ជនជាតិប៉ាឡេស្ទីនប្រហែល ៥០០នាក់ត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះនៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Gaza កាលពីថ្ងៃអង្គារ ដែលមន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន បានស្តីបន្ទោសគ្នាទៅវិញទៅមក ហើយបានបញ្ឆេះឱ្យមានការតវ៉ានៅតំបន់ West Bank និងជុំវិញមជ្ឈឹមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។
អាជ្ញាធរសុខាភិបាល នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បណ្តាលឱ្យមានការបំផ្ទុះនេះកើតឡើង ខណៈយោធាអ៊ីស្រាអែលសន្មតថា វាជាការបាញ់គ្រាប់រ៉ុក្កែត ដោយក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាមប៉ាឡេស្ទីន។
មេដឹកនាំការពារជនស៊ីវិល នៅតំបន់ហ្គាហ្សាបាននិយាយថា មនុស្ស ៣០០នាក់ត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះនេះ ខណៈមន្ត្រីក្រសួងសុខាភិបាលបាននិយាយថា មនុស្ស ៥០០នាក់ត្រូវបានសម្លាប់។ យ៉ាងណាម៉ិញ គេមិនទាន់ដឹងទេថា តើក្រុមណាជាអ្នកទទួលខុសត្រូវចំពោះការបំផ្ទុះដ៏កក្រើកនេះ។
មុនពេលការបំផ្ទុះកាលពីថ្ងៃអង្គារនេះ អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣,០០០នាក់បានស្លាប់ នៅក្នុងការទម្លាក់គ្រាប់បែករយៈពេល ១១ថ្ងៃរបស់អ៊ីស្រាអែល បន្ទាប់ពីការវាយលុករបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទៅលើសហគមន៍អ៊ីស្រាអែលភាគខាងត្បូង ដែលមនុស្ស ១,៣០០នាក់ត្រូវបានសម្លាប់ និងប្រហែល ២០០នាក់ត្រូវបានចាប់ចូលទៅក្នុងហ្គាហ្សា ដើម្បីធ្វើជាចំណាប់ខ្មាំង។
ការបំផ្ទុះនេះ បានកើតឡើងនៅមុនថ្ងៃនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញការគាំទ្រសម្រាប់ប្រទេសនៅក្នុងសង្គ្រាមរបស់អ៉ីស្រាអែលជាមួយក្រុមហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប និងដើម្បីស្តាប់ពីរបៀបដែលអ៊ីស្រាអែលគ្រោងកាត់បន្ថយការស្លាប់ និងរងរបួសរបស់ជនស៊ីវិល ដោយគោលបំណងរបស់សហរដ្ឋអាមេរិក គឺដើម្បីរក្សាជម្លោះកុំឲ្យរីករាលដាល។
តំបន់ហ្គាហ្សា ដែលជាតំបន់មានប្រជាជនរស់នៅចំនួន ២.៣លាននាក់ ត្រូវបានគ្រប់គ្រង និងមានការរឹតត្បិតតាំងពីឆ្នាំ២០០៦ ដោយក្រុមហាម៉ាស់ ដែលជាក្រុមអ៊ីស្លាមនិយម៕