ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ខណៈមេឃកំពុងភ្លៀងខ្លាំង ជនសង្ស័យ២នាក់ បានលួចហែកទ្រុងដែកនៃបន្ទប់ឃុំឃាំង រត់យករួចខ្លួនបានសម្រេច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង ៥០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
![](https://cdn.troryorng.com/wp-content/uploads/2023/04/28013109/image-576.png)
-ជនសង្ស័យទាំងពីរ ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនបរទេសស្បែកខ្មៅ ដោយជនសង្ស័យទាំង២បានជាប់ពាក់ព័ន្ធករណី២ផ្សេងគ្នា ក្នុងនោះជនបរទេសស្បែកខ្មៅ ជាប់ពាក់ព័ន្ធពីបទឧក្រិដ្ឋកម្មសម្លាប់មនុស្សដោយចេតនា និងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។
![](https://cdn.troryorng.com/wp-content/uploads/2023/04/28013105/IMG_20230426_100533.jpg)
-ចំណែកជនសង្ស័យជនជាតិខ្មែរ មានឈ្មោះ ទូ គីម ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងបាញ់ថ្នាំរថយន្ត រស់នៅភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជាប់ពាក់ព័ន្ធករណីលួចរថយន្តសេរីទំនើបពីមូលដ្ឋានខណ្ឌឫស្សីកែវ និងបានរត់គេចខ្លួនដល់ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់បានកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនមកឃុំ ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។
![](https://cdn.troryorng.com/wp-content/uploads/2023/04/28013108/image-577-1024x576.png)
-បច្ចុប្បន្នមិនទាន់មានដំណឹងពីជនសង្ស័យនៅឡើយនោះទេ ដោយជនទាំងពីរនេះកំពុងរត់គេចខ្លួន និងស្ថិតក្រោមការតាមដានស្រាវជ្រាវរបស់សមត្ថកិច្ច ដើម្បីតាមឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវវិញផងដែរ៕
![](https://cdn.troryorng.com/wp-content/uploads/2023/04/28013104/IMG_20230426_100559.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/04/28013104/IMG_20230426_100640.jpg)
អត្ថបទ៖ ទូច វិច្ឆិកា
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043752/Troryorng-Telegram-1-1024x126-1-1-1.jpg)