលរួមយ៉ាងច្រើនកុះករ។

ថ្លែងប្រាប់សារព័ត៌មានត្រយងនៅថ្ងៃទី២ ខែវិច្ឆិកានេះ កញ្ញា ទូច បុប្ផា អ្នកគ្រប់គ្រងការផ្សាយ និងជាប្រធានផលិតភាពយន្តនៅទូរទស្សន៍ភីអិនអិន បានឱ្យដឹងថា «PNN បានធ្វើ Showcase សម្រាប់ឆ្នាំ២០២៣ ដើម្បីបង្ហាញពីកម្មវិធីកម្សាន្ត ភាពយន្តភាគ ជាមួយនឹងកម្មវិធីព័ត៌មានថ្មីៗ ដែលទូរទស្សន៍ភីអិនអិនគ្រោងនឹងចាក់បញ្ចាំងនៅឆ្នាំ២០២៣ ខាងមុខនេះ»។

អ្នកគ្រប់គ្រងការផ្សាយរូបនេះបានបង្ហាញពីក្ដីបារម្ភខ្លាំងដែរ នៅពេលនិយាយដល់ការរក្សាឱ្យបានចំណាត់ថ្នាក់ល្អ និងប្រជាប្រិយភាពរបស់ខ្លួននៅក្នុងបេះដូងមហាជន «ចាសបារម្ភខ្លាំង ដោយសារទម្រាំភីអិនអិន កសាង និង ទទួលបានប្រជាប្រិយភាព មិនមែនជាការងាយស្រួលនោះឡើយ ហើយជាពិសេសនោះគឺការរក្សាឱ្យបាននៅចំណាត់ថ្នាក់ជាស្ថានីយទូរទស្សន៍ដែលឈានមុខគេ ដូច្នេះហើយគឺត្រូវការទិសដៅ និងផែនការច្បាស់លាស់ ហើយក៏ត្រូវការកម្លាំង ធនធានមនុស្ស ដើម្បីជួយជំរុញឱ្យសមិទ្ធផលរបស់ភីអិនអិន មានគុណភាពល្អ។ ជាមួយគ្នានោះដែរនៅឆ្នាំ២០២៣ខាងមុខនេះ ភីអិនអិន នឹងដាក់ទុនធនធានមនុស្ស ដោយនាំយកធនធានមនុស្សពូកែ មានបទពិសោធន៍ ដើម្បីជួយឱ្យភីអិនអិនឈានឡើងទៅមួយកម្រិតទៀត។ ក្នុងនោះភីអិនអិន ក៏បានបោះទុនផលិតកម្មវិធីកម្សាន្ត ក៏ដូចជាភាពយន្ត រួមជាមួយនឹងការ Update បច្ចេកវិទ្យាថ្មីៗបន្ថែមទៀត។

ភីអិនអិន អាចឈរជើងយ៉ាងមាំជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំប្រចាំប្រទេសដូច្នេះបាន អាស្រ័យដោយសារតែមានការគាំទ្រពីសំណាក់ទស្សនិកជន ដូច្នេះហើយកញ្ញា ទូច បុប្ផា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រទូរទស្សន៍ភីអិនអិនតាំងពីដើមរហូត ដោយកញ្ញា មានជាសំណូមពរយ៉ោងដូច្នេះ៖ «នាងខ្ញុំសូមសំណូមពរឱ្យបងប្អូនជួយគាំទ្រភាពយន្តភាគខ្មែរ និងបន្តគាំទ្រភីអិនអិនតទៅមុខទៀត ហើយភីអិនអិនប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍនូវវិស័យផលិតកម្មវិធីកម្សាន្តក្នុងប្រទេសកម្ពុជាឱ្យទទួលបាននូវគុណភាពខ្ពស់ មានទាំងខ្លឹមសារនិងអត្ថន័យជូនបងប្អូនប្រជាពលរដ្ឋខ្មែរ។»
ក្រោយបានស្ដាប់នូវការរៀបរាប់ខាងលើ អាចបង្ហាញឱ្យឃើញកាន់តែច្បាស់ថាស្ថានីយទូរទស្សន៍ដ៏ធំមួយនេះ មានគោលដៅ និងទស្សនវិស័យច្បាស់លាស់ក្នុងការចូលរួម អភិវឌ្ឍ និងលើកស្ទួយវិស័យភាពយន្តជាតិ និងសិល្បៈជាតិ ជួយឱ្យសិល្បករខ្មែរមានប្រភពចំណូលនិង មានទីផ្សារការងារកាន់តែសំបូរបែបថែមទៀត៕

