ប្រទេសកូរ៉េខាងជើងបានសន្យាថា នឹងឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្ដិសុខណាមួយពីទីក្រុង វ៉ាស៊ីនតោន និង ទីក្រុង សេអ៊ូល រួមទាំងការប្រើប្រាស់កម្លាំងនុយក្លេអ៊ែរដ៏លើសលុបបំផុតរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នាថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២៣។

រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងក្នុងសប្ដាហ៍នេះ ដោយសន្យាថានឹងពង្រីកសមយុទ្ធយោធារួមគ្នាបន្ថែមទៀត។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍នេះ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា «ស្ថានភាពយោធា និង នយោបាយនៅក្នុងឧបទ្វីបកូរ៉េ និង តំបន់ បានឈានដល់បន្ទាត់ក្រហមខ្លាំង ដោយសារតែការធ្វើសមយុទ្ធប្រឈមមុខដាក់គ្នាដោយយោធាដែលគ្មានការប្រុងប្រយ័ត្ន និង អំពើអរិភាពរបស់សហរដ្ឋអាមេរិក និង កងកម្លាំងឈ្លានពាន»។

កាលពីថ្ងៃ អង្គារ សប្ដាហ៍នេះ លោក Austin បានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ដើម្បីបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្ត «ដែកថែប» របស់អាមេរិកក្នុងការផ្ដល់ «ឆ័ត្រនុយក្លេអ៊ែរ» ដល់សម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនុំ

នៅក្នុងអត្ថបទវិចារណកថា ដែលបោះពុម្ភផ្សាយដោយកាសែត Yonhap បានបង្ហើបថា «សម្ព័ន្ធមិត្តកំពុង ពង្រីកវិសាលភាព និង ទំហំនៃលំហាត់រួម និង ផ្អែកលើសេណារីយ៉ូកាន់តែស្មុគស្មាញដែលផ្ដោតលើការគំរាមកំហែងនុយក្លេអ៊ែរ ក្នុងគោលបំណងបង្កើនអន្តរប្រតិបត្តិការ និង ការត្រៀមខ្លួនរបស់យើងដើម្បីប្រយុទ្ធក្នុងករណីចាំបាច់»។

អ្នកនាំពាក្យបន្ដទៀតថា «កូរ៉េខាងជើងនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះការប៉ុនប៉ងយោធាណាមួយរបស់សហរដ្ឋអាមេរិក ដោយឈរលើគោលការណ៍នុយក្លេអ៊ែរ និង ការប្រឈមមុខដាក់គ្នាំទាំងស្រុង»។

កាលពីឆ្នាំមុន កូរ៉េខាងជើងបានធ្វើការបាញ់បង្ហោះមីស៊ីលជាច្រើនលើក រួមទាំងការបាញ់សាកល្បងគ្រាប់ផ្លោងរយៈចម្ងាយឆ្ងាយជាច្រើនដង ដោយហៅការបាញ់នោះថា ជាការឆ្លើយតបទៅនឹងសមយុទ្ធសង្រ្គាមអាមេរិក-កូរ៉េខាងត្បូង ដែលកូរ៉េខាងជើងចាត់ទុកថា ជាការគំរាមកំហែងដល់សន្ដិសុខរបស់ខ្លួន និង ជាការហាត់សមសម្រាប់ការវាយលុកដែលអាចកើតមាន។

យ៉ាងណាម៉ិញ ប្រមុខមន្ទីរបញ្ចកោណបានអះអាងថា សកម្មភាពយោធារបស់ទីក្រុង ព្យុងយ៉ាង គ្រាន់តែបញ្ជាក់បន្ថែមអំពីតម្រូវការក្នុងការរក្សាការប្រុងប្រយ័ត្ន និង បានសន្យានៅក្នុងកិច្ចប្រជុំជាមួយសមភាគីកូរ៉េខាងត្បូង លោក Lee Jong-sup ដើម្បីបន្ដពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកឲ្យទាន់ពេលវេលា និង សម្របសម្រួលនៅពេលអនាគតប៉ុណ្ណោះ។

ទាក់ទិននឹងបញ្ហានេះ ក្រសួងការបរទេសកូរ៉េខាងជើងបានចោទប្រកាន់ទីក្រុង វ៉ាស៊ីនតោន ថា បានព្យាយាមបង្ខំទីក្រុង ព្យុងយ៉ាង ឲ្យដកអាវុធដោយឯកតោភាគីតាមរយៈទណ្ឌកម្ម និង សម្ពាធយោធា» ដោយបន្ថែមថា ខ្លួនមិនចាប់អារម្មណ៍លើទំនាក់ទំនង ឬ កិច្ចសន្ទនាណាមួយជាមួយសហរដ្ឋអាមេរិកដរាបណា «គោលនយោបាយអរិភាពនៅតែបន្ដ»៕

ប្រភព៖ RT

Share.