អង្គការសុខភាពពិភពលោកបាននិយាយថា មន្ត្រីចិនរាយការណ៍ថា ពួកគេមិនបានរកឃើញ «មេរោគខុសពីធម្មតា ចម្លែក ឬជំងឺឆ្លងថ្មីណាមួយ» នៅក្នុងប្រទេសចិននេះទេ បន្ទាប់ពីទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បានធ្វើសំណើផ្លូវការមួយសម្រាប់សាកសួរព័ត៌មានអំពីការផ្ទុះឡើងនៃជំងឺរលាកសួតដ៏អាថ៌កំបាំងនៅភាគខាងជើងប្រទេសចិន ដែលភាគច្រើនប៉ះពាល់ដល់កុមារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រទេសចិន បាននិងកំពុងជួបប្រទះនូវការកើនឡើងនៃករណីជំងឺដែលស្រដៀងនឹងជំងឺគ្រុនផ្តាសាយ បើធៀបនឹងរយៈពេលដូចគ្នាកាលពី ៣ឆ្នាំមុន នៅពេលដែលវិធានការតឹងរឹងត្រូវបានដាក់ជាធរមាន ជាផ្នែកនៃយុទ្ធសាស្ត្រ Zero-COVID របស់ខ្លួន។ ប៉ុន្ដែគោលនយោបាយនោះត្រូវបានដកចេញភ្លាមៗកាលពីខែធ្នូ ឆ្នាំ ២០២២។

WHO បានកត់សម្គាល់ថា គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិន បានប្រាប់សន្និសីទសារព័ត៌មានកាលពីដើមខែនេះថា មានការកើនឡើងនៃជំងឺផ្លូវដង្ហើម ដែលបណ្តាលមកពីការដកវិធានការទប់ស្កាត់មេរោគកូវីដ១៩ និងការរីករាលដាលនៃជំងឺផ្សេងៗ ដែលមេរោគបង្កជំងឺមានដូចជា ជំងឺគ្រុនផ្តាសាយ ជំងឺរលាកសួត mycoplasma (ការឆ្លងមេរោគបាក់តេរីទូទៅដែលជាធម្មតាប៉ះពាល់ដល់កុមារតូចៗ) និងមេរោគផ្លូវដង្ហើម (RSV) ។

កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធតាមដានជំងឺ ProMED ដែលជាប្រព័ន្ធវេជ្ជសាស្ត្រតាមអ៊ីនធឺណិត សម្រាប់ឃ្លាំមើលការផ្ទុះឡើងជាសកលនៃជំងឺរលាកសួត បានលើកឡើងនូវសំណួរនៅចុងឆ្នាំ២០១៩ អំពីជំងឺចម្លែកមួយ ដែលកំពុងចរាចរនៅទីក្រុង Wuhan ដែលក្រោយមកបានក្លាយជាមេរោគ COVID-19 បានកត់សម្គាល់ពីការកើនឡើងនៃរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីចង្កោមនៃជំងឺរលាកសួតដែលមិនបានធ្វើរោគវិនិច្ឆ័យក្នុងចំណោមកុមារនៅភាគខាងជើងប្រទេសចិន។

ទាក់ទិននឹង​បញ្ហានេះ FTV News ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ាន់បានរាយការណ៍ថា «មន្ទីរពេទ្យកុមារនៅទីក្រុងប៉េកាំង ឡៅនីង និងកន្លែងផ្សេងទៀតនៅភាគខាងជើងប្រទេសចិន ពោរពេញដោយអ្នកជំងឺជាកុមារ ហើយឪពុកម្តាយកំពុងចោទសួរថា តើអាជ្ញាធរកំពុងបិទបាំងពីការរាតត្បាតនេះដែរឬទេ»។

យ៉ាងណាម៉ិញ ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា ខ្លួនបានសន្ទនាតាមទូរស័ព្ទជាមួយមន្ត្រីសុខាភិបាលចិន កាលពីថ្ងៃព្រហស្បតិ៍ អំឡុងពេលទិន្នន័យដែលខ្លួនស្នើសុំព័ត៌មានបន្ថែមត្រូវបានផ្តល់ជូន។ ប៉ុន្ដែរបាយការណ៍ទាំងនេះ បានបង្ហាញពីការកើនឡើងនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់កុមារ ដោយសារតែជំងឺជាច្រើនប្រភេទ រួមទាំងការឆ្លងមេរោគបាក់តេរី RSV គ្រុនផ្តាសាយ និងវីរុសផ្តាសាយធម្មតាចាប់តាំងពីខែតុលា។

ស្របពេលជាមួយគ្នា WHO បានជំរុញឱ្យប្រជាជនក្នុងប្រទេសចិនចាត់វិធានការ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺផ្លូវដង្ហើម រួមទាំងការធ្វើបច្ចុប្បន្នភាពការចាក់វ៉ាក់សាំង រក្សាគម្លាតពីមនុស្សផ្សេងទៀត ពាក់ម៉ាស់នៅពេលចាំបាច់ និងនៅផ្ទះពេលឈឺ ហើយការធ្វើតេស្ដរកមេរោគផ្សេងៗនៅតែមានភាពចាំបាច់ និងមានសារៈសំខាន់ផងដែរ។

បន្ទាប់ពីការស្នើសុំរបស់អង្គការសុខភាពពិភពលោក ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានចុះផ្សាយអត្ថបទមួយដែលបានដកស្រង់សម្តីមន្ត្រីនៃគណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិន (NHC) ដោយនិយាយថា ពួកគេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការធ្វើរោគវិនិច្ឆ័យ និងការថែទាំកុមារដែលមានជំងឺផ្លូវដង្ហើម៕

ប្រភព៖ Aljazeera

Share.