សហព័ន្ធខ្មែរកីឡាហាប់គីដូ បានរៀបចំមហាសន្និបាតវិសាមញ្ញបញ្ចប់អាណត្តិទី៧ និងបន្តអាណត្តិទី៨ ២០២៤-២០២៨ ក្រោមអធិបតីភាពឧកញ្ញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ រួម​ជា​មួយ​ថ្នាក់ដឹក​នាំ កីឡាករ-កីឡាការិនី និងអ្នកសារព័ត៌មានជាច្រើន។ មហាសន្និបាត ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិក(NOCC)។

ថ្លែងក្នុងពិធីមហាសន្និបាតវិសាមញ្ញបញ្ចប់អាណត្តិទី៧ និងបន្តអាណត្តិទី៨ លោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ ដែលបានជាប់ឆ្នោតបន្តអាណត្តិទី៨ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការ ក្នុង​ការរៀបចំការប្រកួត និងអភិវឌ្ឍ​វិស័យ​កីឡាហាប់គីដូ ឱ្យកាន់តែមានភាពរីកចម្រើនក្នុងថ្នាក់ជាតិ និងអន្តរជាតិ។

លោកឧកញ៉ា សៅ សេងហាក់ បាន​បង្ហាញ​ការប្តេជ្ញាចិត្តក្នុង​ការបន្តបេសកកម្មសម្រាប់អាណត្តិទី៨ មានចំនួន​ ៤ចំណុចសំខាន់ៗរួមមាន៖

១.យើងខ្ញុំសូមប្ដេជ្ញាចិត្តនឹងរៀបចំការប្រកួតជ្រើសរើសជើងថ្នាក់ជាតិឱ្យបានរៀងរាល់ឆ្នាំ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាហាប់គីដូនេះឱ្យកាន់តែមានភាពរីកចម្រើនក្នុងថ្នាក់ជាតិ និងអន្តរជាតិ។

ទី២.ប្តេជ្ញានឹងបន្តជំរុញទាំងការងាររដ្ឋបាល បណ្តុះបណ្តាល និងផលិតនូវធនធានមនុស្សឱ្យកាន់តែរីកចម្រើនជាលំដាប់ សម្រាប់ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ស្របតាមគោលការណ៍សហព័ន្ធជាសកល។

ទី៣.សហព័ន្ធត្រៀមបញ្ជូនក្រុមកីឡាករ-កីឡាការិនី ដើម្បីចូលរួមប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក (World LH.F Hapkido Championship 2024) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នៅខេត្តនុនថាបុរី ប្រទេសថៃ។

ទី៤.សហព័ន្ធនឹងពង្រីកវិសាលភាពឱ្យទៅដល់បណ្តាខេត្ត និងចាប់យកឱកាសចេញទៅចូលរួមប្រកួត នៅក្រៅប្រទេសឱ្យបានច្រើនតាមដែលលទ្ធិភាពដែលយើងអាចធ្វើទៅបាន ដើម្បីបង្កើតស្នាដៃ និងលើកិត្យានុភាពហាប់គីដូកម្ពុជារបស់យើងឱ្យកាន់តែល្បីល្បាញទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។

ក្នុង​នោះ​ដែរលោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ថាការងារសម្រាប់សហព័ន្ធខ្មែរកីឡាហាប់គីដូ ក្នុងអាណត្តិទី៧ គឺទទួលបានផ្លែផ្កាល្អ ក្រោមការជួយជ្រោមជ្រែងពីគណៈកម្មការប្រតិបត្តិ និងការខិតខំប្រឹងប្រែងសាមគ្គីកម្លាំងទាំងអស់គ្នា។ លោកអគ្គលេខាធិការបន្តថា យ៉ាងណាសហព័ន្ធនឹងបន្តឆន្ទៈរួមដើម្បីកសាងសមត្ថភាពអត្តពលិកហាប់គីដូ ត្រៀមចូលរួមការប្រកួតនានាទាំងឆាកអន្តរជាតិ និងថ្នាក់ជាតិ សម្រាប់គោលដៅអាណត្តិទី៨ នេះ។

ក្រោយ​បញ្ចប់ការបោះឆ្នោតសម្រេច និងរៀមចំមហាសន្និបាតវិសាមញ្ញបញ្ចប់អាណត្តិទី៧ និងបន្តអាណត្តិទី៨ ២០២៤-២០២៨ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ រួច​មក សម្រាប់សមាសភាពគណៈ​កម្មាធិការប្រតិបត្តិអាណត្តិថ្មី ២០២៤-២០២៨ របស់សហព័ន្ធខ្មែរកីឡាហាប់គីដូ មានដូចជា៖

លោកឧកញ៉ា សៅ សេងហាក់ ប្រធាន អមដោយអនុប្រធាន៥រូប រួមមានឯកឧត្តម ជា បូរ៉ា, លោកឧត្តមសេនីយ៍ត្រី ផាត់ សុភា, លោក គួច ហុងជៀក, លោក ទេព វីរៈ និងលោក សែ តារា។ លោកវរសេនីយ៍ឯក គង់ ចាន់ធីណា អគ្គលេខាធិការ អមដោយអគ្គលេខាធិការង២រូប និងអគ្គហេរញ្ញិក អគ្គហេរញ្ញិករង និងសមាជិក ដែលមានចំនួនសរុប ១៥រូប៕

Share.