ភ្នំពេញ៖ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលជាតិចំណុះឲ្យក្រសួងមហាផ្ទៃ គឺបានចេញប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនបានចំនួន៨៥ករណី ឃាត់ខ្លួនអ្នកដែលពាក់ព័ន្ធនឹងបទល្មើសទាំងអស់នោះចំនួន ២២៥នាក់។ នេះបើតាម លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងនៅថ្ងៃ ទិ១៧ ខែមិថុនា ឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យរងរូបនេះ បានបញ្ជាក់ទៀតថា បទល្មើសគ្រឿងញៀនដែលកើតឡើងក្នុងអំឡុង០៥ថ្ងៃនេះ គឺបានកើតនៅលើដែនដីនៃរាជធានីភ្នំពេញ និងបណ្ដាខេត្ត សរុបមានចំនួន១៧ រាជធានី/ខេត្ត ហើយក្នុងនោះក៏មានកិច្ចប្រតិបត្តិការរបស់មន្ទីរប្រឆាំងគ្រឿងញៀន ចំណុះផ្ទាល់ឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានចេញប្រតិបត្តិការបង្ក្រាបបានចំនួន០៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន១២នាក់។

សម្រាប់រាជធានី/ខេត្តទាំង១៧ ដែលសមត្ថកិច្ចតាមមូលដ្ឋានបានបង្ក្រាបគ្រឿងញៀននេះ ក្នុងនោះគឺមាននៅក្នុងរាជធានីភ្នំពេញបង្ក្រាបបានចំនួន២៦ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន៤២នាក់ តួលេខនេះគឺច្រើនជាងគេបានបើធៀបទៅនឹងតាមបណ្ដាខេត្តនានាក្នុងចំណោម១៧ រាជធានី/ខេត្ត។ សៀមរាប បង្ក្រាបបានចំនួន០៥ករណីឃាត់ខ្លួនមនុស្សចំនួន៣៥នាក់។ ព្រះសីហនុ បង្ក្រាបបានចំនួន០៧រករណី ឃាត់ខ្លួនមនុស្សបាន៣២នាក់។ កំពង់ធំ បង្រ្កាបបាន០៨ករណី ឃាត់ខ្លួន៣១នាក់។ ខេត្តកណ្តាល មាន០៧ករណី ឃាត់ខ្លួនបានចំនួន១៤នាក់។ ក្រចេះចំនួនព០២ករណី ឃាត់ខ្លួនចំនួន០៧នាក់។ ប៉ៃលិន បង្ក្រាបបាន០២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ដែរ ។ តាកែវ មកើតឡើងចំនួនប០៤ករណី ឃាត់ខ្លួន០៧នាក់។ កំពង់ស្ពឺ បង្រ្កាបបាន០១ករណី ឃាត់ចំនួន០៦នាក់។ កំពង់ចាម ០២ករណី ឃាត់ខ្លួនបាន០៥នាក់។ បាត់ដំបង ចំនួន០៣ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់។ ពោធិ៍សាត់ ០២ករណី ឃាត់ខ្លួនបានចំនួ០២នាក់។ ហើយការបង្រ្កាបជាបន្តបន្ទាប់ទាំងអស់នេះ វាជាករណីគ្រឿងញៀនបែបទ្រង់ទ្រាយតូចតែប៉ុណ្ណោះទេ។

លោកបន្តទៀតថា អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺនៅក្នុងអំឡុងពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៤នោះ ក៏មានសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំគួរឲ្យកត់សម្គាល់ផងដែរ ជាក់ស្តែងកាលពីពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ថ្មីៗនេះ សមត្ថកិច្ចនៅក្នុងខេត្តព្រះសីហនុ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ហើយបានឃាត់ខ្លួនជនល្មើសបានចំនួន០៣នាក់ ដែលសុទ្ធតែជាជនជាតិចិន។ នៅប្រក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានដកហូតយកគ្រឿងញៀនចំនួន០២គីឡូ និង២២៨,១៦ក្រាម, សារធាតុគីមីផ្សំចំនួន១១គីឡូ និង៩៩៦ក្រាម។

ទន្ទឹមនឹងនោះដែរ សមត្ថកិច្ចនគរបាលនៅខេត្តស្វាយរៀង ក៏បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ហើយឃាត់ខ្លួន បានលក់ចំនួន១៥នាក់ដែរ ដែលសុទ្ធសឹងជាជនជាតិវៀតណាម ក្នុងនោះបានចាប់យកនូវគ្រឿងញៀនចំនួន០៣គីឡូ និង៦៦,៤១ក្រាម អាវុធចំនួន០៤ដើម រថយន្តមួយគ្រឿង និងម៉ូតូចំនួន០៤គ្រឿង។

សូមជម្រាបជូនដែរថា ការបង្ក្រាបគ្រឿងញៀននេះ គឺក្រសួងមហាផ្ទៃបានដាក់ជាការងារអាទិភាពនៅក្នុងទិសដៅតាំងពីដើមអាណត្តិមក ក្នុងចំណោមទិសដៅ០៦អាទិភាព គឺមានគ្រឿងញៀនមួយនៅក្នុងនោះ ដែលជាទិសដៅទីមួយផងដែរ ហើយឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺលោកបានដាក់វិធានការរឹតបន្តឹង បញ្ហាបង្រ្កាបគ្រឿងញៀននេះ នៅតាមបន្ទាប់ព្រំដែន ដើម្បីកុំឲ្យវាហូរចូលមកក្នុងផ្ទៃប្រទេសឬក៏ឆ្លងកាត់កម្ពុជាយើង ក្នុងនោះមានការរឹតបន្តឹងព្រំដែនគោក ព្រំដែនទឹក និងព្រំដែនអាកាស។

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបន្ថែមថា ក្នុងចំណោមច្រកព្រំដែនទាំងបីបច្ចុប្បន្ននេះ មានតែព្រំដែនគោកទេ ដែលការចរាចរណ៍គ្រឿងញៀនច្រើនជាងគេ អាចចូលច្រើនប្រមាណជា៨០%បើធៀបនឹងចំណោមច្រកទាំងបី ខណៈតាមព្រំដែនអាកាសហាក់មាន គឺបានថមថយគួរកត់សម្គាល់៕

អត្ថបទ៖ សង្គម

Share.