សិល្បៈ​ជាតិ​៖ ក្រោយ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​មន្ទិល​ និង​សង្ស័យចំពោះ​ជោគវាសនា​របស់​បេក្ខភាព​តំណាង​កម្ពុជា កញ្ញា ឈុំ ចាន់ដារ៉ា​ តើ​បាន​ទៅ​ប្រកួត​ដូច​ក្ដីប៉ងប្រាថ្នា​ដែរ​ឬយ៉ាងណា​នោះ​ ទីបំផុត​ទំព័រហ្វេសប៊ុក​ផ្លូវ​ការ​របស់​កម្មវិធី​ក្រោម​ការ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ មហាហង្ស​បាន​ចេញ​មក​ប្រកាស​ជា​ផ្លូវការ​ហើយ​។

យោង​តាម​សេចក្ដីប្រកាស​កាល​ពី​ម្សិលមិញ​នេះ​ បាន​ឱ្យ​ដឹង​យ៉ាង​ដូច្នេះ​៖ «ដោយមានការយឺតយ៉ាវ VISA ចំនួន2ថ្ងៃដើម្បីចេញទៅប្រកួតនៅ Poland ភាគីខាងម្ចាស់កម្មវិធី និងបេក្ខភាព បានឯកភាពគ្នាមិនបញ្ជូនបេក្ខភាពចេញទៅប្រកួតទេ នេះជាការសម្រេចចិត្តរបស់ភាគីទាំងពីរ។»

មែនទែន​ទៅ​បញ្ហា​វីសានេះ គឺជា​បញ្ហា​ដដែល​ជា​ដដែល​ ដែល​ហ្វេនៗ​ជា​អ្នក​គាំទ្រ​បាន​ឮមក​ជា​រឿយ​ៗ ហើយ​បាន​ចោទ​ជា​សំនួរ​ត្រលប់​ទៅវិញ​ថា ប្រសិន​បើដឹងថា​នឹង​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ណា កាល​បរិច្ឆេទ​ប្រកួត​ក៏​បានដឹង​ ចុះ​ហេតុអ្វី​មិន​ព្រម​ត្រៀម​ឯកសារ​ លិខិត​ពាក់ព័ន្ធ ចាំ​បាច់​អី​ជិត​ដល់​ពេល​កំណត់​រត់​ឆោឡោ ហើយ​តាំង​ប្រកាស​ថា​ទទួល​បាន​ វីសា យឺត ទៅ​ប្រកួត​មិន​បាន​ ។ល។

​នេះ​គឺជា​រឿងដ៏គួរ​ឱ្យ​សោកស្ដាយ​មួយដែរ ដែល​បេក្ខភាព​កម្ពុជា​មិន​បាន​ចេញ​ទៅ​ប្រកួត ព្រោះ​ស្រីស្អាតរបស់​យើង​ទទួល​បាន​ពិន្ទុ​ពេញ​ដោយ​បាន​ក្លាយ​ជា​ #MissInfluencer Opportunity ដែល​បាន​បើក​ឱកាស​ឱ្យ​បេក្ខភាព​តំណាង​កម្ពុជា​រូប​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​តាមដាន​ជុំវិញ​ពិភពលោក ហើយ​ឱកាស​នឹង​បាន​ចូល​ដល់​ Top ក៏​មាន​ពន្លឺ​ដែរ ខណៈ​ដែល​អ្នក​ខ្លះទៀត​លើកឡើងថា ទៅយឺត​ក៏​ប្រសើរ​ជាង​មិន​បាន​ទៅដែរ ព្រោះ​ស្ដាយ​ការ​ខិតខំ និង​សមត្ថភាព​របស់​បេក្ខភាព​៕

Share.