ប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានគេសន្មត់ថា បានស្លាប់ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា «គ្មានសង្ឃឹមថា មានអ្នកនៅរស់រានមានជីវិត» ត្រូវបានរកឃើញនៅកន្លែងធ្លាក់ឧទ្ធម្ភាគចក្រ ដែលដឹកពួកគេទាំង ៩នាក់នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤។

មន្ត្រីអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ឧទ្ធម្ភាគចក្រដែលដឹកប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស Hossein Amir Abdollahian បានជួបបញ្ហាចំពេលមានចុះអ័ព្ទខ្លាំង ខណៈកំពុងត្រឡប់ពីការធ្វើដំណើរទស្សនកិច្ចទៅកាន់ព្រំដែនអ៊ីរ៉ង់-អាស៊ែបៃហ្សង់ ប៉ុន្ដែរហូតមកដល់រសៀលថ្ងៃចន្ទ នេះ មិនទាន់មានការប្រកាសជាផ្លូវការអំពីការស្លាប់របស់ពួកគេនៅឡើយទេ។

បើតាមរូបភាពពីយន្តហោះដ្រូន បានរកឃើញបំណែកឧទ្ធម្ភាគចក្រដែលថតបានដោយអឌ្ឍចន្ទក្រហម បានបង្ហាញ ពីកន្លែងធ្លាក់នៅលើភ្នំដ៏ចោតមួយនៅភាគខាងជើងប្រទេសអ៊ីរ៉ង់ ដោយគេឃើញនៅសល់តែបំណែកឧទ្ធម្ភាគចក្រតិចតួចដែលមានកន្ទុយពណ៌ខៀវ លាយស។

យ៉ាងណាម៉ិញ បើយោងតាមសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRIB, លោក Pir-Hossein Kolivand ប្រធានអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បាននិយាយថា មិនមានសញ្ញានៃអាយុជីវិតរបស់អ្នកដែលធ្វើដំណើរនៅលើឧទ្ធម្ភាគចក្រនោះទេ។

ទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ម្នាក់ដែលមិនបញ្ចេញឈ្មោះដោយនិយាយថា អ្នកដំណើរទាំងអស់ត្រូវបានគេសង្ស័យថា បានស្លាប់ទាំងអស់។

ឧបទ្ទវហេតុធ្លាក់នេះ បានជំរុញឱ្យមានប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះរយៈពេលជាច្រើនម៉ោង ដោយមានជំនួយពីសហភាពអឺរ៉ុប និងតួកគី ប៉ុន្តែក្រុមសង្គ្រោះបន្ទាន់ត្រូវបានរារាំងដោយបញ្ហាអាកាសធាតុ ដោយអ័ព្ទ និងសីតុណ្ហភាពនៅទីតាំងកើតហេតុធ្លាក់ចុះ។

លោក Raisi វ័យ ៦៣ឆ្នាំ បានជាប់ឆ្នោតជាប្រធានាធិបតីអ៉ីរ៉ង់ក្នុងឆ្នាំ២០២១ ហើយចាប់តាំងពីឡើងកាន់តំណែងមក លោកបានបញ្ជាឱ្យរឹតបន្ដឹងច្បាប់សីលធម៌ បើកការបង្រ្កាបបង្ហូរឈាមលើបាតុកម្មប្រឆាំងរដ្ឋាភិបាល និងជំរុញឱ្យមានកិច្ចចរចានុយក្លេអ៊ែរ ជាមួយមហាអំណាចពិភពលោកថែមទៀតផង។

សូមជម្រាបថា ការបាត់បង់មេដឹកនាំកំពូលរបស់អ៉ីរ៉ង់ លោក Raisi ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមានភាពវឹកវរបន្ថែមទៀតនៅក្នុងប្រទេសមួយដែលកំពុងតែរងសម្ពាធយ៉ាងខ្លាំងរួចទៅហើយ នៅក្រោមភាពតានតឹងផ្នែកសេដ្ឋកិច្ច និងនយោបាយ ជាមួយនឹងភាពតានតឹងជាមួយអ៊ីស្រាអែល៕

ប្រភព៖ CNN

Share.