ប្លែកៗ៖ ភាពយន្តខ្នាតធំ Sparring Partner ដែលកំពុងតែល្បីល្បាញនៅក្រុងហុងកុង នាខណៈនេះគឺជាសាច់រឿងដែលផលិតករ និង Director បានស្រាវជ្រាវនិងចងក្រង យកសាច់រឿងឃាតកម្មដ៏សាហាវឃោឃៅកក្រើកហុងកុងមករៀបចំថតជាសាច់រឿង។
Sparring Partner ចាប់ផ្ដើមសាច់រឿងឡើងដោយបុរសវ័យក្មេងម្នាក់និងមិត្តភក្ដិរបស់គេ សម្លាប់ឪពុកម្ដាយរបស់គេ។ សាច់រឿងដែលឆ្លុះបញ្ចាំងពីការការពារកូនក្ដីនៅក្នុងតុលាការ ការសាកសួរចម្លើយដ៏ស្វិតស្វាញនិងក្ដៅគគុក ដើម្បីស្វែងរកការពិត ឆក់បានការចាប់អារម្មណ៍ច្រើន រហូតធ្វើឱ្យរឿងនេះក្លាយជារឿងដែលល្បីនិងរកចំណូលបានច្រើនក្នុង Box office។
យ៉ាងណាមិញបើតាមដានឱ្យស៊ីជម្រៅពាក់ព័ន្ធនឹងករណីឃាតកម្មនេះ គឺមានរឿងរ៉ាវជាច្រើនដែលអ្នកតាមដានរឿងនេះហើយស្លុតនិងរន្ធត់ចិត្តជាខ្លាំង។ បុរសហុងកុងម្នាក់មានវ័យ៣១ឆ្នាំ ត្រូវបានប៉ូលិសរកឃើញថាគេបានសម្លាប់ឪពុកម្ដាយបង្កើត ហើយកាប់សាច់ជាកង់ យកទៅចម្អិនជាម្ហូបខ្លះ ចំណែកក្បាលយកទៅដាក់ក្លាហ្សេក្នុងទូរទឹកកកធំៗចំនួនពីរផ្សេងគ្នា។ ចៅក្រោម៩នាក់ មានចៅក្រម៨នាក់ទល់នឹង១ បានកាត់សេចក្ដីឱ្យបុរសរូបនេះមានទោស។

ក្នុងចំណោមនោះចៅក្រោម Michael Stuart Moore បាននិយាយថា «Chau គឺជាមនុស្សម្នាក់ដែលគ្រោះថ្នាក់ជាទីបំផុត»។ Henry Chau ឬ Chau Hoi-lueng តែងតែបន្ទោសមនុស្សជុំវិញខ្លួន លើកលែងតែខ្លួនឯង។ គេគឺជាមនុស្សម្នាក់ដែលបរាជ័យទាំងជីវិតនិងវិញ្ញាណ។ មនុស្សម្នាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងករណីសម្លាប់នេះដែរគឺមិត្តភក្ដិរបស់គេ Tse Chun Kei ដែលមានអាយុ៣៨ឆ្នាំ ត្រូវបានតុលការចោទប្រកាន់ជាឯកច្ឆ័ន្ទក្នុងករណីដូចគ្នា ប៉ុន្តែក្រោយជាប់ពន្ធនាគារចំនួន២ឆ្នាំ ចុងក្រោយត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ។
បុរសទាំងពីរនេះត្រូវបានចោទប្រកាន់ពីបទរារាំងការកប់សពដោយស្របច្បាប់របស់សពឪពុក Chau Wing Ki 65 ឆ្នាំ និងសពម្ដាយ Siu Yuet Yee វ័យ 63 ឆ្នាំ។ នៅក្នុងខណៈដែលតុលាការអានសេចក្ដីសម្រេចកាត់ទោសខ្លួន Henry Chau បានរក្សាអាកប្បកិរិយាស្ងប់ស្ងាត់ ខណៈដែល Tse Chun Kei ស្ទើរតែស្រកយំនៅពេលបានឮថាខ្លួនត្រូវបានដោះលែងឱ្យមានសេរីភាព។ ចៅក្រម Sturt Moore បានបញ្ជាឱ្យដោះលែង Chun Kei ភ្លាមជាបន្ទាន់។
ករណីនេះកើតឡើងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣ ថ្ងៃនោះ Henry Chau បាននាំឪពុកម្ដាយខ្លួន ទៅផ្ទះរបស់ Tse Chun Kei ហើយក្រោយពីនោះមកអ្នកទាំងពីរក៏បានបាត់ខ្លួន។ ក្រោយមក Henry បានកុហកបងប្រុសធំរបស់គេ Chau Hoi-ying ថាម្ដាយនិងឪពុកគេទៅលេងបងប្អូននៅចិនដីគោក ក្រោយពីព្យាយាមទាក់ទងឪពុកម្ដាយមិនបាន Henry បានជូនបងប្រុសរបស់គេទៅប្ដឹងប៉ូលិសពីករណីបាត់មនុស្ស។ ខណៈដែលប៉ូលិសបានព្យាយាមស៊ើបអង្កេត យ៉ាងសស្រាក់សស្រាំនោះ Henry បានផ្ញើសារទៅមិត្តភក្ដិគេតាម Whatsapp ទទួលស្គាល់ថាខ្លួនបានសម្លាប់ឪពុកម្ដាយរបស់គេ។ Henry និង Chun Kei ត្រូវប៉ូលិសចាប់ខ្លួននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣។

ប៉ូលិសបានរកឃើញសាកសពត្រូវបានកាប់ជាដុំៗ ចំណែកក្បាលត្រូវគេយកទៅក្លាហ្សេក្នុងទូរទឹកកកក្នុងផ្ទះរបស់ Tse។ Chau ទទួលបានស្គាល់ថាគេបានចាក់សម្លាប់ឪពុកម្ដាយគេរហូតដល់ដាច់ខ្យល់ស្លាប់ ហើយចោទប្រកាន់ថា Tse គឺជាដៃគូសម្លាប់មនុស្សជាមួយគ្នា។
ចំណែក Tse បានបដិសេធថាខ្លួនមិនបានចូលរួមក្នុងផែនការសម្លាប់មនុស្សនេះនោះទេ ប៉ុន្តែ Chau បានបង្ហាញប្រអប់សាច់មនុស្សឱ្យគេមើល និងគម្រាមសម្លាប់ម្ដាយរបស់គេ។ នៅក្នុងបទសម្ភាសន៍មួយ Henry Chau បាននិយាយថាគាត់សម្រេចចិត្តសម្លាប់ឪពុកម្ដាយព្រោះតែពួកគាត់ទាំងពីរនោះដាក់សម្ពាធលើជីវិតរបស់គេខ្លាំងពេក។ គេបាននិយាយទៀតថា ឪពុករបស់គេក្រអើតក្រទម ហើយមិនដែលទុកឱ្យគេរស់នៅបានស្ងប់សុខនោះឡើយ ចំណែកម្ដាយរបស់គេវិញសម្លឹងមុខគេដោយទឹកមុខក្រៀមក្រំ ដោយសារតែគេគ្មានលទ្ធភាពផ្ដល់អ្វីដល់គ្រួសារ។

នៅក្នុងវីដេអូសម្ភាសន៍មួយដែលបានចាក់នៅក្នុងតុលាការកាលពីថ្ងៃទី១០ខែសីហា ឆ្នាំ២០១៤ Henry Chau និយាយថា «ខ្ញុំគិតថាបើខ្ញុំអាចដោះស្រាយបញ្ហាផ្លូវអារម្មណ៍ជាមួយនឹងឪពុកម្ដាយខ្ញុំបាន នោះគឺជាផ្លូវចេញដ៏ល្អ បើពួកគាត់ស្លាប់បាត់ខ្ញុំនឹងអាចចាប់ជាតិជាថ្មី»
នៅក្នុងតុលាការ Henry បានចោទប្រកាន់ Tse ថាជាអ្នករៀបចំផែនការបំបាត់ភស្ដុតាង ដោយផ្ដល់យោបល់ឱ្យគេយកចំណែកសាច់ដែលនៅសល់ទៅលាយជាមួយនឹងស៊ីម៉ង់និងខ្សាច់ហើយចាក់សាប មិនអ៊ីចឹងទេអាចយកទៅចំអិន ហើយប្រឡាក់ជាសាច់បាប៊ីខ្យូ លាយជាមួយនឹងសាច់ជ្រូក បន្ទាប់មកអាចយកទៅបោះចោលក្នុងជុងសំរាម។ ប៉ុន្តែដុំឥដ្ឋធ្ងន់ពេក ចំណែកសាច់មនុស្ស និងសាច់ជ្រូកក៏មិនដូចគ្នាដែរ។សាច់មួយចំនួនដែលបាត់ត្រូវបានប៉ូលិសសន្និដ្ឋានបានថាត្រូវបានគេយកទៅចម្អិនញ៉ាំ ចំណែកសាច់ដែលនៅសល់ខ្លះទៀតត្រូវគេយកទៅបោះចោលក្នុងធុងសំរាម និងខ្ចប់ជាម្ហូបជាមួយបាយ។

ទីបំផុតកូនប្រុសអកត្តញ្ញូដែលមានចិត្តដាច់រូបនេះ ត្រូវបានតុលការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ ពោលគឺនៅពីរឆ្នាំក្រោយដែលគេបានសម្លាប់ឪពុកម្ដាយបង្កើតខ្លួន៕
ប្រភព៖ Daily Mail Online, bangkokpost.com





