![](https://troryorng.com/wp-content/uploads/2021/07/2022-AFC-U-23-Asian-Cup-1024x524.png)
ក្រុមបាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំ ស្ថិតនៅក្នុងពូល K ជាមួយក្រុម ជប៉ុន និងកូរ៉េខាងជើង នៃវគ្គជម្រុះជើងឯកយុវជនក្រោមអាយុ២៣ឆ្នាំប្រចាំទ្វីបអាស៊ី 2022 AFC U-23 Asian Cup ក្រោយចាប់ឆ្នោតជ្រើសរើសពូលនៅរសៀលថ្ងៃសុក្រ ទី៩ ខែកក្កដា ឆ្នាំ២០២១ នេះនៅស្នាក់ការកណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ការប្រកួត 2022 AFC U-23 Asian Cup នឹងធ្វើឡើងនៅប្រទេសអ៊ូបេគីស្ថាន ចន្លោះថ្ងៃទី១ដល់១៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដែលជ្រើសរើសយកក្រុមខ្លាំងមកពីវគ្គជម្រុះ។ វគ្គជម្រុះបែងចែកជា២តំបន់គឺអាស៊ីខាងលិច និងអាស៊ីខាងកើត។
![](https://troryorng.com/wp-content/uploads/2021/07/Cambodia-U22-1024x683.jpg)
វគ្គជម្រុះនេះរៀបចំប្រកួតពីថ្ងៃទី២៣ ដល់៣១ ខែតុលា ឆ្នាំ២០២១ ដែលមាន៤២ក្រុមចូលរួមប្រកួត ដែលបែងចែកជា១១ពូល។
ក្នុងវគ្គជម្រុះនាពេលកន្លងទៅ កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងវគ្គជម្រុះពូល H តែចាញ់អូស្ត្រាលី ៦ទល់០ ហើយបន្តចាញ់កូរ៉េខាងត្បូង ៦ទល់១ និងស្មើតៃវ៉ាន់ ១ទល់១។ ពូល H នេះ កូរ៉េខាងត្បូង និងអូស្ត្រាលី ឡើងទៅជុំបន្ទាប់ដែលធ្វើនៅប្រទេសថៃ ហើយកូរ៉េខាងត្បូង ជាម្ចាស់ជើងឯកប្រចាំឆ្នាំតែម្ដង។
ពានរង្វាន់នេះរៀបចំឡើងដំបូងនៅឆ្នាំ២០១៣ ហើយក្រុមអ៊ីរ៉ាក់ ជប៉ុន អ៊ូបេគីស្ថាន និងកូរ៉េខាងត្បូង ឈ្នះជើងឯកម្នាក់១លើក៕
![Telegram-Troryorng](https://troryorng.com/wp-content/uploads/2021/05/Troryorng-Telegram-1-1024x126.jpeg)