លោកស្រី ទ្រី ដា​ណា ដែល​មហាជន​បាន​ស្គាល់​ថា ជា​ថៅកែ​ហាង​ពេជ្រ និង​បុគ្គល​ល្បីឈ្មោះ​មួយរូប​នៅលើ​អន​ឡាន​ញ។ បន្ទាប់ពី​មានទំនាស់​ឈានដល់​ការប្តឹង​លែងលះ​ស្វាមី មួយរយៈ​មុន​នោះគេ​ឃើញ​អតីត​ស្វាមី បាន​ទៅ​រត់​កោរសក់​បួស​ដើម្បី​ទទួលស្គាល់​កំហុស និង​សុំឱ្យ​ភរិយា​លើកលែងទោស​ដើម្បី​ត្រូវ​គ្នា​វិញ។

ក្រោយមកទៀត លោកស្រី​ដូច​មិនជា​មិន​បើកផ្លូវ​ឱ្យ​អតីត​ស្វាមី នោះឡើយ និង​អត់ទ្រាំ​មិនបាន​ចំពោះ​ក្រុមគ្រួសារ​ខាង​អតីត​ស្វាមី តែងតែ​បន្ត​បំពាន និង​ចោទប្រកាន់ បង្ខូចឈ្មោះ​លោកស្រី ដោយ​ទម្លាក់កំហុស​លើ​លោកស្រី​ជាច្រើន​រឿង ទើប​ថ្មី​នេះ​លោកស្រី​ក៏​ទម្លាយ​រឿង​ដែល​លោក ហ៊ីង បញ្ញា​រិ​ទ្ធ ហៅ​ពូ​ម៉ៅ ជា​អតីត​ស្វាមី​ធ្លាប់ប្រើ​អំពើ​ហឹ​ង្សា​មកលើ​ខ្លួន​ជាច្រើន​ដង​មកហើយ និង​លើកចុងក្រោយ​នេះ គឺ​បាន​វ៉ៃ​លោកស្រី​នៅ​ខេត្តសៀមរាប ដោយបាន​ថតរូប​និង​វីដេអូ​ទុកជា​ភ័ស្តុតាង។

ម្ដងនេះ​ហាក់ដូចជា​ដាច់ចិត្ត​មែនទែន​ហើយ ទើបបានជា​លោកស្រី ទ្រី ដា​ណា បង្ហោះ​សារ​រូបភាព ២សន្លឹក បង្ហាញ​ពី​ស្នាមរបួស​ដោយ​រង​អំពើ​ហឹ​ង្សា និង​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ថា «ស្លាកស្នាម​មិនអាច​បំភ្លេចបាន​ក្នុង​ឆាកជីវិត​នេះ ស្លាកស្នាម​ដែល​ពូ​ម៉ៅ​គាត់​វ៉ៃ​ធ្វើបាប ហើយ​ជា​អ្វីដែល​មិន​ធ្លាប់​ទម្លាយ​ពីមុនមក ក៏​ព្រោះ​គិតពី​កិត្តិយស គិតពី​កូន​ហើយក៏​ខ្មាស​គេ។ នៅ​មានរឿង​ជាច្រើន​ទៀត ដែល​មិនអាច​និយាយ​អស់ ហើយក៏​មិនគួរ​និយាយ​ក្នុងនាម​ជា​មនុស្ស​ស្រី នឹកឃើញ​ពេលណា ទឹកភ្នែក​ហូរ​ស្រក់​ពេលនោះ ព្យាយាម​ធ្វើជា​រឹងមាំ ព្យាយាម​ធ្វើជា​មនុស្ស​ម្នាក់​អស្ចារ្យ លាក់បាំង​ភាពឈឺចាប់​រាប់​ឆ្នាំ។  តែ​ពេលនេះ​មិនអាច​ទ្រាំ​បាន​ទៀត​ទេ ខ្ញុំ​ធ្លាប់​ផ្ដល់ឱកាស​គាត់​ច្រើនដង​ហើយ ក៏​គិត​កិត្តិយស​ខ្លួនឯង​ជា​ស្រី ជា​ម្ដាយ តែ​អ្វីដែល​ទទួលបាន​គឺ​ការឈឺចាប់​ម្ដង​ហើយ​ម្ដងទៀត​ឮ លើក​នេះ ក៏​ខ្ញុំ​សុំ​ចប់​ដោយ​សន្តិភាព​រៀងខ្លួន តែ​គាត់​នៅ​បំពាន បងប្អូន និង​ម្ដាយ​គាត់​នៅតែ​ចោទប្រកាន់​ខ្ញុំ បង្ខូចឈ្មោះ​ខ្ញុំ ទម្លាក់កំហុស​លើ​ខ្ញុំ»។

លោកស្រី ទ្រី ដា​ណា ក៏បាន​រៀបរាប់​ពី​ឈឺចាប់​និង​មានរ​បួ​ស្នាម​លើ​រាងកាយ​បន្ដទៀតថា «ស្លាកស្នាម​លើ​រាងកាយ វា​មិន​ស្មើនឹង​ឈឺចាប់​ក្នុង​ចិត្ត ហើយ​ប្រឹង​ទ្រាំ​ទេ ខ្ញុំ​អាណិត​ពុក​ម៉ែ​ខ្ញុំ ដែល​មិនអាច​ការពារ​ខ្លួនឯងបាន ឱ្យគេ​ធ្វើបាប​បែបនេះ អោយគេ​ធ្វើបាប​រាងកាយ​កូន​ពួកគាត់ ខ្ញុំ​ខុស​អី ខំប្រឹង​គ្រប់បែបយ៉ាង គ្មាន​ពេល​សម្រាក គឺ​ដើម្បី​គ្រួសារ និងកូនៗ ចុងក្រោយ​ទទួល​បានការ​តបស្នង​បែបនេះ។ ខ្ញុំ​ធ្លាប់​ប្រាប់​គាត់​ហើយ បើ​គាត់​ព្រម​ដោះលែង​ខ្ញុំ​ដោយ​សន្តិវិធី យើង​នឹង​រស់​នៅមាន​ក្ដី​សុខ​រៀងខ្លួន តែ​គ្រួសារ បងប្អូន និង​ម្ដាយ​គាត់ មិន​ព្រម​ទេ នៅតែ​តាម​បង្ខូចឈ្មោះ​ខ្ញុំ។ ខ្ញុំ​សុំ​ចុះ យើង​ចប់​គ្នា​ត្រឹមហ្នឹង ឈប់​រករឿង​ខ្ញុំ​ទៀត អាណិតកូន សូម​មនុស្ស​ប្រុស​គ្រប់រូប នឹកឃើញ​ពេល​ស្រលាញ់​ថ្នាក់​ថ្ម​ម​ប្រពន្ធ​ដំបូង​ផង មិនបាន​ច្រើន សុំ​ត្រឹម ៥០% ពេល​ជួប​ដំបូង​ក៏បាន យល់​ពី​អារម្មណ៍​មនុស្ស​ស្រី ផ្ដល់​ការ​អាណិត​ខ្លះ​ផង»។

តាមរយៈ​សំណេរ​ខាងលើនេះ គេ​បាន​ក៏​ដឹងថា លោកស្រី ទ្រី​ដា​ណា បញ្ជាក់​ពី​ជំហរ​ដាច់ខាត​គឺ​មិនអាច​ងាកក្រោយ​វិញ​បានទេ ការរស់នៅ​ម្នាក់ឯង​ដោយ​សប្បាយចិត្ត​ជាង​មាន​គ្នា​គឺជា​ជម្រើស​ល្អ​សម្រាប់​លោកស្រី។ លោកស្រី​បាន​អំពាវនាវ​ឱ្យ​ភាគី​ខាង​អតីត​ស្វាមី រក្សា​ភាពថ្លៃថ្នូ និង​ឈប់​បង្កាច់បង្ខូច​កេ​រ្ដី៍​ឈ្មោះ​របស់​លោកស្រី។ លោកស្រី​ថា ឈប់​ចប់​រឿងរ៉ាវ​ទាំងអស់​ដោយ​សន្តិវិធី ដើម្បី​រស់នៅ​មាន​ក្ដី​សុខរៀងៗខ្លួន៕

Share.