សិល្បៈជាតិ៖ ក្រុមតន្ត្រីប៉ុប-រ៉ក់កម្ពុជាចំនួនពីរគឺ RIZER និង SUFFER ត្រៀមតំណាងប្រទេសកម្ពុជាទៅចូលរួមការប្រគំតន្ត្រី ASEAN MUSIC Festival ២០២២ តបតាមការអញ្ជើញពីភាគីប្រទេសឥណ្ឌា។
ការដែលក្រុមចម្រៀងរ៉ករបស់ផលិតកម្មរណ្ដំទាំងពីរក្រុមនេះត្រូវបានមិត្តបរទេសអញ្ជើញឱ្យទៅច្រៀងកិត្តិយសនៅក្នុងព្រឹត្តិការណ៍តន្ត្រីដ៏ធំប្រចាំឆ្នាំនេះ ព្រោះតែក្រុមចម្រៀងទាំងពីរ ជាក្រុមចម្រៀងប្រកបដោយគុណភាពខ្ពស់ មានប្រជាប្រិយភាពល្បីល្បាញក្នុងស្រទាប់មិត្តៗយុវវ័យ ដោយមានចំនួន Like Page រហូតដល់ 169K ជាអំនះអំនាងស្រាប់។

ថ្លែងប្រាប់សារព័ត៌មានត្រយងតាមប្រព័ន្ធតេឡេក្រាម លោក អេង រស្មី អ្នកដឹកនាំ និង អ្នកចាត់ការទូទៅក្រុមតន្ត្រីតំណាងអោយ រណ្តំ ដឹកនាំក្រុមតន្រ្តី RIZER និង SUFFER ទៅចូលរួមមហោស្រពតន្រ្តីដ៏ធំប្រចាំឆ្នាំនៅប្រទេស India ដែលមានគ្រប់ប្រទេសក្នុង ASEAN ចូលរួម បានបង្ហាញពីមោទកភាព ដែលក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ បានជ្រើសរើសក្រុមតន្រ្តីទាំងពីរ ទៅចូលរួមសម្តែង។
លោកបានបន្តទៀតថា មហោស្រពតន្រ្តី ASEAN INDIA MUSIC FESTIVAL 2022 គឺផ្តោតទៅលើការប្រគំតន្រ្តីប្រភេទរ៉ក ដូច្នេះក្រុមតន្រ្តី RIZER និង SUFFER ដែលសុទ្ធសឹងជាក្រុមតន្រ្តីបែបរ៉ក គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្តែងជាមួយឧបករណ៍តន្រ្តី ព្រោះសមាជិកម្នាក់ៗមានបទពិសោធន៍លើវិស័យតន្ត្រីនេះច្រើនជាង១៥ឆ្នាំ។ ជាក់ស្ដែង ក្រុម RIZER និង SUFFER ក្នុងចំនោមសមាជិក ៦នាក់ក្នុងនោះមាន ៥នាក់ គឺជាបងប្អូនបង្កើតនិងមានឈាមជ័រជាអ្នកសិល្បៈ ដោយទទួលបានការហ្វឹកហាត់ផ្នែកឧបករណ៍តន្រ្តីពីឪពុកដែលជាសាស្ត្រាចារ្យផ្នែកតូរ្យតន្រ្តីតាំងពីកុមារភាពមកម្ល៉េះ។
ដោយឡែកសម្រាប់ការសម្ដែងនៅក្នុងព្រឹត្តិការណ៍នោះគឺមានរយៈពេល៤០នាទី ក្រុមទាំងពីរបានជ្រើសរើសសម្រិតសម្រាំង និងរៀបចំឡើងវិញនូវបទចម្រៀងសុទ្ធសឹងជាបទចង្វាក់រ៉កយកទៅសម្ដែង ជាពិសេសទៀតនោះមានបញ្ចូលឧបករណ៍ភ្លេងបុរាណខ្មែរ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរក្នុងការសម្ដែងនោះថែមទៀតផង។ មិនត្រឹមតែត្រៀមបញ្ចូលឧបករណ៍ភ្លេងខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក្រុមតន្ត្រីតំណាងកម្ពុជាទាំងពីរនេះបានរៀបចំសំលៀកបំពាក់ដែលមានលក្ខណៈរ៉ក់ ប៉ុន្តែកែច្នៃរំលេចក្បាច់ផ្ការបស់ខ្មែរ ដែលធ្វើឱ្យឈុតសំលៀកបំពាក់របស់ក្រុមនេះបានក្លាយជាអត្តសញ្ញាណសម្គាល់ជាតិសាសន៍ខ្មែរយ៉ាងសំខាន់ផងដែរ។

តំណាងឱ្យក្រុមចម្រៀង RIZER និង SUFFER លោក អេង រស្មីបានគូសបញ្ជាក់ថា ក្រុមការងារទាំងអស់របស់ផលិតកម្មរណ្ដំមានក្ដីសង្ឃឹមយ៉ាងមុតមាំថា ការប្រគំតន្ត្រីនៅប្រទេសឥណ្ឌា ដែលមានរៀបចំឡើងនៅប្រទេសឥណ្ឌា នឹងជួយលើកមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈការប្រគំតន្ត្រីរ៉ក់ ព្រោះលោកមានការជឿជាក់ចំពោះក្រុមតន្ត្រីទាំងពីរនិងសមត្ថភាពរៀបចំរបស់ក្រុមការងារក្នុងផលិតកម្ម។
ក្រុមតន្ត្រីទាំងពីររបស់កម្ពុជានឹងធ្វើដំណើរចាកចេញពីមាតុភូមិកំណើតនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះវេលាម៉ោង ៨និង៣០នាទី នាព្រលានយន្តហោះពោធិ៍ចិនតុង សម្រាប់អ្នកគាំទ្រដែលស្រលាញ់ពេញចិត្តអាចទៅចូលរួមជូនដំណើរដើម្បីលើកទឹកចិត្តដល់សិល្បករយើងឱ្យបានច្រើនកុះករ៕

