ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនបុរសវ័យចំណាស់ម្នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (រឿងដាក់តម្កល់ប្រាក់ប្រមាណ៦០ម៉ឺនដុល្លារ) នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

បុរសវ័យចំណាសរូបនោះមានឈ្មោះ ហោ ស៊ីមលាង ភេទប្រុសអាយុ៦៤ ឆ្នាំ មុខរបរ ជាពាណិជ្ជករ មានទីលំនៅផ្ទះលេខ១២១ ផ្លូវលេខ៣ ៤៨ សង្កាត់ទទលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បុរសរូបនេះត្រូវបានចាប់តាមដីកាបង្គាប់របស់លោក ញឹម ពិសាល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ ហោ ស៊ីមលាង ដោយបានបញ្ជាក់ថា ត្រូវបានចោទប្រកាន់ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដែលបទល្មើសព្រហ្មទណ្ឌនេះមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។

តាមដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលេខ ២៤១០ “ល” ដ.ព.ស ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់កាតព្វកិច្ចឲ្យជនត្រូវចោទឈ្មោះ ហោ ស៊ីមលាង គោរពកាតព្វកិច្ចត្រូវដាក់ប្រាក់តម្កល់ខ្លួនចំនួន ៦០ ម៉ឺនដុល្លារ នៅសាលាដំបូងរាជធានីភ្នំពេញ គិតពីថ្ងៃចេញដីកានេះទៅ ។ ដីកាសម្រេចនេះ ត្រូវបានសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្កល់ទុកជាបានការដដែល តាមសាលដីកាលេខ ៥៤ ក្រ ឃ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនត្រូវចោទឈ្មោះ ហោ ស៊ីមលាង មិនបានអនុវត្តកាតព្វកិច្ចយកប្រាក់មកដាក់តម្កល់ តាមដីកាសម្រេច ដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ តាមហេតុផលនេះបញ្ជាក់បានថា ជនត្រូចោទបានគេចវេះដោយចេតនាពីកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ ៕

អត្ថបទ៖​ ចតុមុខ

Share.