សិល្បៈជាតិ៖ ប៉ុន្មានម៉ោងមុននេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងអ៊ីនស្ដាក្រាម អ្នកលេងបណ្ដាញសង្គមបានចាប់អារម្មណ៍ចំពោះការបង្ហោះរបស់តារាភាពយន្តអាមេរិកល្បីឈ្មោះម្នាក់ដែលបានធ្វើដំណើរមកកម្សាន្តនៅខេត្ត សៀមរាប និងបានបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូកនៅចំពីមុខប្រាសាទអង្គរវត្ត។

ក្រៅពីរូបភាពត្រជាក់ភ្នែក និងគួរឱ្យគយគន់ពីសម្រស់តារាភាពយន្តអាមេរិករូបនេះ នាងក៏បានបង្ហោះសារមួយឃ្លាថា ៖ «The magic of Angkor Wat» ដោយមានន័យថា៖ «វេទមន្តដ៏អស្ចារ្យ នៃប្រាសាទអង្គរវត្ត»។ តើនាង Emeraude Toubia នាងជាអ្នកណា និងមានប្រវត្តិបែបណាខ្លះ? ហើយនាងមកប្រាសាទអង្គរវត្តមានចេតនាបែបណានោះ? តស់មកតាមដានជាមួយសារព័ត៌មានត្រយងទាំងអស់៖

នាង Emeraude Toubia ជាតារាភាពយន្តល្បីឈ្មោះនៅសហរដ្ឋអាមេរិក កើតថ្ងៃទី១ខែមីនា ឆ្នាំ ១៩៨៩ នាងត្រូវបានអ្នកគាំទ្រចំណាំមុខខ្លាំងនៅក្នុងភាពយន្តល្បីៗជាច្រើនដែលមានបញ្ចាំងនៅលើផ្លេតហ្វ័ម Amazon Prime។ នាងមានម្ដាយឈ្មោះ Mirta Sonia ជាជនជាតិម៉ិកស៊ិក និងមានឪពុកឈ្មោះ Gaby Toubia ជាជនជាតិអាមេរិកកូនកាត់លីបង់។

នៅវ័យកុមារភាព នាងបានទទួលការបណ្ដុះបណ្ដាលជំនាញរបាំបុរាណដែលមានដូចជា របាំបាឡេ របាំប្រជាប្រិយអេស្បាញ និងរបាំសហសម័យ។ នៅពេលគ្រប់អាយុពេញវ័យនាងបានចូលរួមប្រកួតសម្រស់ និងបានគ្រងមកុដជាច្រើនកម្មវិធីប្រកួតដូចជា Miss South Texas, Miss Rio Grande Valley America និង Miss Teen Brownsville។

នាងបានបង្ហាញមុនៅក្នុងសិល្បៈចាប់ទាំងពីឆ្នាំ ២០២៨ ហើយតាំងពីឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០២៣ នាង Emeraude Toubia បានចូលរួមសម្ដែងនៅក្នុងភាពយន្តភាគជាសេរីជាច្រើនរឿង ដែលស្នាដៃចុងក្រោយបង្អស់មានចំណងជើងថា « With Love» ជារឿងភាគល្បីដែលនាងសម្ដែងជាតួឯកស្រីធំតែម្ដង។

សម្រាប់ជីវិតឯកជនតារាស្រីល្បីឈ្មោះរូបនេះវិញ នៅឆ្នាំ ២០១១ នាងមានទំនាក់ទំនងស្នេហាជាតារាចម្រៀងប្រុស Prince Royce និងបានរៀបមង្គលការជាមួយនៅឆ្នាំ ២០១៨ នៅវិមាន San Miguel de Allende ។ បន្ទាប់ពីស្រឡាញ់គ្នាបាន ៤ ឆ្នាំ នៅឆ្នាំ ២០២២ អ្នកទាំងពីរបានសម្រេចចិត្តលែងលះគ្នាវិញ។

ស្នាដៃពានរង្វាន់នៅក្នុងចង្កោមសិល្បៈ នាង Emeraude Toubia ធ្លាប់ទទួលបានពានរង្វាន់ចំនួន ២ពីកម្មវិធី Teen Choice Awards លើកទី ១៩ នៅឆ្នាំ ២០១៧ និងលើកទី ២០ ឆ្នាំ ២០១៨។

យ៉ាងណាមិញ ចំពោះដំណើរមកកាន់ទឹកដីដ៏ស្រស់ត្រកាលនៃព្រះរាជណាចក្រកម្ពុជាលើកនេះ នាង Emeraude Toubia មិនបានបញ្ជាក់ពីគោលបំណងអ្វីឱ្យពិតប្រាដកនោះទេ គ្រាន់តែគ្រប់គ្នាបានដឹងថា នាងមានដំណើរកម្សាន្តទៅតាមតំបន់ធម្មជាតិ និងវប្បធម៌ជាច្រើនកន្លែងនៅលើទឹកដីខេត្តសៀមរាបផង និងជាចំណែកមួយចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍អង្គរផងដែរ៕

Share.