ចូវ ស៊ិងឈើ ឬ ទិនហ្វី​ ​ម្ចាស់​រហស្សនាម​ ស្ដេចកំប្លែងហុងកុង ​ជា​តារា​សម្ដែង​ដែល​បាន​វិវត្ត​ខ្លួន​មក​ជា​អ្នក​ដឹកនាំ​មាន​ស្នាដៃ​ភាពយន្ត​​ទទួលបាន​ជោគជ័យ​យ៉ាង​ច្រើន តាមរយៈ​ស្នាដៃ​ដឹកនាំរឿង​បែប​កំប្លែង​សើច​សប្បាយ​រំសាយ​កង្វល់​ ប៉ុន្តែ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដឹង​ថា​បុរស​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​រីករាយ​ធ្លាប់​មាន​ប្រវត្តិ​ជូរចត់​លំបាក​លំបិន​ជាង​ភាព​យន្ត​អ្នក​សុំ​ទាន​ដែល​គេ​ធ្លាប់​បាន​សម្ដែង​ទៀត។​​

នៅ​ក្នុង​កម្មវិធី​សម្ភាសន៍​មួយ​ ទិនហ្វី​ ​ធ្លាប់​បាន​បង្ហើប​ឱ្យ​ដឹង​ថា​មាន​ម្ដង​នោះ​លោក​បាន​ធ្វើ​ឱ្យ​ភ្លៅមាន់​ជ្រុះ​ដី​ ដោយ​សារ​តែ​ជីវភាព​ក្រីក្រ​ម្ដាយ​លោក​បាន​រើស​យក​ភ្លៅមាន់​​នោះ​មកលាង​ទឹក​ក្ដៅ​ពិសារ​វិញ​។​

កាល​លោក​មាន​អាយុ​៧​ឆ្នាំ​ ក្នុង​កំឡុង​ឆ្នាំ​១៩៦៨ ឪពុកម្ដាយ​លោក​បាន​ចែក​ផ្លូវ​គ្នា ដោយ​តុលាការ​បាន​កាត់​ក្ដី​ឱ្យ​លោក​និង​បងស្រី​ ព្រម​ទាំង​ប្អូន​ស្រី​រស់​នៅ​ជាមួយ​នឹង​ម្ដាយ​។

​ស្ត្រី​មេម៉ាយ​ត្រូវ​ចិញ្ចឹម​កូន​៣​នាក់​ឱ្យ​បាន​រៀន​សូត្រ​និង​ហូបចុក​គ្រប់​គ្រាន់​គឺជា​រឿង​មួយ​លំបាក​ព្រោះ​កូន​តូច​ៗ​សុទ្ធតែ​ស្ថិត​ក្នុង​វ័យ​ចម្រើន​លូតលាស់​។ ​ទិនហ្វី​ ​ជា​ក្មេងឆ្លាត ​តាំង​ចិត្ត​រៀន ធ្វើ​ឱ្យម្ដាយ​ស្រលាញ់​ជាង​គេ​ តែ​លោក​ក៏​មាន​ចរិត​អាក្រក់​ គឺ​ឱ្យ​តែ​ពេល​ញ៉ាំ​បាយ​គឺ​លោក​តែងតែ​យក​ម្ហូប​មក​ដាក់​មុខ​ខ្លួន​ ទំពារ​ម្ហូប​ហើយ​ខ្ជាក់​ចូល​ចានម្ហូប​វិញ​។

ថ្ងៃ​មួយ​ម្ដាយ​លោក​ខាន​បើក​ប្រាក់ខែ​ពីរ​ខែ​ជាប់​គ្នា​ ម្ដាយ​លោក​បាន​ខ្ចី​ប្រាក់​គេ​មក​ទិញ​ភ្លៅមាន់​ពីរ​ដើម្បី​ហូប​ ពេល​ចម្អិន​រួច​លោក​បាន​យក​ភ្លៅមាន់​មួយ​ដុំ​ធំ​នោះ​មក​ខាំ​ហូប​រួច​ញាក់មុខ​ញាក់​មាត់​ដាក់​បងប្អូន​លោក​ រហូត​ធ្វើ​ឱ្យ​ភ្លៅមាន់​របូត​ពី​ដៃ​ ប្រឡាក់​ដី​អស់​ ពេល​នោះ​ម្ដាយ​លោក​ខឹង​យ៉ាង​ខ្លាំង​ហើយ​បាន​វាយ​លោក​។ ម្ដាយ​លោក​ខឹង​យ៉ាង​ខ្លាំង​ហើយ​បាន​វាយ​លោក តែ​ក្រោយ​មក​ម្ដាយ​បាន​ឱប​​ហើយសួរ​លោក​ថា​ «នៅ​ឈឺ​ទេ? ថ្ងៃ​ក្រោយ​រពិស​ទៀត​ទេ? គេង​ទៅ​ ស្អែក​ត្រូវ​ទៅ​សាលារៀន»

យ៉ាង​ណា​មិញ​អាថ៌កំបាំង​ដែល​ទិនហ្វី​​ព្យាយាម​លាក់​បាំង​នោះ​គឺ​ លោក​ដឹង​ថា​ម្ដាយ​លំបាក បើលោក​មិន​ធ្វើពុត​ឱ្យ​ភ្លៅមាន់​ធ្លាក់​ដី​ ម្ដាយ​លោក​ម្ចាស់​ជា​ទុក​ឱ្យ​កូន​ញ៉ាំ​ខ្លួនឯង​ ដូច្នេះ​ទើប​លោក​កើត​គំ​និត​ទំពារ​ម្ហូប​ហើយ​ខ្ជាក់​មក​វិញ​ ធ្វើ​បែប​នេះ​ម្ដាយ​លោក​ម្ចាស់​ជា​​យក​មក​ពិសារ​ព្រោះ​តែ​ស្ដាយ​។ ក្រោយ​ម្ដាយ​របស់​លោក​បាន​ស្ដាប់​ឮ​អាថ៌កំបាំង​នេះ​ លោក​ស្រី​បាន​ស្រក់​ទឹកភ្នែក​ហើយ​​រៀបរាប់​ថា​លោក​ស្រី គួរ​តែ​ដឹង​តាំង​ពី​យូរ​ ព្រោះ​កូន​ប្រុស​ជា​ក្មេង​ល្អ​ស្ដាប់​បង្គាប់​ តែ​មាន​ចរិត​អាក្រក់​តែមួយ​នេះ​គត់​។

ទិនហ្វី​បាន​និយាយ​មួយ​ប្រយោគ​ប្រកប​ដោយ​អត្ថន័យ​​ថា​ សម្រាប់​លោក​មាន​ស្នាដៃ​ដឹកនាំ​និង​សម្ដែង​ជា​ច្រើន​រឿង​ ប៉ុន្តែ​រឿង​ដែល​លោក​គិត​ថា​សម្ដែង​បាន​ល្អ​បំផុត​គឺ​នៅ​ពេល​លោក​មាន​អាយុ​៧​ឆ្នាំ​ ព្រោះ​ជា​ការ​សម្ដែង​ចេញ​ពី​ក្រអៅ​បេះដូង​ដោយ​មាន​​អ្នក​ទស្សនា​តែ​ម្នាក់​គត់​ គឺ​ម្ដាយ​របស់​លោក​។

ទស្សនាវីដេអូព័ត៌មានខាងក្រោម៖

Telegram-Troryorng
Share.