ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានលួចម៉ូតូមួយគ្រឿងចេញពីតំបន់បឹងកក់ រួចបានជិះរត់ក្នុងល្បឿនលឿនដូចហោះ ខណះមកដល់ត្រង់ចំណុចផ្លូវបំបែក មិនបានបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់យ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់ ស្លាប់ភ្លាមៗយ៉ាងអនោចអធម៍ ចំណែកជនសង្ស័យខាងលេី រងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។

ហេតុការណ៍បានកេីតឡេីងនៅវេលាម៉ោង ១:០០ រំលងអធ្រាតឈានចូលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ ព្រះនរោត្ដម កែងនិងផ្លូវ ១៨៤ ស្ថិតក្នុងសង្កាត់ ផ្សារថ្មី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ជា ប៊ុនសេង ឋានន្តរសក្តិ ឧត្តមសេនីយ៍ត្រី មានតួនាទីជាជំនួយការេកឧត្តមនាយក នាយកដ្ឋានព័ត៌មាននៃអគ្គនាយកដ្ឋានយោធាសេវា​ក្រសួងការពារជាតិ នៅស្ថានីទូរទស្សន៍កងយោធពល ខេមរភូមិន្ទ ប៉ុស្តិ៍លេខ៥។

បេីតាមប្រភពព័ត៍មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុជនសង្ស័យម្នាក់បានលួចម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JQ-6829 ចេញពីតំបន់បឹងកក់ រួចបានជិះរត់ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកេីតហេតុខាងលេី ត្រង់ចំណុចផ្លូវបំបែក មិនបានបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CR-1680 ជិះដោយបុរសម្នាក់ យ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់ ស្លាប់ភ្លាមៗយ៉ាងអនោចអធម៍ ។ ចំណែកជនសង្ស័យខាងលេីរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រភ្លាមៗ ។

ប្រភពបានបន្តថា ភ្លាមនោះ ជនរងគ្រោះ ដែលបានបាត់ម៉ូតូនៅក្នុងតំបន់បឹងកក់នោះ ក៏មកដល់កន្លែងកេីតហេតុភ្លាមៗ ផងដែរ ដោយអះអាងថា ម៉ូតូដែលជនសង្ស័យខាងលេីលួចមកនេះ ជាកម្មសិទ្ធិរបស់ខ្លួន ដោយបានយកឯកសារម៉ូតូ មកពិនិត្យ ឃេីញថាត្រឹមត្រូវទាំងអស់។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វេីការវាស់វែង យកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍រាជធានីភ្នំពេញ បណ្ដោះអាសន្ន រហ់ចាំដោះស្រាយតាមនិតិវិធី។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វេីកំណត់ហេតុរួច បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.