ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ នាថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់បង្ហោះមីស៊ីលគ្រូសយុទ្ធសាស្រ្តរយៈចម្ងាយឆ្ងាយចំនួន ២គ្រាប់ ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរបាន ដោយគេហៅថា ជាការសាកល្បង ដើម្បីបញ្ជាក់ពីភាពជឿជាក់ និង ប្រតិបត្តិការនៃអាវុធនុយក្លេអ៊ែរ ដែលដាក់ពង្រាយដល់អង្គភាពយោធា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ តុលា ឆ្នាំ ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយថា ការបាញ់សាកល្បងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃ ពុធ ហើយមានគោលបំណង «ពង្រឹងសមត្ថភាពប្រយុទ្ធ» ហើយមីស៊ីលទាំងនេះ ត្រូវបានដាក់ពង្រាយរួចរាល់ហើយសម្រាប់ឲ្យកងទ័ពប្រជាជនកូរ៉េប្រើប្រាស់ក្នុងប្រតិបត្តិការនុយក្លេអ៊ែរតាក់ទិក។

KCNA បានចេញផ្សាយដោយសង្កត់ធ្ងន់ថា ការបាញ់សាកល្បងនេះ គឺជាការព្រមានយ៉ាងច្បាស់មួយទៀតដល់ «ខ្មាំងសត្រូវ» មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាននិយាយថា «ប្រទេសជាតិ គួរតែបន្ដពង្រីកផ្នែកប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធយុទ្ធសាស្រ្តនុយក្លេអ៊ែរ ដើម្បីដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវវិបត្តិយោធា និង វិបត្តិសង្រ្គាមដ៏សំខាន់នៅពេលណាក៏បាន»។

កាលពីថ្ងៃ ច័ន្ទ ដើមសប្ដាហ៍នេះ KCNA បានចេញផ្សាយថា លោក គីម បានដឹកនាំសមយុទ្ធនុយក្លេអ៊ែរសំដៅលើប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល ២សប្ដាហ៍កន្លងមកនេះ ក្នុងការតវ៉ាជំទាស់ចំពោះសមយុទ្ធកងទ័ពជើងទឹករួមគ្នារវាងកងកម្លាំងកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក កាលពីពេលថ្មីៗ ដែលមានពាក់ព័ន្ធនឹងនាវាផ្ទុកយន្ដហោះជាដើម។

KCNA បានរាយការណ៍ទៀតថា មីស៊ីលទាំង ២គ្រាប់នេះបានហោះក្នុងរយៈពេល ១០,២៣៤វិនាទី និង វាយប្រហារចំគោលដៅដែលបានកំណត់នៅចម្ងាយ ២,០០០គីឡូម៉ែត្រ។ ចំណែកឯ ខាងសហរដ្ឋអាមេរិកមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ តែក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តផ្ដោត លើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និង ប្រទេសជាដៃគូ ដើម្បីទប់ស្កាត់ការគំរាមកំហែងនានាបង្កឡើងដោយកូរ៉េខាងជើង។

សូមជម្រាបថា កូរ៉េខាងជើងបានសាកល្បងមីស៊ីលបែបយុទ្ធសាស្រ្តជាលើកដំបូង ក្នុងខែ កញ្ញា ឆ្នាំ ២០២១ ដែលត្រូវបានអ្នកវិភាគមើលឃើញថា អាចជាអាវុធនុយក្លេអ៊ែរដំបូងគេរបស់ប្រទេសដែលមានសមត្ថភាពផលិតនុយក្លេអ៊ែរ។ ប៉ុន្ដែក្រុមអ្នកវិភាគបាននិយាយថា មីស៊ីល គ្រូស និង មីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលអាចបំពាក់ដោយក្បាលគ្រាប់ធម្មតា ឬ នុយក្លេអ៊ែរ គឺមាន អស្ថិរភាព ជាពិសេសនៅពេលក្នុងព្រឹត្តិការណ៍នៃជម្លោះ ព្រោះគេមិនអាចដឹងច្បាស់ថា តើក្បាលគ្រាប់ប្រភេទណា ដែលពួកគេកំពុងបំពាក់លើមីស៊ីលនោះ៕

ប្រភព៖ CNA

Share.