កូរ៉េខាងត្បូងបានប្រកាសផែនការមួយនាថ្ងៃ ច័ន្ទ នេះ ដើម្បីផ្ដល់សំណងដល់ជនរងគ្រោះនៃពលកម្មទាំងបង្ខំក្នុងសម័យសង្រ្គាមរបស់ជប៉ុន តាមរយៈមូលនិធិសាធារណៈដែលគាំទ្រដោយទីក្រុង សេអ៊ូល ដោយសង្ឃឹមថា នឹងធ្វើឲ្យប្រសើរឡើងវិញនូវទំនាក់ទំនងមិនល្អ ដែលបានរារាំងពាណិជ្ជកម្ម និង កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និង យោធា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ច័ន្ទ ទី ០៦ ខែ មីនា ឆ្នាំ ២០២៣។

ប្រទេសជប៉ុន និង សហរដ្ឋអាមេរិក បានស្វាគមន៍ភ្លាមៗចំពោះសេចក្ដីប្រកាសនេះ ប៉ុន្ដែជនរងគ្រោះបានរិះគន់សំណើរនេះ​ ព្រោះសំណងទាំងនេះគឺនៅមិនទាន់គ្រប់គ្រាន់ពីការទាមទាររបស់ពួកគេសម្រាប់ការសុំទោសយ៉ាងពេញលេញពីទីក្រុង តូក្យូ និង សំណងដោយផ្ទាល់ពីក្រុមហ៊ុនជប៉ុនដែលពាក់ព័ន្ធ។

ទីក្រុង សេអ៊ូល និង ទីក្រុង តូក្យូ បានបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្ដិសុខ ដើម្បីប្រឈមមុខនឹងការគំរាមគំហែងកាន់តែខ្លាំងឡើងពីរបបរបស់លោក គីម ជុងអ៊ុន ប៉ុន្ដែទំនាក់ទំនងទ្វេភាគីបានតានតឹងជាយូរមកហើយ ជុំវិញការគ្រប់គ្រងអាណានិគមដ៏ឃោឃៅរបស់ទីក្រុង តូក្យូ ពីឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥ នៃឧបទ្វីបកូរ៉េ។

យោងតាមទិន្នន័យពីទីក្រុង សេអ៊ូល បានឲ្យដឹងថា ជនជាតិកូរ៉េប្រហែល ៧៨០,០០០នាក់ ត្រូវបានបញ្ជូលទៅចំនួននៃជនរងគ្រោះពលកម្មដោយបង្ខំ ដោយប្រទេសជប៉ុន ក្នុងអំឡុងពេលកាន់កាប់រយៈពេល ៣៥ឆ្នាំ ទិន្នន័យនេះមិនរាប់បញ្ចូលស្រ្តីដែលត្រូវបានបង្ខំឲ្យធ្វើជាទាសករផ្លូវភេទដោយទាហានជប៉ុនទេ។

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Park Jin បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា នៅក្រោមផែនការនេះ ប្រទេសកូរ៉េខាងត្បូង នឹងផ្ដល់សំណងដល់អតីតពលករដោយបង្ខំតាមរយៈមូលនិធិសាធារណៈ ដែលផ្ដល់មូលនិធិដោយក្រុមហ៊ុនឯកជនដែលទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងសំណងឆ្នាំ ១៩៦៥ ជាមួយទីក្រុង តូក្យូ។

លោក Park បន្ដថា ការប្រកាសពីសំណើរនេះ មានបំណងដោះស្រាយបញ្ហាផ្ដល់សំណងដល់ពលរដ្ឋកូរ៉េចំនួន ១៥នាក់ ដែលបានឈ្នះការតតាំងតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុនជប៉ុនចំនួន២ ដោយក្រុមហ៊ុនទាំងនោះ រងការចោទប្រកាន់ថា កៀងគរពួកគេឲ្យទៅធ្វើការធ្ងន់ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២។

ទាក់ទិននឹងបញ្ហានេះ លោក Park សង្ឃឹមថា ប្រទេសជប៉ុន នឹងឆ្លើយតបដោយស្មោះ រួមទាំងអនុវត្តសេចក្ដីថ្លែងការណ៍ជាសាធារណៈពីកន្លងមកដែលជប៉ុនអាចបង្ហាញពីវិប្បដិសារី និង ការសុំទោស ដល់ប្រជាជនកូរ៉េ។

ជាមួយគ្នា រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Yoshimasa Hayashi បានប្រាប់អ្នកយកព័ត៌មានថា លោកសង្ឃឹមថា នឹងមានការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ទីក្រុង តូក្យូ ទទូចថា សន្ធិសញ្ញាឆ្នាំ ១៩៦៥ ដែលប្រទេសទាំង២ ស្ដារឡើងវិញនូវចំណងការទូតជាមួយនឹងកញ្ចប់សំណងប្រហែល ៨០០លានដុល្លារអាមេរិកជាជំនួយ និង កម្ចីការប្រាក់ទាប បានទូទាំងការទាមទារទាំងអស់រវាងប្រទេសទាំង២ ទាក់ទងនឹងសម័យអាណានិគម។

ទំនាក់ទំនងមិនល្អរវាងប្រទេសទាំង២ គឺជាចំណុចនៃក្តីបារម្ភសម្រាប់សហរដ្ឋអាមេរិក ដែលកំពុងស្វែងរកការបង្ហាញពីរណសិរ្សរួបរួមបន្ថែមទៀតជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងការកើនឡើងនៃអំណាចរបស់ចិន និងការគំរាមកំហែងពីឃ្លាំងអាវុធមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

ប្រភពរដ្ឋាភិបាលជប៉ុនដែលជិតស្និទ្ធនឹងនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកបាននឹងកំពុងជំរុញប្រទេសទាំង២ ឲ្យផ្សះផ្សាគ្នា ប៉ុន្ដែកត្តាសំខាន់ដែលជំរុញឲ្យប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol មានការផ្សះផ្សាឡើងវិញ គឺការគំរាមកំហែងភូមិសាស្រ្តនយោបាយពីកូរ៉េខាងជើង។

ទោះជាយ៉ាងណាក្ដី ទីក្រុង តូក្យូ បានអះអាងម្ដងហើយម្ដងទៀតថា បញ្ហាសំណងទាំងអស់ដែលទាក់ទងនឹងអាណានិគមជប៉ុនឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥ ត្រូវបានដោះស្រាយរួចហើយនៅក្នុងឆ្នាំ ១៩៦៥ ដើម្បីធ្វើឲ្យទំនាក់ទំនងការទូតទ្វេភាគីមានលក្ខណៈធម្មតា៕

ប្រភព៖ CNA

Share.