រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយសមភាគីកូរ៉េខាងត្បូងកាលពីថ្ងៃ ព្រហស្បតិ៍ ថា រាល់ការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក ឬ ប្រទេសផ្សេងទៀតនឹងនាំឲ្យរបបលោក គីម ដល់ទីបញ្ចប់។ សេចក្ដីថ្លែងការណ៍នេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុង ព្យុងយ៉ាង បានសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយ ដែលជាហេតុបង្កើនភាពតានតឹងក្នុងតំបន់ម្ដងទៀត នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Politico នាថ្ងៃ សុក្រ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២២។

លោក Austin បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយ លោក Lee Jong-sup ថា «រាល់ការវាយប្រហារនុយក្លេអ៊ែរប្រឆាំងនឹងសហរដ្ឋអាមេរិក ឬ សម្ព័ន្ធមិត្ត និង ដៃគូរបស់ខ្លួន រួមទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរដែលមិនមែនជាយុទ្ធសាស្រ្តផងដែរនោះ គឺមិនអាចទទួលយកបានឡើយ ហើយនឹងនាំឲ្យរបបរបស់ លោក គីម ឈានដល់ទីបញ្ចប់» នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមដែលចេញផ្សាយដោយក្រសួងការពារជាតិអាមេរិក។

ទាក់ទិននឹងបញ្ហានេះ ទាំងលោក Austin និង លោក Lee បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា ពួកគេមានការព្រួយបារម្ភអំពីការបាញ់មីស៊ីលនាពេលថ្មីៗនេះ របស់ទីក្រុង ព្យុងយ៉ាង។

លោក Austin បាននិយាយថា ការធ្វើតេស្ដកំពុងធ្វើឲ្យមានអស្ថិរភាពដល់តំបន់ ហើយបានអំពាវនាវឲ្យទីក្រុង ព្យុងយ៉ាង បញ្ឈប់សកម្មភាពប្រភេទនោះជាបន្ទាន់ ហើយចាប់ផ្ដើមចូលរួមក្នុងការសន្ទនាយ៉ាងយកចិត្តទុកដាក់។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា មន្ទីរបញ្ចកោណបច្ចុប្បន្នមិនមានគម្រោងផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួននៅក្នុងតំបន់នោះទេ។

កិច្ចប្រជុំនេះធ្វើឡើងចំពេលដែលទីក្រុង ព្យុងយ៉ាង បន្ដបង្កការខឹងសម្បារពីប្រទេសជិតខាងប៉ាស៊ីហ្វិករបស់ខ្លន ជាមួយនឹងការបាញ់មីស៊ីលមិនដកដៃរយៈពេលជាច្រើនថ្ងៃ។ ការធ្វើតេស្ដមីស៊ីលជុំថ្មី ដែលបានកើតឡើងនៅព្រឹកថ្ងៃ ព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) ហាក់បីដូចជាមានរួមបញ្ចូលមីស៊ីលផ្លោងអន្តរទ្វីបដែរ ប៉ុន្ដែបរាជ័យ។

រដ្ឋាភិបាលជប៉ុនដំបូងបានព្រមានថា មីស៊ីលនេះនឹងហោះរំលងប្រទេសជប៉ុន ប៉ុន្ដែក្រោយមកក្រសួងការពារជាតិទីក្រុង តូក្យូ បាននិយាយថា មិនបានកើតឡើងទេ។ មីស៊ីលនេះបានហោះចម្ងាយជាង ៧០០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រនៃប្រទេសជប៉ុន ដែលហោះបានខ្លូជាងការបាញ់បង្ហោះកាលពីខែ មីនា ដែលកាលនោះបានបាញ់មីស៊ីលអន្តរទ្វីបដូចគ្នា។

យ៉ាងណាម៉ិញ មន្រ្តីរដ្ឋបាលលោក ចូ បៃដិន បានស្នើឲ្យជួបសមភាគីកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌជាមុន រួមទាំងកិច្ចប្រជុំដែលមានសក្ដានុពលនៅទីក្រុង ព្យុងយ៉ាង។ ប៉ុន្ដែកូរ៉េខាងជើងនៅមិនទាន់ឆ្លើយតបជាវិជ្ជមានចំពោះការផ្ដល់ជូននេះទេ ហើយជំនួសវិញដោយការបង្កើនអត្រានៃការសាកល្បងអាវុធទៅវិញ។ ខណៈទីក្រុង វ៉ាស៊ីនតោន ទីក្រុង សេអ៊ូល និង ទីក្រុង តូក្យូ រំពឹងថា ទីក្រុង ព្យុងយ៉ាង នឹងធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី ៧ របស់ខ្លួននាពេលខាងមុខ។

សូមជម្រាបថា លោក Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក បានបោះពាក្យសម្ដីព្រមានដល់កូរ៉េខាងជើងកាលពីថ្ងៃទី ០៣ ខែ វិច្ឆិកា ថា​​​ បើសិនរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាងហ៊ានតែប្រើអាវុធនុយក្លេអ៊ែរបាញ់ប្រហារដាក់មកលើសហរដ្ឋអាមេរិក ឬ ក្រុមសម្ព័ន្ធមិត្ត នោះគឺជា ពេលវេលានៃទីបញ្ចប់របស់របបដឹកនាំដោយលោក គីម ជុងអ៊ុន៕

ប្រភព៖ Politico

Share.