ភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿង គេចពីរថយន្តខាងមុខកំពុងបត់ឆ្លងផ្លូវ ក៏ជ្រុលឡើងសួនទ្រូងផ្លូវ បុកផ្ទប់បង្គោលភ្លើង រងខូចខាត កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវកប់ស្រូវ ចំណុចភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-1437 បើកពីលិចទៅកើត ដល់ចំណុចកើតហេតុ វ៉ាក់អើជាមួយរថយន្តខាងមុខកំពុងបត់ឆ្វេងឆ្លងផ្លូវ ធ្វើឱ្យគេចជ្រុលឡើងសួនទ្រូងផ្លូវ បុកផ្ទប់ បង្គោលភ្លើងបំភ្លឺផ្លូវ រងខូចខាតរថយន្ត រលើងទ្រេតបង្គោលភ្លើង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រួចប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ យករថយន្តទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំដោះស្រាយផលប៉ះពាល់ជាក្រោយ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.