ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានទៅដល់ប្រទេសជប៉ុននាថ្ងៃ ព្រហស្បតិ៍ ដោយសម្លឹងរកមើលការបើកទំព័រថ្មី នៃទំនាក់ទំនងរវាងប្រទេសទាំង២ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុង ព្យុងយ៉ាង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ មីនា ឆ្នាំ ២០២៣។

ការធ្វើដំណើររបស់លោក Yoon ធ្វើឡើងបន្ទាប់ពីទីក្រុង សេអ៊ូល ក្នុងខែនេះ បានប្រកាសពីផែនការផ្ដល់សំណងដល់ជនរងគ្រោះដែលត្រូវបង្ខំឲ្យធ្វើការគ្រប់បែបយ៉ាងកាលពីសម័យសង្រ្គាមរបស់ប្រទេស ជប៉ុន ដោយមិនមានការពាក់ព័ន្ធដោយផ្ទាល់ណាមួយពីទីក្រុង តូក្យូ ឡើយ។

យោងតាមរបាយការណ៍មួយបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះអាចបង្ហាញពីការចាប់ផ្ដើមឡើងវិញនៃទំនាក់ទំនងការទូតរួម ទាំងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) អាចអញ្ជើញលោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយូល (Yoon Suk-yoel) ចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា (Hiroshima) ក្នុងខែ ឧសភា ខាងមុខ បន្ទាប់មកនឹងធ្វើដំណើរទស្សនកិច្ចនៅទីក្រុង សេអ៊ូល។

ចាប់តាំងពីការបោះឆ្នោតរជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំមុន លោក Yoon បានបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងឡើងវិញជាមួយប្រទេសជប៉ុន គឺជា អាទិភាពកំពូល។ លោកបានចាត់ទុកធ្វើដំណើររយៈពេល២ថ្ងៃ ដែលនឹងរួមបញ្ចូលកិច្ចប្រជុំកំពូលមេដឹកនាំពេញលក្ខណៈលើកដំបូងរវាងភាគីទាំង២ ក្នុងរយៈពេល ១២ឆ្នាំនេះថាជា «ជំហានឆ្ពោះទៅមុខដ៏សំខាន់»។

លោក Yoon បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ AFP និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតក្នុងសប្តាហ៍នេះថា «ខ្ញុំមានទំនុកចិត្តថា រដ្ឋាភិបាលជប៉ុននឹងចូលរួមជាមួយយើងក្នុងការបើកទំព័រថ្មីនៃទំនាក់ទំនងកូរ៉េ-ជប៉ុន»។ លោកបន្ថែមថា «ខ្ញុំសង្ឃឹមថា ប្រជាជននៃប្រទេសយើងទាំង២ នាពេលនេះ នឹងឈានទៅមុខជាមួយគ្នាឆ្ពោះទៅអនាគត ជាជាងប្រឈមមុខនឹងអតីតកាល»។

នៅក្នុងដំណើរទស្សនកិច្ច លោក Yoon នឹងត្រូវជួបពិភាក្សារការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) សៀលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅតូក្យូ) ដើម្បីបើកទំព័រថ្មី នៃទំនាក់ទំនងរវាងប្រទេសទាំង២ នៅចំពោះការរីកចម្រើនទៅមុខនៃកម្មវិធីមីស៊ីល និង អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

សូមជម្រាបថា ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងនេះ ជាការបាញ់សាកល្បងមីស៊ីលលើកទី៣ នៅក្នុងសប្ដាហ៍នេះ ដែលជាការប្រឈមផ្នែកសន្ដិសុខក្នុងតំបន់ និងបានរុញច្រានទីក្រុង សេអ៊ូល និង ទីក្រុង តូក្យូ ឈានទៅរកការដោះស្រាយភាពខុសគ្នា និង បង្កើនទំនាក់ទំនងរួបរួមគ្នា៕

ប្រភព៖ CNA

Share.