កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ រដ្ឋបាលលោក ចូ បៃដិន បានដកវិទ្យាស្ថានវិទ្យាសាស្រ្តកោសល្យវិច្ច័យ នៃក្រសួងសន្តិសុខសាធារណៈចិន ចេញពីបញ្ជីទណ្ឌកម្មពាណិជ្ជកម្ម ដែលជាផ្នែកមួយនៃការតថ្លៃ ដើម្បីបញ្ចុះបញ្ចូលទីក្រុងប៉េកាំង ឱ្យគិតគូបន្ថែមទៀតលើការបញ្ឈប់ ការនាំចូលសារធាតុញៀន ឈ្មោះ ហ្វេនតានីល (fentanyl) ចូលទៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ធ្លាប់បានរាយការណ៍ថា វិទ្យាស្ថាននេះនឹងត្រូវដកចេញពីបញ្ជីទណ្ឌកម្ម ខណៈលោក បៃដិន បានស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីទីក្រុងប៉េកាំង ពាក់ព័ន្ធសារធាតុ fentanyl នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីថ្ងៃពុធ នៅទីក្រុង San Francisco ក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រជុំ មេដឹកនាំប្រទេសមហាអំណាចទាំង២ បាន​ឯកភាព​គ្នា​ក្នុង​ការ​បង្កើត​ក្រុម​ការងារ​លើ​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​គ្រឿងញៀន។

លោកស្រី Rayhan Asat មេធាវីការពារ​​​​​​សិទ្ធិជនជាតិភាគតិច អ៊ូហ្គ័រ (Uyghurs) បាននិយាយថា លោកស្រីទទួលស្គាល់ពីបញ្ហាសំខាន់ដែលបង្កឡើងដោយសារធាតុ fentanyl ប៉ុន្តែការសម្រេចចិត្តរបស់រដ្ឋបាលសហរដ្ឋអាមេរិក បានធ្វើឱ្យកើតជាសំណួរថា អាមេរិក ពិតជាប្ដេជ្ញាចិត្តចង់ដោះស្រាយការរំលោភសិទ្ធិរបស់ចិន ដែរឬទេ។

គួររំលឹកថា ទីក្រុងវ៉ាស៊ីនតោន បានដាក់វិទ្យាស្ថាននេះក្នុងបញ្ជីទណ្ឌកម្មនៅឆ្នាំ២០២០ ជុំវិញការរំលោភបំពានលើជនជាតិ អ៊ូហ្គ័រ (Uyghurs) និងក្រុមជនជាតិភាគតិចផ្សេងទៀត ដោយចិនរារាំង មិនឱ្យទទួលបានទំនិញភាគច្រើនពីអ្នកផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក។

អតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក លោក Qin Gang នៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំមុនបានលើកឡើងថា «វាជាការភ្ញាក់ផ្អើល ដែលសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មវិទ្យាស្ថាននេះ ព្រោះវិទ្យាស្ថាននេះមានសារៈសំខាន់ក្នុងការគ្រប់គ្រងថ្នាំ fentanyl»។ ប៉ុន្ដែស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា ការទប់ស្កាត់សារធាតុញៀន fentanyl «មុនគេ» គឺជាអាទិភាពមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន ខណៈអត្រានៃការស្លាប់ដោយសារប្រើថ្នាំស្ពឹក ឬ ថ្នាំបំបាត់ការឈឺចាប់លើសកម្រិត ដែលភាគច្រើនពាក់ព័ន្ធនឹងថ្នាំនេះ បានកើនឡើងជាង៣ដង បើគិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១៕

ប្រភព៖ CNA

Share.