សិល្បៈជាតិ៖ ក្រោយទទួលបានការអញ្ជើញកោះហៅពីសមាគមសិល្បករខ្មែរក្នុងការជួបពិភាក្សាពាក់ព័ន្ធទៅនឹងអ្វីដែលមហាជនហាក់មានអារម្មណ៍ថ្នាំងថ្នាក់ចិត្ត និងប្រតិកម្មយ៉ាងខ្លាំងចំពោះស្នាដៃច្នៃម៉ូដរបស់បណ្ឌិតច្នៃម៉ូដ  ឯម រៀម ដែលមានលក្ខណៈស៊ិចស៊ីប្លែកៗមើលទៅជាន់ឈ្លី និងមិនឱ្យតម្លៃដល់សិល្បៈវប្បធម៌ប្រពៃណីខ្មែរនោះ លោកបានទទួលស្គាល់ថា ខ្លួនលោកពិតជាដើរហួសពីអ្វីដែលមហាជនទទួលយកបាន ចំពោះការច្នៃម៉ូដសហសម័យដែលជាទីពេញនិយម និងមានការគាំទ្រនៅបស្ចឹមប្រទេស។

លោក ឯម រៀម បានទទួលស្គាល់ចំពោះពាក្យរិះគន់របស់មហាជនពិតមែនមកលើរូបលោក និងព្រមទទួលយកនូវមតិកែលម្អរបស់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ ហើយសន្យាអនុវត្តតាមការកែណែនាំនានាលើកឡើងនៅក្នុងជំនួបនោះ។ ពោលគឺរូបលោកនៅតែបន្តច្នៃម៉ូដទៅតាមគំនិតរបស់ខ្លួន ដោយចៀសវាងនូវភាពស៊ិចស៊ីជ្រុលហួសហេតុនាំឱ្យមហាជនមិនពេញចិត្ត។

លោក ឯម រៀម ក៏បានប្ដេជ្ញាថា នឹងចូលរួមសហការជាមួយសមាគមសិល្បករខ្មែរ ដើម្បីកសាង និងអភិវឌ្ឍនូវស្នាដៃផ្សេងៗ ដោយឈរលើមូលដ្ឋាន អាចថែរក្សាបាននូវអត្តសញ្ញាណរបស់ជាតិ ក្នុងន័យរួបរួមសាមគ្គី រួមគ្នាលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ។

គួររំលឹកដែរថា សិល្បករ​ និងបណ្ឌិតច្នៃម៉ូដ ឯម រាម ​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ២០០០ សិក្សា៧ឆ្នាំ ផ្នែក​គំនូរ​ទំនើប គំនូរ​រូបិយ គំនូរ​អ​រូបិយ និង​គំនូរ​បែប​ច្នៃប្រឌិត។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​នៅ​ទី​នោះ លោក​ក៏​បាន​មក​បើក​វិចិត្រសាល​ផ្ទាល់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​លក់​និង​ដាក់​តាំង​ស្នាដៃ​របស់​ខ្លួន រហូត​ដល់​សព្វថ្ងៃ។ ក្រៅពីការងារសិល្បៈគំនូរ ប្រមាណជិត ២០ ​ឆ្នាំ​មកនេះ បណ្ឌិត​ច្នៃ​ម៉ូដ ឯម រៀម ធ្វើ​កិច្ចការ​ជាច្រើន និងរួមចំណែក​អភិវឌ្ឍន៍​ការច្នៃ​ម៉ូដនៅកម្ពុជា ដែល​ស្នាដៃ​របស់ផ្ដោតទៅលើ​គ្រឿងសង្ហារិម​ធ្វើ​ពី​ផ្តៅ ចម្លាក់ មកុដ និង​ការច្នៃ​ម៉ូដ​ជា​លក្ខណៈ​ក្បាច់បុរាណ​ខ្មែរជាដើម​៕

សូមស្ដាប់លោក បណ្ឌិតច្នៃម៉ូដ  ឯម រៀម ប្រាប់មកអ្នកសារព័ត៌មានត្រយងដូច្នោះ៖

Share.