ភ្នំពេញ៖ លោក ស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២២ បានប្រកាសសាល​ក្រមផ្តន្ទាទោស​លើជនជាប់ចោទឈ្មោះ Lebechi Charles kelichi ភេទប្រុសអាយុ៣៣ ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ដាក់ពន្ធនាគារចំនួន២៥ឆ្នាំ ពិន័យជាប្រាក់ចំនួន៨០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ. ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

សមត្ថកិច្ចនៃមន្រ្តីប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ បានចុះបង្ក្រាបករណី នឹងចាប់ខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ និងរឹបអូសគ្រឿងញៀនជិតកន្លះគីឡូក្រាម នៅចំណុចផ្លូវបេតុងក្រោយវត្តសន្សំកុសល សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញជនសង្ស័យឈ្មោះ Lebechi Charles kelichi ភេទប្រុស ឆ្នាំកំណើត ១៩៨៨ ជនជាតិ នីហ្សេរីយ៉ា កាន់លិខិតឆ្លងដែងលេខ A08315794 មុខរបរ នឹងស្នាក់នៅមិនពិតប្រាកដ ។

ករណីខាងលើនេះសមត្តកិច្ចបានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នង ការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ក្នុងការបង្រ្កាបករណីជួញដូរគ្រឿងញៀននេះត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧)ដឹកនាំដោយ លោក វ័រ វុទ្ធា នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាបលើករណីជនជាតិនីហ្សេរីយ៉ាម្នាក់ ។

សូមជម្រាបថាសមត្ថកិច្ចបានដកហូត សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE)ទម្ងន់សុទ្ធ ៤៩៩.៤០ក្រាម (ជិតកន្លះគីឡូក្រាម) ពីជនជាប់ចោទ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំតាមនីតិវិធី ផងដែរ៕

Share.