សិល្បៈជាតិ៖ បញ្ហាពហីការមិនទៅមើលកុនថៃដែលកើតមាននៅលើបណ្ដាញសង្គមបានផ្ទុះឡើងម្ដងទៀត បន្ទាប់ពីអ្នកនិយមទស្សនាភាពយន្តមួយចំនួនពុះកញ្ច្រោលទៅទស្សនាភាពយន្តរឿង «ចៅយាយ» ដែលជាភាពយន្តល្បីរបស់ប្រទេសថៃ។

ប្រធានបទក្ដៅគគុកមួយនេះ បានដុតឱ្យអ្នកលេងបណ្ដាញសង្គមជាខ្មែរដូចគ្នា ឈ្លោះគ្នា ជេរប្រមាថគ្នា នៅក្នុងផ្ទះរបស់ខ្លួន រហូតដល់តារាចម្រៀង និងជាអ្នកនិពន្ធ គឺលោក ម៉ានិត ទ្រាំមិនបានផ្ដាំទៅអ្នកយកបញ្ហាទៅមើលកុនថៃមកឈ្លោះគ្នាឯងក្នុងផ្ទះ ឱ្យរំលឹកបន្ទាយលង្វែកជាមេរៀន។

សារព័ត៌មានត្រយង សូមសម្រង់ការបង្ហោះរបស់ ម៉ានិត ទាំងស្រុងដើម្បីឱ្យប្រិយមិត្តបានអានយល់ខ្លឹមសារដូចតទៅ៖

គួរឲ្យសោកស្ដាយណាស់ ដែលគេដុតយើង ហើយយើងឆេះតាមការអុជអាលរបស់គេ។ ករណីភាពយន្តថៃទៀតហើយ រឿង «ចៅយាយ» គិតដោយតម្លាភាព តើយើងល្ងង់ ឬយើងឆ្លាត? យើងខ្លាំង ឬយើងខ្សោយ? មើលទៅបែងចែកមិនដាច់។ គេអុជអាលម្យ៉ាងហើយ នៅមកខ្មែរយើង ផេកខ្មែរមួយចំនួនដៀលខ្មែរគ្នាឯង អ្នកខំមិនចូលដៀលជេរខ្មែរគ្នាឯងថាថោក ទៅមើលកុនថៃ។ និយាយតាមត្រង់ គេដុតឆេះហើយ ឈ្លោះស្អប់គ្នាឯងទៀត។ ហ្នឹងឬមនុស្សខ្លាំង ខ្មែរខ្លាំង? Boycott រឿងថៃបាន គឺជោគជ័យ?

ចំអកឡកឡាយ នេះហើយជាអ្វីដែលយើងឃើញជាប្រចាំនៅក្នុងសង្គមយើង។ អ្នកដែលគិតថាខ្លួនឆ្លាត ឡកឡាយឲ្យអ្នកដទៃថាល្ងង់ អន់ ចង់បញ្ឈប់ទង្វើមនុស្សម្នាក់ ដោយចំអកឲ្យគេថាអន់ សង្ឃឹមថាគេនឹងឈប់។ ដូចករណីកុនខ្មែរ កុនថៃ។ «អាណាទៅមើលរឿងថៃឆ្កែ» ឱ! បងប្អូនខ្មែរអើយ សូមបកមើលសម្ដីខ្លួន ទង្វើខ្លួន តើសម្ដីនេះនឹងចម្រើនវិស័យអ្វីមួយទេ? កុំយកលេសថា ថៃខាំមុន។ យើងមិនមែនឆ្កែទេ យើងមិនអាចខាំគេ ឲ្យដូចគេខាំយើងទេ។
សូមស្វែងយល់ពីតម្លៃយើងម្នាក់ៗ តម្លៃយើងស្ថិតលើចំណេះ កិរិយា សម្ដី។ ដូនតាយើងមិនបានបង្រៀនឲ្យយើងមើលងាយនរណាម្នាក់ទេ ព្រោះពូជឈាមយើងគឺខ្ពង់ខ្ពស់។

ជាក់ស្ដែង ភាពយន្តដែលល្អគួរតែទទួលបានការគាំទ្រ មិនថាសាសន៍អ្វីក៏ដោយ។ យើងត្រូវតែខំប្រឹង កុំចម្លង រៀនចិត្តធ្ងន់ មិនអាចចេះតែឆេះតាមការអុជអាលទេ។ ថៃដែលខំមិនអស់នោះជាកម្ទេចមនុស្សតាមបណ្ដាញសង្គម យើងពុំគួរឲ្យតម្លៃគេ ដល់ថ្នាក់យើងមកតបតដៀលគេផង ដៀលខ្មែរខ្លួនឯងផងដូចនេះទេ។ គេមិនរលាយឡើយ យើងទេអ្នករលាយ។ ខ្មែរឈ្លោះគ្នា ជាអ្វីដែលគេចង់ឃើញនោះហើយ។ ចង់ឈ្នះ ចង់ជោគជ័យ យើងត្រូវតែធ្វើខ្លួនជាចង្កឹះមួយបាច់។

ផេកខ្មែរមួយចំនួន បើផុសហើយចម្រើនតែlikeផេកខ្លួន ហើយបង្កចាក់រុកឲ្យខ្មែរឈ្លោះគ្នាទេ ខ្ចាត់ព្រាត់ឲ្យបាត់ទៅ ព្រោះអ្នកមិនខុសពីដង្កូវក្នុងសាច់ទេ។ រឿងខ្មែរកំពុងចាក់ផ្សាយល្អៗ ដូច «ម៉ែក្មេកខ្ញុំខ្មោច» មិនប្រឹងផុសទេ តែទិញសំបុត្រមើល មិនទៅមើលផង។ ដល់សប្បាយ គឺបានឃើញខ្មែរចូលជេរថៃ គឺអរ បានកើនlikeផេក។ ចង់ល្អ គឺកើតចេញពីខ្លួនយើង មិនអាចបានល្អដោយទម្លាក់អ្នកដទៃឡើយ។ យើងអាចរៀនសូត្រពីគ្នា ធ្វើភាពអវិជ្ជមានឲ្យកើតផលវិជ្ជមាន។ រឿងខ្មែរល្អ បរទេសនឹងគាំទ្រ តែការគាំទ្រដែលរឹងមាំ វាកើតពីផ្ទៃក្នុងយើង ពោលគឺប្រជាជនខ្មែរគ្នាយើងនោះហើយ។

តារាចម្រៀងប្រុសរូបនេះ បានបញ្ជាក់នៅក្នុង Comment ទៀតថា៖ « បន្ទាយលង្វែកជាមេរៀន។ ចំណេះជាស្ពាន ប្រឹងរៀនប្អូនៗ ប្រឹងស្វែងយល់បន្ថែមបងៗពូមីង »។

បន្ទាប់ពីអានសំណេររបស់លោក ម៉ុង ម៉ានិត រួចហើយ តើអ្នកគ្រប់គ្នាមានមតិបែបណាចំពោះបញ្ហាទស្សនាភាពយន្តនៅកម្ពុជា?

Share.