ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយនាថ្ងៃ ច័ន្ទ ថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្រ្តនាវាចរណ៍ចំនួន ២គ្រាប់ ចេញពីនាវាមុជទឹកកាលពីថ្ងៃ អាទិត្យ ខណៈសមយុទ្ធយោធាទ្រង់ទ្រាយធំរវាងអាមេរិក និង កូរ៉េខាងត្បូង បានចាប់ផ្ដើម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ១៣ ខែ មីនា ឆ្នាំ ២០២៣។

«យុទ្ធសាស្រ្ត» ជាធម្មតាត្រូវបានប្រើដើម្បីពិពណ៌នាអំពីអាវុធដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ KCNA បាននិយាយថា ការបាញ់បង្ហោះនេះបានបញ្ជាក់ពី សមត្ថភាព និង ភាពជឿជាក់នៃប្រព័ន្ធអាវុធយ៉ាងល្អប្រសើរ និង បានសាកល្បងប្រតិបត្តិការវាយលុកក្រោមទឹក នៃកងនាវាមុជទឹក ក្រោមក្របខណ្ឌនៃសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា យោធាមានការប្រុងប្រយ័ត្នខ្ពស់ ហើយទីភ្នាក់ងារស៊ើបការសម្ងាត់របស់ប្រទេសនេះ កំពុងធ្វើការជាមួយសមភាគីអាមេរិក ដើម្បីវិភាគពីភាពជាក់លាក់នៃការបាញ់បង្ហោះមីស៊ីល។

ការបាញ់បង្ហោះមីស៊ីលគ្រូសនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានកើតឡើង ១ថ្ងៃ មុនកងទ័ពកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នារយៈពេល ១១ថ្ងៃ ដែលសមយុទ្ធនោះមានឈ្មោះថា «Freedom Shield 23»។

KCNA បានលើកឡើងទៀតថា ការបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្រ្តនេះ មានគោលបំណងបង្ហាញពីការប្ដេជ្ញាចិត្តរបស់កូរ៉េខាងជើង ក្នុងការគ្រប់គ្រងស្ថានការណ៍ជាមួយការចោទប្រកាន់ថា សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូងកំពុងធ្វើសកម្មភាពប្រឆាំងនឹងទីក្រុង ព្យុងយ៉ាង តាមរយៈការធ្វើសមយុទ្ធយោធា។

សូមជម្រាបថា មីស៊ីលគ្រូសយុទ្ធសាស្រ្តទាំង ២គ្រាប់ខាងលើ ត្រូវបានបាញ់ចេញពីនាវាមុជទឹកឈ្មោះ Yongung ដែលស្ថិតនៅក្រោមផ្ទៃទឹក នៅ​ឯតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេស ហើយមីស៊ីលទាំងនេះហោះបានចម្ងាយ ១,៥០០គីឡូម៉ែត្រ មុនធ្លាក់ចំគោលដៅដែលបានកំណត់ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន KCNA៕

ប្រភព៖ CNA

Share.