ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានចាប់ខ្លួនជនសង្ស័យស្រីប្រុស ១១នាក់ និងរឹបអូសគ្រឿង ញៀនជាង៤៤ គីឡូក្រាម បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២២។

អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កាលពីថ្ងៃទី១៣ ដល់១៥ ខែ កក្កដា ឆ្នាំ២០២២ កម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ អ៊ិន សុង លោក វរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរ និងមានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង លោក សំរិទ្ធ សុខុន ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០៥គោលដៅផ្សេងគ្នាជាបន្តបន្ទាប់។

ដែលទីតាំងទី១ ស្ថិតនៅចំណុច សួនច្បារមាត់ទន្លេមុខវំាង ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងចាប់យកសារធាតុញៀនប្រមាណ១គីឡូ។

ទីតាំងទី២: នៅចំណុច ខុនដូឃ្វីន បន្ទប់ជួលលេខ៦០២ជាន់ទី៦ ផ្លូវលេខ៣០៨ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបានឃាត់ខ្លួនជនសង្ស័យ១នាក់ និងចាប់យកសារធាតុញៀនប្រមាណ ជាង៣គីឡូ។

ទីតាំងទី៣: បានបន្តពន្លាតដែនដីទៅខេត្តបន្ទាយមានជ័យ នៅចំណុច មុខសណ្ឋាគារហាក់ហួត២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ និងចាប់យកសារធាតុញៀន ២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម ។

ទីតាំងទី៤: ត្រង់ចំណុច ផ្ទះ៨០៣ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០១នាក់និងដកហូតថ្នាំញៀន០៣កញ្ចប់ធំ ប្រមាណ៣គីឡូក្រាម។

នឹងទីតាំងទី៥: ត្រង់ចំណុច ខ្ទមចំការស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៤នាក់និងដកហូតថ្នាំញៀន២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម។

ករណីចុះបង្រ្កាបទាំង៥ទីតាំងនេះ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១១នាក់ រួមទាំងដកហូតវត្ថុតាងគ្រឿងញៀនរួមមាន៖ ប្រភេទ កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ១គីឡូនិង៩៥២ក្រាម , មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ៤២គីឡូ និង៨៥៨ក្រាម, អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ១០៦ក្រាម សរុបទាំងអស់ ៤៤គីឡូ និង៩១៦ក្រាម។ រថយន្ត ០២គ្រឿង , ម៉ូតូ ០២គ្រឿង , អាវុធខ្លី ០១ដើម , គ្រាប់បែក ០១គ្រាប់, ជញ្ជីងថ្លឹង ៣គ្រឿង, ទូរស័ព្ទដៃ ៧គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី៕

អត្ថបទ៖ ចតុមុខ

Share.