រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានព្រមានហ្វីលីពីន ឱ្យដោះស្រាយបញ្ហាតាមរយៈការសន្ទនា អ្វីដែលចិនមើលឃើញថាជា «ការលំបាកដ៏ធ្ងន់ធ្ងរ» នៅចំពោះមុខទំនាក់ទំនងរបស់ប្រទេសទាំង២ ជុំវិញសមុទ្រចិនខាងត្បូង ដែលបានកើតឡើងដោយឧប្បត្តិហេតុ រវាងនាវារបស់ភាគីទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣។

ទីក្រុងប៉េកាំង និងទីក្រុងម៉ានីលបានធ្វើការចោទប្រកាន់គ្នាយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជុំវិញការរត់ការពាក់ព័ន្ធនឹងទូកនេសាទ នាវាឆ្មាំឆ្នេរសមុទ្រ និងនាវាផ្សេងទៀតនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាច្រករបៀងពាណិជ្ជកម្មយុទ្ធសាស្ត្រដែលប្រទេសទាំង២ មានការទាមទារកាន់កាប់ជាកម្មសិទ្ធិរាងខ្លួន។

លោក Wang បានប្រាប់សមភាគីហ្វីលីពីនតាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Enrique Manalo កាលពីថ្ងៃពុធ ថា «ប្រសិនបើប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ធ្វើការវិនិច្ឆ័យខុស ឬឃុបឃិតជាមួយកងកម្លាំងខាងក្រៅ នៅក្នុងដែនទឹកជម្លោះ នោះប្រទេសចិន នឹងការពារសិទ្ធិរបស់ខ្លួន រួមទាំងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​ដក​ស្រង់​សម្តី​លោក Wang ដែល​បាន​និយាយ​ថា​៖ «​ទំនាក់ទំនង​ចិន​ និង​ហ្វីលីពីន​កំពុងស្ថិត​នៅ​ផ្លូវ​បំបែក​មួយ​ ពោលគឺ ត្រូវប្រឈមនឹងជម្រើសថា តើត្រូវដោះស្រាយយ៉ាងដូចម្ដេច ហើយហ្វីលីពីនត្រូវតែធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន»។

ភ្លាមៗ​នោះ​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​ នរណា​ជា​អ្នក​ផ្ដើម​ការ​ហៅ​ទូរសព្ទ​នោះ​ទេ។ ចិន​ទាមទារ​យក​ដែនទឹក​ភាគច្រើន​នៅក្នុង​អ្វី​ដែល​ហៅថា Nine Dash Line ដែល​មានប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និង​វៀតណាម​ ជាដៃគូប្រកួតប្រជែង។

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែធ្នូ ហ្វីលីពីន បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងម៉ានីល ឱ្យចូលជួបដើម្បីសម្ដែងការតវ៉ា ក្រោយឆ្មាំសមុទ្រហ្វីលីពីន ចោទថា នាវាឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ទឹកដាក់ទូករបស់ខ្លួន ដែលកំពុងធ្វើបេសកកម្មផ្គត់ផ្គង់សម្ភារៈចាំបាច់ ដល់អ្នកនេសាទ និងទាហានហ្វីលីពីន មួយក្រុមតូច ដែលកំពុងឈរជើងនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។ នៅក្នុងឧប្បត្តិហេតុនោះ ក៏មានការបុកទង្គិចគ្នារវាងនាវាចិន និងទូកហ្វីលីពីន ផងដែរ ហើយទាំងទីក្រុងប៉េកាំង និងម៉ានីល បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក៕

ប្រភព៖ CNA

Share.