កំពង់ធំ ៖ លិចទូកដរបណ្តាលឱ្យស្លាប់ក្មេងស្រីសិស្សសាលាម្នាក់ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅកំពង់ចម្លងភូមិឈូកស្ទឹង ឃុំឈូក ឆ្លងទៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ សមត្ថកិច្ច អាជ្ញាធរចុះពិនិត្យ រហូតមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ សមត្ថកិច្ចឃាត់ខ្លួនម្ចាស់ទូកដរម្នាក់ ដោយសារការធ្វេសប្រហែស ដឹក ដាក់លើសចំណុះ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញអមសាលាដំបូងខេត្ត កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនម្ចាស់ទូកដរ ឈ្មោះ សឿ យូន ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ក្មេងស្រីរងគ្រោះមាន ឈ្មោះ អុីន សុភក្តិ អាយុ១៣ ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ រស់នៅភូមិជាំបឹង ឃុំស្រេីន ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

រំលឹកផងដែរ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ក្មេងសិស្សសាលាប្រុសស្រីចំនួន១៥នាក់ ចេញពីរៀនឆ្លងទូកដរវិលទៅផ្ទះ តែដោយទូកដាក់លើសចំណុះ បណ្តាលឱ្យលិច ស្លាប់ក្មេងស្រីសិស្សសាលាម្នាក់ ផ្អើលអ្នកភូមិ សមត្ថកិច្ច អាជ្ញាធរនាំគ្នាចុះរាវរកសពក្មេងស្រី សម្ភារៈដែលលិចបាត់ក្នុងទឹក ។

ករណីខាងលើ សមត្ថកិច្ចចុះពិនិត្យ ស្រាវជ្រាវ ជាក់ស្តែង រហូតដល់ឃាត់ខ្លួនម្ចាស់ទូកដរ ដែលធ្វេសប្រហែស ដាក់ ផ្ទុកមនុស្សលើសចំណុះ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.