កន្លងមកថ្មីៗនេះ មានការវែកញែកជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុកអំពីភាពយន្ដឯកសារបែបរន្ធត់លោះព្រលឹងមានចំណងជើងថា «អាពាហ៍ពិពាហ៍៩៣» ឬ Wedding 93 ។ ភាពយន្ដនេះមានរយៈពេល ១ម៉ោង១១នាទី ដែលអ្នកដឹកនាំរឿង និងរៀបចំវីដេអូភាពយន្ដនេះគឺ លោក Paul Zagaris ជា Producer។
![](https://troryorng.com/wp-content/uploads/2021/11/595659595656.jpg)
ភាពយន្ដនេះ ត្រូវបានអ្នកដឹកនាំរឿងទិញខ្សែអាត់វីដេអូក្នុងហេតុការណ៍នៃថ្ងៃរៀបអាពាហ៍ពិពាហ៍នៅទីជនបទក្នុងប្រទេសកម្ពុជា នាអំឡុងឆ្នាំ ១៩៩៣ រវាងកូនកម្លោះអ្នកមានឈ្មោះថា បុល និងកូនក្រមុំឈ្មោះថា រ៉ា។ ភាពយន្ដទាំងស្រុងនៅមិនទាន់បង្ហាញខ្លួននៅផ្ទាំងក្រណាត់សក្នុងរោងភាពយន្ដនៅឡើយទេ ក៏ប៉ុន្ដែបានចូលរួមបង្ហាញខ្លួនក្នុងមហោស្រពភាពយន្ដដ៏ធំមួយនៅសហរដ្ឋអាមេរិក កាលពីអំឡុងខែ តុលា ឆ្នាំ២០២១នេះ។
បើមើលតាមវីដេអូ Trailer គេបានដឹងសាច់រឿងថា នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍រវាងកូនកំឡោះ បុល និងកូនក្រមុំ រ៉ា ហេតុការណ៍ចម្លែកមួយបានកើតឡើងចំពេលធ្វើពិធីសំពះផ្ទឹម។ ភ្លាមៗកូនក្រមុំមានចាប់ផ្ដើមបង្ហាញទឹកមុខចម្លែក ភ្នែកកាត់ឡើងលើ រាងកាយប្រកាច់ៗ ផ្អើលអស់អ្នកនៅក្នុងកម្មវិធីទាំងមូល។ គ្រប់គ្នាជឿថា កូនក្រមុំមានព្រលឹងចូលសណ្ឋិតក្នុងខ្លួននាង។
បន្ទាប់មក នាងបានរត់ចេញចោលរោងការ រួចឡើងដើមឈើធំមួយ អង្រួនសឹងបាក់ដើម និងសម្លក់សំឡឹងមកក្រោមដោយកែវភ្នែកគួរឱ្យខ្លាច។ អ្នកចូលរួមក្នុងពិធី ព្រមទាំងក្រុមគ្រួសារទាំងសងខាង ក៏ដូចជាអ្នកផង បាននាំគ្នាតាមចាប់នាងត្រឡប់ទៅផ្ទះ ប៉ុន្តែចុងបញ្ចប់មិនទាន់ដឹងទៅជាយ៉ាងណានៅឡើយ។
![](https://troryorng.com/wp-content/uploads/2021/11/5995268989.jpg)
បើយោងតាមហ្វេសប៊ុក Wedding 93 និង គេហទំព័រ IMDB បានបង្ហាញឱ្យឃើញថា ភាពយន្ដ «អាពាហ៍ពិពាហ៍៩៣» ឬ Wedding 93 ជាប់លំដាប់ទី១ ក្នុងចំណោមភាពយន្ដខ្មែរមានអ្នកស្វែងរកច្រើនជាងគេ និងរងលំដាប់ទី៤ នៃភាពយន្ដបែបរន្ធត់ក្នុងចំណោមភាពយន្ដបរទេស។
គួរបញ្ជាក់ឱ្យដឹងបន្ថែមថា ភាពយន្ដឯកសារមួយនេះ ត្រូវបានអ្នកគាំទ្ររំពឹងថា នឹងមានការចាក់បញ្ចាំងនៅក្នុងរោងភាពយន្ដក្នុងប្រទេសកម្ពុជា ក៏ដូចជាទទូចឱ្យមានការដាក់បញ្ចាំងនៅក្នុង Netflix ផងដែរ៕
![](https://troryorng.com/wp-content/uploads/2021/11/MV5BZjliNjNlM2YtNTI5NS00NTRhLWI2NTItODBiYWU5NDEyOWZlXkEyXkFqcGdeQXVyNTI4NDA0NjQ@._V1_.jpg)