សមាជិក​​លីគ​កំពូល​​កម្ពុជា Cambodian Premier League ក្លិប​វិសាខា នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ​២០២៤ បាន​​ប្រកាស​តែងតាំង​គ្រូ​បង្វឹក​ថ្មី​​គឺ​លោក Jurgis Kalns ជនជាតិ​ឡាតវី មក​ពី​ទ្វីប​អឺរ៉ុប ខណៈ​មុន​​មក​ប្រកប​អាជីព​នៅ​កម្ពុជា បុរស​វ័យ​​៤១​ឆ្នាំ​រូប​នេះ​ បាន​ដឹកនាំ​ក្លិប Valmiera លើក​ពានរង្វាន់​លីគ​កំពូល​ក្នុង​ប្រទេស​ខ្លួន ក្នុង​រដូវកាល​​២០២២។

ក្នុង​នាម​ជា​ម្ចាស់​ជើង​ឯក​​ ក្រុម Valmiera បាន​តំណាង​ឱ្យ​ប្រទេស​ឡាតវី ឡើង​ទៅ​ជម្រុះ​ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Champions League រដូវកាល​២០២៣-២៤ ក្នុង​វគ្គ Qualification Round 1 តែ​​បាន​ចាញ់​ក្រុម Olympia Ljubljana មក​ពី​ប្រទេស​ស្លូវ៉ានី ទាំង​២ជើង​ដោយ​លទ្ធផល​ ៤-២។ បរាជ័យ​វគ្គ​ជុំទី២​នេះ ធ្វើ​ឱ្យ​ក្រុម Valmiera បន្ត​ទទួល​កូតា​ពានរង្វាន់​ទ្វីប​អឺរ៉ុប UEFA European Conference League រដូវកាល​២០២៣-២៤ ដោយ​យក​ឈ្នះ​ក្រុម Tre Penne មក​ពី​ប្រទេស​សាន់ម៉ារីណូ ទាំង​២ជើង​ដោយ​លទ្ធផល ១០-០ តែ​ចាញ់​ក្រុម Partisans មក​ពី​ប្រទេស​អាល់បានី ទាំង​២​ជើង​ដោយ​លទ្ធផល ៣-១។

លោក Jurgis Kalns កើត​ក្នុង​ប្រទេស​សហភាព​សូវៀត ប៉ុន្តែ​ក្រោយ​សហភាព​សូវៀត ដួលរលំ ​ប្រទេស​របស់​លោក​បាន​ប្រកាស​ឯករាជ្យ​ភាព​​ទៅ​ជា​ប្រទេស​ឡាតវី។ កាល​នៅ​ជា​កីឡាករ​លោក​ជា​ខ្សែ​ប្រយុទ្ធ​ ឆ្នើម​១​រូប​ព្រម​ទាំង​​ធ្លាប់​ជើង​​ឯក​រង​លីគ​កំពូល​​ក្នុង​ប្រទេស​​ខ្លួន​២​ឆ្នាំ​ជាប់​គ្នា​នៅ​ឆ្នាំ​២០០៣,២០០៤ និង​ឈ្នះ​លេខ​៣​នៅ​រដូវកាល​ឆ្នាំ​២០០១ និង​២០០២ នៅ​ក្លិប FK Liepājas Metalurgs។ នៅ​ឆ្នាំ​២០០៨ លោក​ក៏​ជា​ផ្នែក​ជួយ​ឱ្យ​ក្លិប FK Ventspils លើក​ពាន​លីគ​កំពូល​ឡាតវី ផង​ដែរ។ រហូត​ដល់​​ចុង​ឆ្នាំ​២០១៥ លោក​បាន​សម្រេច​ព្យួរ​ស្បែក​ជើង​​ក្រោយ​ចប់​កិច្ចសន្យា​ជាមួយ​​ក្លិប​ FK Auda។

ក្រុម Valmiera

ក្រោយ​ចូល​និវត្តន៍​ ក្លិប FK Auda បាន​សម្រេច​ចិត្ត​​តែងតាំង​លោក Jurgis Kalns ជា​គ្រូ​បង្វឹក​​ឱ្យ​ដឹកនាំ​ក្រុម​ចាប់​ពី​រដូវកាល​ ២០១៥ ដល់​២០១៧ ខណៈ​រដូវកាល​២០១៨ លោក​បន្ត​ទៅ​ដឹកនាំ​ក្រុម SK Super Nova ហើយ​នៅ​ឆ្នាំ​២០១៩ និង​២០២០ លោក​ដឹកនាំ​ក្រុម FK Tukums 2000។ ចូល​ដល់​ឆ្នាំ​២០២១ ដល់​ខែ​ ឧសភា ២០២៤ លោក​ដឹកនាំ​ក្រុម Valmiera ទាំង​ចាប់​ពី​គ្រូ​ជំនួយ​ដល់​គ្រូ​បង្វឹក ហើយ​​នៅ​ឆ្នាំ​២០២២ លោក​បាន​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់​លីគ​កំពូល​ប្រទេស​ឡាតវី ជា​លើក​ដំបូង​ក្នុង​ប្រវត្តសាស្រ្ត​ក្លិប​តែ​ម្តង​ ព្រម​ទាំង​ឈាន​ជើង​តំណាង​ប្រទេស​ទៅ​ប្រកួត​​ពានរង្វាន់​នានា ក្នុង​ទ្វីប​អឺរ៉ុប ដូច​បាន​រៀបរាប់​ខាង​លើ។

បច្ចុប្បន្ន​លោក Jurgis Kalns កាន់​អាជ្ញាប័ណ្ឌ​គ្រូ​បង្វឹក UEFA Pro Licence និង​ជា​គ្រូ​បង្វឹក​១រូប និយម​ដឹកនាំ​កូន​ក្រុម​ប្រើ​រូបមន្ត​ប្រកួត 4-3-3។

លោក Jurgis Kalns កាលដឹកនាំក្រុម Valmiera

ក្លិប​វិសាខា ធ្លាប់​ឈ្នះ​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ៣​សម័យកាល​ជាប់ៗគ្នា ព្រម​ទាំង​​ឈ្នះ​ជើង​ឯក​រង​លីគ​កំពូល​កម្ពុជា ២លើក​នៅ​ឆ្នាំ​២០១៩ និង​២០២២ ព្រម​ទាំង​ឈរ​លេខ​៣​ចំនួន​៣រដូវកាល គឺ​នៅ​ឆ្នាំ​២០១៨, ២០២១ និង​២០២៣-២៤។

លោក Jurgis Kalns ជា​គ្រូ​បង្វឹក​ទី៦ ហើយ​នៅ​ក្លិប​វិសាខា ក្រោយ​ឈាន​ជើង​ឡើង​មក​លេង​​នៅ​លីគ​កំពូល​កម្ពុជា ពី​ឆ្នាំ​២០១៨ មក​បន្ទាប់​ពី​លោក ហុក សុជីវ័ន្ត, លោក Colum Curtis ជនជាតិ​អង់គ្លេស លោក Akeeb Tunji Ayoyinka (គ្រូ​បណ្តោះអាសន្ន), លោក Lee Tae Hoon ជនជាតិ​កូរ៉េខាងត្បូង, លោក មាស ចាន់ណា និង លោក Simon McMenemy ជនជាតិ​ស្កុតឡែន ជាដើម៕

Share.