កងទ័ពកូរ៉េខាងត្បូងបានចាប់ផ្ដើមសមយុទ្ធការពារជាតិដែលគេហៅថា «Hoguk» ប្រចាំឆ្នាំរបស់ពួកគេនាថ្ងៃ ច័ន្ទ នេះ ដើម្បីបង្កើនសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និង មីស៊ីលរបស់កូរ៉េខាងជើង ចំពេលមានភាពតានតឹងលើសកម្មភាពយោធាប្រទេសទាំង២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ១៧ ខែ តុលា ឆ្នាំ ២០២២។

សមយុទ្ធដែលនឹងត្រូវបញ្ចប់នៅថ្ងៃ សៅរ៍ គឺជា សមយុទ្ធចុងក្រោយបង្អស់របស់កូរ៉េខាងត្បូងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ រួមទាំងសកម្មភាពរួមគ្នាជាមួយសហរដ្ឋអាមេរិក និង ជប៉ុនផងដែរ។

ការហ្វឹកហ្វឺនលើទីលានជាក់ស្ដែងនេះ កើតឡើងនៅពេលដែលកូរ៉េខាងជើងបាននឹងកំពុងបង្កើនល្បឿនធ្វើតេស្ដអាវុធ មិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ ដោយបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ១គ្រាប់ និង កាំភ្លើងធំរាប់រយគ្រាប់នៅជិតព្រំដែនអន្តរកូរ៉េដែលមានអាវុធធុនធ្ងន់ចូលរួមកាលពីថ្ងៃ សុក្រ។

ទីក្រុង ព្យុងយ៉ាង បានបញ្ចេញប្រតិកម្មខឹងសម្បារយ៉ាងខ្លាំងចំពោះកូរ៉េខាងត្បូង និង សកម្មភាពយោធារួមគ្នា ដោយហៅថា ជាការបង្កហេតុ និង គំរាមកំហែងវិធានការតបត ខណៈទីក្រុង សេអ៊ូលបាននិយាយថា សមយុទ្ធរបស់ខ្លួន គឺជាធ្វើឡើងជាប្រចាំ និង ដើម្បីតម្រង់ទិសការពារខ្លួនប៉ុណ្ណោះ។

បើតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា ដោយមានការចូលរួមពីកងកម្លាំងអាមេរិកមួយចំនួន កងទ័ពកូរ៉េខាងត្បូងនឹងផ្ដោតលើការត្រៀមការពារខ្លួន និង ធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់កងទ័ពក្នុងការអនុវត្តប្រតិបត្តិការរួមគ្នា កំឡុងពេលធ្វើសមយុទ្ធ Hoguk នេះ។

ជាមួយគ្នា កងកម្លាំងចម្រុះនឹងធ្វើសមយុទ្ធទាំងយប់ទាំងថ្ងៃ ដើម្បីទប់ទល់នឹងអាវុធនុយក្លេអ៊ែរ មីស៊ីល និង ការគំរាមកំហែងផ្សេងៗរបស់កូរ៉េខាងជើង ដូច្នេះពួកគេអាចមានសមត្ថភាពគ្រប់គ្រាន់ ទោះជាក្នុងពេលមានសង្រ្គាម និង ពេលសន្ដិភាព ហើយក៏អាចបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្លាំងអាមេរិកផងដែរ។

សូមជម្រាបថា កាលពីសប្ដាហ៍មុន ភាពតានតឹងបានផ្ទុះឡើង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីល និង បាញ់កាំភ្លើងធំ ជាង ៥០០គ្រាប់ រួមទាំងបានបញ្ចូនយន្ដហោះជាច្រើនគ្រឿងហោះនៅក្បែរព្រំដែនសមុទ្រ ដែលជាតំបន់ងាយរងគ្រោះ៕

ប្រភព៖ CNA

Share.