ថ្មីៗនេះ ការកើនឡើងនៃជំងឺផ្លូវដង្ហើមនេះ បានក្លាយជាបញ្ហាសកល នៅពេលដែលអង្គការសុខភាពពិភពលោក បានស្នើរសុំព័ត៌មានបន្ថែមពីប្រទេសចិន ដោយលើកឡើងពីរបាយការណ៍ស្តីពីចង្កោមនៃជំងឺរលាកសួតដែលមិនបានធ្វើរោគវិនិច្ឆ័យចំពោះកុមារនៅភាគខាងជើងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ចុចអាន៖ ចិនប្រាប់WHO ថា គ្មានមេរោគបង្កជំងឺចម្លែក ឬការផ្ទុះឡើងនៃជំងឺរលាកសួតទេ..!

មន្ត្រីអង្គការសុខភាពពិភពលោក បាននិយាយសារជាថ្មីថា ការរីករាលដាលនៃជំងឺផ្លូវដង្ហើមដែលប្រទេសចិនកំពុងជួបប្រទះនាពេលនេះ គឺមិនហក់ឡើងខ្ពស់ដូចមុនការរាតត្បាតនៃជំងឺកូវីដ-១៩នោះទេ ដោយមន្ត្រីអង្គការសុខភាពពិភពលោក បន្ថែមថា គ្មានមេរោគឆ្លងថ្មី ឬមានជំងឺចម្លែកត្រូវបានរកឃើញនៅក្នុងករណីថ្មីៗនោះទេ។

លោកស្រី Maria Van Kerkhove នាយកស្តីទីនៃនាយកដ្ឋានគ្រប់គ្រង និងបង្ការជំងឺរាតត្បាតរបស់ WHO បាននិយាយថា ការកើនឡើងនេះហាក់ដូចជា មានជាប់ពាក់ព័ន្ធនឹងការកើនឡើងនៃចំនួនកុមារដែលបានឆ្លងមេរោគ ដែលការរឹតត្បិតប្រឆាំងកូវីដ១៩ រយៈពេល២ឆ្នាំ បានជួយបង្ការពួកគេពីមេរោគទាំងនោះ។

លោកស្រី Van Kerkhove បានប្រាប់សារព័ត៌មានសុខភាព STAT ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រថា «យើងត្រូវស្នើសុំឱ្យធ្វើការប្រៀបធៀបទៅនឹងមុនពេលផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ១៩ ហើយបញ្ហាដែលចិន កំពុងជួបប្រទះ គឺមិនស្ថិតនៅកម្រិតខ្ពស់ដូចដែលបានឃើញអំឡុងឆ្នាំ២០១៨-២០១៩ នោះទេ»។

លោកស្រីន្តថា «មិនមានសញ្ញាបញ្ជាក់ពីការផ្ទុះឡើងនូវមេរោគថ្មីនោះទេ ហើយនេះជាអ្វីដែលត្រូវបានរំពឹងទុក ពោលគឺនេះជាអ្វីដែលបណ្ដាប្រទេសភាគច្រើន បានប្រឈមមុខដោះស្រាយអស់រយៈពេល១ឆ្នាំ ឬ២ឆ្នាំមកនេះ»។

ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យគណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិន លោក Mi Feng បាននិយាយកាលពីថ្ងៃអាទិត្យថា «ការកើនឡើងនៃជំងឺផ្លូវដង្ហើម ដ៏ស្រួចស្រាវនេះ បណ្ដាលមកពីមេរោគដែលគេបានស្គាល់រួចហើយ ជាពិសេសគឺមេរោគបង្កជំងឺ influenza។ ការកើនឡើងនេះ បានក្លាយជាបញ្ហាសកលកាលពីសប្តាហ៍មុន នៅពេលដែលអង្គការសុខភាពពិភពលោកបានស្នើសុំការពន្យល់បន្ថែមពីប្រទេសចិន ដោយដកស្រង់របាយការណ៍ស្តីពីចង្កោមនៃជំងឺរលាកសួតដែលមិនបានធ្វើរោគវិនិច្ឆ័យលើកុមារដោយកម្មវិធីសម្រាប់តាមដានជំងឺដែលកំពុងកើតមាន»។

ទាក់ទិននឹងបញ្ហានេះ WHO កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ក៏បានបញ្ជាក់ដែរថា មិនមានករណីផ្ទុះឡើងនូវមេរោគថ្មី ឬមេរោគចម្លែកណាមួយដែលគេមិនស្គាល់ត្រូវបានរកឃើញនោះដែរ៕

ប្រភព៖ CNA

Share.