ភ្នំពេញ ៖ ទំនាស់រឿងព្រំដី រវាងអ្នកជិតខាងនឹងគ្នា រហូតដល់លោកឧកញ៉ាទប់ចិត្តមិនបាន ប្រើប្រាស់អាវុធខ្លី ចូលបាញ់លើគូទំនាស់ដល់ក្នុងផ្ទះ បណ្តាលឱ្យស្លាប់ម្នាក់នៅកន្លែង ស្ត្រីម្នាក់ជាគូដណ្តឹង ស្លាប់នៅមន្ទីរពេទ្យ ចំណែកបុគ្គលិកម្នាក់រងរបួសធ្ងន់ ជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងមនុស្សប្រុសស្រី៥នាក់ ត្រូវបានសមត្ថកិច្ចហៅទៅសាកសួរ ។

ករណីឃាតកម្មខាងលើ កើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីេសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ២៦ ផ្លូវលេខ១០អេស បុរីប៉េងហួតបឹងស្នោ គម្រោងទី៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនដៃដល់មានឈ្មោះ ស្រី សុីណា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅផ្ទះលេខ៤៤ ផ្លូវលេខ៣៩០ ភូមិ១ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះស្លាប់ឈ្មោះ ឡុង លីសុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ថតរូប រស់នៅផ្ទះកើតហេតុ និងគូដណ្តឹង ឈ្មោះ ឃីន កញ្ចនា អាយុ២៥ឆ្នាំ មុខរបរ ឌីសាញ រស់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅឯខេត្តកំពត ។ រីឯជនរងគ្រោះម្នាក់ របួសធ្ងន់ ជាបុគ្គលិក បម្រើការងារ នៅហាងខាងលើ ។

ករណីឃាតកម្មខាងលើផ្តើមចេញពីទំនាស់រឿងព្រំដីជាប់គ្នា ឈ្លោះរឿងស្នួហាលខោអាវ ផើងផ្កា ចតរថយន្ត មែកស្វាយ ប៉ះពៀរលើសលស់គ្នាបន្តិចបន្តួច ក្លាយជាគំនុំ រហូតដល់ ជនសង្ស័យ ជាម្ចាស់ សាច់ញាតិ ផ្ទះកើតហេតុ មានងារជាឧកញ៉ា ប្រដាប់ដោយអាវុធខ្លី ទៅតាមរករឿង ឈ្លោះ ដកកាំភ្លើងបាញ់ដល់ក្នុងផ្ទះ បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកស្ត្រីជាគូដណ្តឹងស្លាប់ ពេលដឹកបញ្ជូនដល់មន្ទីរពេទ្យ និងបុរសជាបុគ្គលិកម្នាក់រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

ដោយឡែកជនដៃដល់វិញ ក្រោយពីបាញ់ប្រហារផ្តាច់ជីវិត គូទំនាស់ហើយ បានគេចខ្លួន ហើយពឹងឱ្យសន្តិសុខម្នាក់ ឌុបតាមម៉ូតូជិះចេញមកក្រៅបុរី បន្តឡើងបើករថយន្តសាំយ៉ាង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BL-9923 បន្តបើកគេចខ្លួន ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ឆែកកាមេរ៉ាសយវត្តិភាព ស្រាវជ្រាវឃាត់ខ្លួនបាន បុរសជាសន្តិសុខម្នាក់ ជិះម៉ូតូZOOMER ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GX-9541 ដែលជនសង្ស័យពឹងឱ្យជួយឌុបចេញក្រៅបុរី ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចប្រកាសស្ទាក់ចាប់ខ្លួន ទីបំផុតសមត្ថកិច្ចប្រទះឃើញរថយន្ត ភិនភាគខាងលើ ក៏ឃាត់បាន នៅតាមផ្លូវជាតិ៥១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាំយកទៅសាកសួរបឋមនៅអធិការដ្ឋានស្រុកអង្គស្នួល រួចបញ្ជូនទៅស្នងការក្រុងភ្នំពេញ ដើម្បីអនុវត្តបន្តរាមនីតិវិធី ។ ដោយឡែក បុរសសន្តិសុខយាមបុរីម្នាក់ និងអ្នកនៅផ្ទះ ជាប់គ្នាជាមួយផ្ទះជនរងគ្រោះចំនួន៤នាក់ ស្រី២នាក់ ប្រុស២នាក់ សរុប៥នាក់ ត្រូវបានសមត្ថកិច្ចហៅនាំយកទៅសាកសួរផងដែរ ។

សពជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារ ខាងប្រុស ដឹកបញ្ជូនយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តក្តីចាស់ ខណ្ឌជ្រោយចង្វារ រីឯសពស្ត្រីជាគូដណ្តឹង ត្រូវបានដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯខេត្តកំពត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.